ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្នធម៌និងវិចិត្រសិល្ប: បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត រាប់បាត្រ និងកាត់ខ្សែបូ ព្រមទាំងទស្សនាស្តង់ពិព័រណ៍ ក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅសាលាមធ្យមវិចិត្រសិល្បៈ។
សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ដល់សាធារណជនទូទៅ ក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។
នៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងលើនេះ គឺមានសកម្មភាពសំខាន់ៗដូចជា ទស្សនីយភាពសិល្បៈច្រើនទម្រង់ ការតាំងបង្ហាញគំនូរ និងចម្លាក់របស់សិស្សសាលាមធ្យមវិចិត្រសិល្បៈ លេងល្បែងប្រជាប្រិយខ្មែរ, ការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ការប្រគំតន្ដ្រី និងរាំលេងកម្សាន្ដ ជាមួយតារាចម្រៀង និងតារាកំប្លែងល្បីៗ។
ក្រៅពីមានការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស ក៏នឹងមានការចូលរួមពីខាងសិប្បកម្មផ្សេងៗនៅក្នុងរាជធានី និងបណ្តាខេត្តមួយចំនួន ជាពិសេសមានការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ដោយសិស្សានុសិស្ស ក៏ដូចជាសិល្បករ សិល្បការិនី និងតារាល្បីៗដែលជាអតីតសិស្សសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងមានការប្រគំតន្ត្រី (តន្ត្រីបុរាណ-តន្ត្រីសម័យ) ដើម្បីបង្ហាញជូននូវសិល្បៈវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង៕


















Laisser un commentaire