កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១៥.៣០នាទីរសៀលទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក លី ចាងស៊ិន LV Zhangshen អគ្គនាយកសារមន្ទីរជាតិចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ពិសេសកិច្ចសហប្រតិបត្តិការងារលើវិស័យបេតិកភណ្ឌវប្បធម៌រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរជាតិចិន។

លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបលោកអគ្គនាយកសារមន្ទីរជាតិចិន លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការវប្បធម៌កន្លងមក ដែលប្រទេសទាំងពីរជាប្រទេសធ្លាប់មានទំនាក់ទំនងវប្បធម៌ អរិយធម៌ ជាមួយគ្នាជាយូលង់ណាស់មកហើយ ពិសេសផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលសាធារណរដ្ឋប្រជាមានិតចិនតែងតែជួយជ្រោមជ្រែងប្រទេសកម្ពុជា តាមរយៈជំនួយជាច្រើនក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកអគ្គនាយកសារមន្ទីរជាតិចិន បានបញ្ជាក់បន្ថែមទៀតលើកិច្ចសហប្រតិបត្តិការវិស័យបេតិកភណ្ឌវប្បធម៌ ដោយការជួយបណ្តុះបណ្តាលធនធានមនុស្សនិងជំនាញទាក់ទងនឹងការគ្រប់គ្រងសារមន្ទីរ និងការអភិរក្សវត្ថុបុរាណដល់កម្ពុជាចាប់ពីឆ្នាំក្រោយទៅ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌បន្ថែមទៀត ពិសេសផ្តល់ការអញ្ជើញដល់មន្ត្រីជំនាញនៃសារមន្ទីរជាតិកម្ពុជា ធ្វើទស្សកិច្ចនៅសារមន្ទីរជាតិចិននាពេលខាងមុខ។

លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ លោក លី ចាងស៊ិន LV Zhangshen អគ្គនាយកសារមន្ទីរជាតិចិន លើការយកចិត្តទុកដាក់ចំពោះវិស័យបេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងការផ្តល់នូវជំនាញ បច្ចេកទេស និងបទពិសោធន៍លើកិច្ចការថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌កម្ពុជា ជាលក្ខណៈស្តង់ដារអន្តរជាតិ។ លោកជំទាវរំពឹងថា កិច្ចសហប្រតិបត្តិការវិស័យវប្បធម៌រវាងសារមន្ទីរទាំងពីរនឹងបន្តជារៀងរហូត។ សូមបញ្ជាក់ផងដែលថា សារមន្ទីរជាតិចិននេះសាងសង់ឡើងក្នុងឆ្នាំ១៩០២ ជាសារមន្ទីរធំជាងគេបំផុតក្នុងពិភពលោក មានផ្ទៃក្រឡា២០ម៉ឺនម៉ែត្រក្រឡា និងមានបុគ្គលិកចំនួន១៥០០នាក់៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *