នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតឱ្យមន្រ្តីរាជការ ៩រូប ដែលទើបបញ្ចប់ការបណ្ដុះបណ្ដាលវគ្គវិក្រឹតការនៅសាលាភូមិន្ទរដ្ឋបាលដែលការសិក្សាមានរយៈពេល០៩ខែ គឺចាប់ពីថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែធ្នូ ២០២៣ ដោយទទួលបានលទ្ធផលជោគជ័យ បានចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីការសិក្សារបស់ខ្លួន។

នាឱកាសនៃជំនួបសំណេះសំណាល និងសម្តែងការគួរសមនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំល្អជាច្រើន ជាពិសេសបទពិសោធក្នុងជីវិតការងាររបស់លោកជំទាវផ្ទាល់ និងបានណែនាំដល់មន្រ្តីរាជការដែលទើបបញ្ចប់ការបណ្ដុះបណ្ដាល នៅពេលត្រឡប់ចូលបំពេញការងារនៅតាមបណ្ដាអង្គភាពដើមរបស់ខ្លួនវិញ ត្រូវចូលរួមសហការ និងចែករំលែកនូវចំណេះដឹងដែលខ្លួនបានរៀនសូត្រថ្មីៗពីសាលា ទៅជួយរៀបចំ និងអភិវឌ្ឍអង្គភាពឱ្យមានការរីកចម្រើនកាន់តែល្អប្រសើរឡើង និងរួមគ្នាបន្តជួយស្ថាបនានូវរាល់កង្វះខាតការងាររបស់អង្គភាពកន្លងមក៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *