លោកជំទាវបណ្ឌិតសភារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី សម្រាប់ត្រៀមសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា។

នារសៀលថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំការសម្ដែងសិល្បៈទស្សនីយភាព បានអញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ និងក្រុមគុនល្បុក្កតោនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សម្រាប់ត្រៀមការសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នៅទីតាំងនាយកដ្ឋានសិល្បៈទស្សនីយភាព ។

ការពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី និងកីឡាករកីឡាការិនី សម្រាប់ត្រៀមការសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព បានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានគណៈកម្មការរៀបចំពិធីខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា។

សិល្បៈទស្សនីយភាពសម្រាប់យកមកសម្តែង ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នេះ គឺបានសម្រិតសម្រាំងនូវសិល្បៈជាច្រើនទម្រង់បូកបញ្ចូលគ្នា ដោយបានបង្ហាញពីភាពដ៏អស្ចារ្យ និងច្នៃប្រឌិតនៃដូនតាខ្មែរជំនាន់ដើម ដូចជាវង់ភ្លេងកន្ត្រឹមមិញ របាំក្បាច់បុរាណ ក្បាច់គុនល្បុក្កតោ ក៏ដូចជាការបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមរយៈការបង្កបង្កើនផល ផ្នែកកសិកម្ម និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរឡើងឥតឈប់ឈរ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានគណៈកម្មការរៀបចំពិធីខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ១០ លានរៀល ជូនដល់ក្រុមសិល្បករសិល្បការិនីសម្រាប់ការហាត់សមនេះផងដែរ៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *