នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដោយអមដំណើរដោយ លោកជំទាវ អនុរដ្ឋលេខាធិការ និងមន្រ្តី។
តាមរយៈការជួបសំណេះសំណាលនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំងពីរខេត្ត ដែលបានចូលរួមចំណែកក្នុង ការអនុវត្តនូវការងារតាមផែនការរបស់ក្រសួង ក៏ដូចជាមន្ទីរ និងសំណូមពរឱ្យគ្រប់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ជាពិសេសពាក់ព័ន្ធនឹងវិស័យវប្បធម៌។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានទស្សនាការសមទស្សនីយភាពមួយសម្រាប់ត្រៀមសម្ដែងក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣ មីនា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីទាំងអស់ឱ្យព្យាយាមហ្វឹកហាត់ចំណេះ ជំនាញផ្សេងៗឱ្យកាន់តែប្រសើរ សម្រាប់បម្រើបុព្វហេតុជាតិមាតុភូមិ និងណែនាំឱ្យមន្រ្តីគ្រប់ឋានានុក្រមចេះសាមគ្គីគ្នា ស្រឡាញ់គ្នា ជាភាតរភាព៕













Laisser un commentaire