នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធចាក់បញ្ចាំងភាពយន្តឯកសារមានចំណងជើងថា ការរស់ឡើងវិញនៃគុនល្បុក្កតោ នៅរោងភាពយន្ត ឡេជេន ស៊ីណេមា សាខាអូឡាំព្យាមល។
ការរស់ឡើងវិញនៃគុនល្បុក្កតោ គឺជារឿងបែបជីវិតពិត ស្តីពីការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ។ ជាដំណើររឿងដ៏អស្ចារ្យអំពីជ័យជំនះ ការបាត់បង់ និងការរស់រានមានជីវិត ដើម្បីទាមទារអត្តសញ្ញាណ វប្បធម៌ខ្មែរឡើងវិញ និងកសាងសម្ព័ន្ធភាពរពីជំនាន់មួយទៅជំនាន់ មួយ។ ចំណាយពេលថតជាង៥ឆ្នាំ ភាពយន្តនេះតាមដានដំណើរតស៊ូរបស់លោកគ្រូតា គុនល្បុក្កតោ សាន គឹមស៊ាន អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍កម្ពុជា ដែលជួយឱ្យក្បាច់គុនបុរណនេះរស់ឡើងវិញ និងរក្សាគុននេះឱ្យ គង់នៅ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ គុនល្បុក្កតោបានប្រឈមនឹងការបាត់បង់ក្នុងសម័យខ្មែរក្រហម ដូចនឹងប្រពៃណីវប្បធម៌ជាច្រើនទៀតរបស់កម្ពុជាផងដែរ ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់លោកគ្រូតា និងគ្រូដែលនៅរស់រានមានជីវិត សព្វថ្ងៃនេះ ល្បុក្កតោបានក្លាយជានិមិត្តរូបនៃមោទនភាពជាតិ និងកម្លាំងចិត្តរបស់ខ្មែរ។ ភាពយន្តនេះ បានសហការផលិតដោយផលិតកម្ម តេជៈ ភាពយន្ត រួមជាមួយផលិតកម្ម កងចក្រ ភីកឈ័រ និងផលិតកម្ម Cineboxx Film មកពីប្រទេសកាណាដា។
សូមបញ្ជាក់ជូនថា ភាពយន្តឯកសារនេះ នឹងធ្វើការចាក់បញ្ចាំងជាសាធារណៈចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះតទៅ នៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។


















Laisser un commentaire