ក្នុងឱកាសត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ គ.ស២០២៤ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បាននិមន្តព្រះសង្ឃ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី។

ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣-១៥-១៦ និង១៧ ខែមេសា ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។ ជាងនេះទៀត ពិធីសូត្រមន្តចម្រើនព្រះបរិត្ត គឺប្រារព្ធធ្វើឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប:ទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនស្ថាប័ន ឱ្យទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវក្តីរីករាយក្នុងឱកាសពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងបានជួបជុំជាមួយមន្ត្រីរាជការ សមាជិក សមាជិកា ក្រោមឱវាទ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ និងដើម្បីបង្សុកូលឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងមន្ត្រីរាជការ ដែលមានស្នាដៃ ចំពោះស្ថាប័ន ហើយបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ក្នុងឱកាសដ៏មង្គលនេះ ក្នុងនាមថ្នាក់ដឹកនាំ និងជាមន្ត្រី​រាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: សូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ​គោរពថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេ មានព្រះជន្មាយុ​យឺន​យូរជាងរយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញា​ញាណ​ភ្លឺថ្លា ដើម្បីគង់ប្រថាប់ នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុម​រមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ ថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានរួមសហការសាមគ្គីយកចិត្តទុកដាក់ប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីរួមចំណែកក្នុងផែនការនិងសកម្មភាពរបស់រាជរដ្ឋាភិបាលលើផ្នែកវប្បធម៌ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឱ្យមានកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់ប្រទេសជាតិល្បីរន្ទឺ ព្រមទាំងរីកចម្រើនរឹងមាំជាភិយ្យោភាព។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អមដោយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួង ក៏បានអញ្ជើញសំណេះសំណាលនិងទស្សនារបាំត្រុដិដែលសម្តែងដោយសិល្បករ សិល្បការិនីនៃសាលាមធ្យមវិចិត្រសិល្ប:៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *