លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីអបអរសាទរ “ទិវាសាធារណរដ្ឋឥណ្ឌាលើកទី៧១” (71st Republic Day of India)

កាលពីល្ងាចថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរ “ទិវាសាធារណរដ្ឋឥណ្ឌាលើកទី៧១” (71st Republic Day of India) ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ Raffles Hotel Le Royal។

ទិវាសាធារណរដ្ឋឥណ្ឌា គឺតែងតែប្រារព្ធឡើងជាងរៀង រាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលរដ្ឋធម្មនុញ្ញឥណ្ឌាចូល ជាធរមានដោយប្រកាន់យកប្រព័ន្ធរដ្ឋាភិបាលបែបប្រជាធិបតេយ្យ និងថ្ងៃដែលប្រទេសឥណ្ឌាក្លាយជារដ្ឋឯករាជ្យពេញលេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ក្នុងនាមរាជរដ្ឋា ភិបាលនិងប្រជាជនកម្ពុជា បានចូលរួមអបអរសាទរក៏ដូចជាជូនពរចំពោះរដ្ឋាភិបាលនិងប្រជាជនឥណ្ឌា សូមឱ្យមានសេចក្តីសុខនិងរីកចម្រើនឥតឈប់ឈរ។ ក្នុងនាមប្រទេសជាមិត្តជាមួយឥណ្ឌា ប្រទេសកម្ពុជាពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយឃើញប្រទេសឥណ្ឌាមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងសង្គមជា បន្តបន្ទាប់ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។

សម្រាប់កម្ពុជា ឥណ្ឌាគឺជាដៃគូមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏សំខាន់ ដោយបានចូលរួមឧបត្ថម្ភគាំទ្រដល់ការកសាងសុខសន្តិភាពនៅកម្ពុជាក្រោយរបបខ្មែរក្រហមដួលរលំ ការអភិវឌ្ឍសេដ្ឋកិច្ច អប់រំ អភិវឌ្ឍន៍ជនបទ ទេសចរណ៍ និងវប្បធម៌ជាដើម ជាពិសេសការចូលរួមអភិរក្សប្រាសាទ បុរាណនានានៅកម្ពុជា និងការផ្លាស់ប្តូរវប្បធម៌យ៉ាងទៀងទាត់ជាមួយគ្នា។ លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញនូវសុទិដ្ឋិនិយមផងដែរថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀតនាពេលអនាគត។

រូបភាព៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា

អត្ថបទ៖ អឿន មករា


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *