ដោយមានប្រទេសចំនួន ២២ និងអង្គការអន្តរជាតិចំនួន ៣ ចូលរួម សន្និបាតសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ បានចូលរួមសន្និបាតខាងលើក្នុងនាមក្រសួងវប្បធម៌និងវិចិត្រ សិល្បៈនៃព្រះរាជាណាចក្រកម្ពុជានិងជាតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី។ សន្និបាតនេះ មានរបៀបវារៈសំខាន់ៗចំនួន៤គឺ ១.ការអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈ ២.គ្រោងការងារសម្រាប់ឆ្នាំ២០២៣-២០២៤ ៣.ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និង៤.ការអនុម័តសេចក្តីប្រកាសទីក្រុងស៊ីអាននៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី។

ជាមោទកភាពសម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម គង់ វីរៈ ត្រូវបានអង្គសន្និបាត បោះឆ្នោតឱ្យធ្វើជាអគ្គលេខាធិការសម្រាប់អាណត្តិដំបូងរបស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី នាអាណត្តិឆ្នាំ២០២៣-២០២៤ ដោយសម្លេងភាគច្រើន។

សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ ដែលជាស្ថាបនិករបស់សម្ព័ន្ធ ភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី។ ហើយសម្ព័ន្ធភាពនេះបង្កើតឡើងក្នុងគោលបំណង រៀបចំយន្តការអន្តររដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌ក្នុងចំណោមប្រទេសអាស៊ី៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *