លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វញ៉ា (California Science Center”CSC” )ចូលជួប ពិភាក្សាលើគម្រោងស្នើសុំខ្ចីរូបចម្លាក់ខ្មែរយកទៅរៀបចំតាំងពិព័រណ៍នៅក្រៅប្រទេស
កាលពីព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វញ៉ា (California Science Center “CSC”) ដឹកនាំដោយ លោក Jeffrey N. Rudolph ប្រធាននិងជានាយកប្រតិបត្តិនៃ CSC និង លោក Peter Elsaesser នាយកប្រតិបត្តិនៃ Museums Partner ចូលជួបពិភាក្សាលើគម្រោងស្នើសុំខ្ចីរូបចម្លាក់ខ្មែរយកទៅរៀបចំតាំងពិព័រណ៍នៅក្រៅប្រទេស
គម្រោងតាំងពិព័រណ៍នេះ គឺគ្រោងនឹងរៀបចំឡើងនៅសហរដ្ឋអាមេរិក អូស្ត្រាលី និងអឺរ៉ុប ក្នុងឆ្នាំ២០២២ខាងមុខ ក្រោមប្រធានបទស្តីពីអង្គរ (ANGKOR: The Exhibition)។ គោលបំណងសំខាន់របស់ពិព័រណ៍នេះ គឺដើម្បីរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌និងអរិយធម៌ដ៏ចំណាស់របស់កម្ពុជាឱ្យប្រជាជននៃបណ្តាប្រទេសទាំងនោះបានស្គាល់ដែលអាចជាចលករមួយក្នុងការជំរុញភ្ញៀវទេសចរនៃបណ្តាប្រទេសទាំងនោះឱ្យមកទស្សនាដោយផ្ទាល់នៅប្រទេសកម្ពុជា។
ចំពោះគម្រោងនេះ លោកជំទាវរដ្ឋមន្ត្រី បានស្នើឱ្យគណៈ ប្រតិភូផ្តល់ព័ត៌មានលម្អិតអំពីគម្រោងស្នើសុំឱ្យបានច្បាស់មកក្រសួងដើម្បីធ្វើការសិក្សាជាពិសេសលើលក្ខខណ្ឌបច្ចេកទេស មុននឹងសម្រេចដាក់បញ្ចូលក្នុងកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការអន្តរក្រសួង ក៏ដូចជាមុននឹងស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
រូបភាពនិងអត្ថបទ៖ អឿន មករា







Laisser un commentaire