នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ សាស្ត្រាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិក ដោយមាននិស្សិតចូលរួមមកពីសាលាភូមិន្ទវិចិត្រសិល្បៈនៃប្រទេសកម្ពុជា សហរដ្ឋអាមេរិក ហ្វីលីពីន តៃវ៉ាន់ និងថៃ ចំនួន៣៧រូប សហការជាមួយអាជ្ញាធរជាតិអប្សរា បានមកចូលរួមធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាមួយ នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍ និងសម្របសម្រួលការងារ ជូនលោកសាស្ត្រាចារ្យ និងនិស្សិត ដែលមកចូលរួមធ្វើការស្រាវជ្រាវរួមគ្នានេះ។ នេះជាឱកាសដ៏ល្អមួយបង្ហាញពីទំនាក់ទំនងផ្នែកវិទ្យាសាស្រ្ត សិក្សាអប់រំបណ្តុះបណ្តាលធនធានមនុស្សជាលក្ខណៈអន្តរជាតិ លើវិស័យបុរាណវិទ្យា ដែលអាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិក ក្នុងក្របខ័ណ្ឌនៃគម្រោងសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្រោយសម័យអង្គរ។ លោក អ៊ឹម សុខរិទ្ធី បានបន្ថែមថា បច្ចុប្បន្ននេះ អង្គរបានក្លាយជាមន្ទីរពិសោធន៍អន្តរជាតិ ដែលអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានមកទទួលការហ្វឹកហ្វឺន និងហាត់ការ។
សូមបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានេះ មានរយៈពេល៣សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣តទៅ ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធរបស់វត្តចេតិយ និងការធ្វើកំណាយសិក្សាផ្តោតសំខាន់អំពីទួលបុរាណ ការរស់នៅរបស់មនុស្សនៅលើទួល សង្គមនិងសកម្មភាពសេដ្ឋកិច្ចនាសម័យអតីតកាលជាដើម៕
អត្ថបទ៖ នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ភោគ ជា






















Laisser un commentaire