នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់បង្ហាញការផ្តួចផ្តើមកម្មវិធីស្រ្តីនិងតម្បាញ របស់ធនាគារមេយប៊ែង (Maybank) ក្នុងសហគមន៍តម្បាញនិងការកែប្រែការរស់នៅកម្ពុជា នាមជ្ឈមមណ្ឌលបណ្តុះបណ្តាលជំនាញតម្បាញសូត្រស្ថិតក្នុងភូមិកន្រ្ទង់ព្រេច ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ អញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមាន លោក Tan Sri Dato’ Sri Zamzamirani Mohd Isa ប្រធានធនាគារមេយប៊ែងគ្រុប និងជាប្រធានមូលនិធិមេយប៊ែង និងឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សា ធនាគារមេយប៊ែងកម្ពុជា ព្រមទាំងមន្រ្តី បុគ្គលិកនៃធនាគារមេយប៊ែង និងសិប្បករតម្បាញក្នុងសហគមន៍។
ក្នុងពិធីនេះបានបង្ហាញឱ្យឃើញពីភាពជោគជ័យក្នុងការបណ្តុះបណ្តាលស្រ្តីតម្បាញជាច្រើនជំនាន់ ព្រមទាំងការសម្ពោធអគារពង្រីកបន្ថែមមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញសូត្ររបស់ធនាគារមេយប៊ែង ក្រោមការផ្តួចផ្តើមគំនិតរបស់មូលនិធិធនាគារមេយប៊ែង រួមជាមួយធនាគារមេយប៊ែងក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់សហគមន៍ ព្រមទាំងការសម្ពោធសៀវភៅ “សហគមន៍តម្បាញ និងការផ្តាស់ប្តូរជីវភាពក្នុងតំបន់៖ ដំណើររឿង ក្នុងតំបន់អាស៊ាននៅប្រទេសកម្ពុជា”។ ទន្ទឹមនឹងនេះ ក៏មានការចែកវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលដល់ស្រ្តីតម្បាញពីរជំនាន់សរុបប្រមាណ៥០នាក់៕









Laisser un commentaire