ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកសិក្ខាសាលាវិបស្សនាស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់សិក្ខាកាមសរុបចំនួន១២០នាក់ ដែលជាថ្នាក់ដឹកនាំនិងជាមន្ត្រីមកពីគ្រប់អង្គភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយផ្តោតលើការពិពណ៌នាគោលបំណងនៃកម្មវិធី អនុកម្មវិធី ការកំណត់សូចនាករគន្លឹះ សូចនាករលទ្ធផលក្នុងឆ្នាំ និងគោលដៅសូចនាករ។
ក្នុងកម្មវិធីបើកសិក្ខាសាលានេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ សង្ឃឹមថាសិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងមានឱកាសលើកយកបញ្ហាប្រឈមនិងបទពិសោធន៍ដែលបានអនុវត្តកន្លងមក ដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាជាមួយគ្រូបង្គោលដែលជាអ្នកជំនាញអញ្ជើញមកពីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងន័យនេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់គ្រូបង្គោល និងលើកឡើងជាសំណួរ ចម្ងល់ ឬបញ្ហាលំបាកទាំងឡាយដែលធ្លាប់ប្រឈមកន្លងមក ព្រមទាំងត្រូវពិភាក្សារិះរកយន្តការជាត្រីវិស័យរួម ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដែលផ្តោតលើ “គណនេយ្យភាពសមិទ្ធកម្ម” ដោយគិតគូលើការកែទម្រង់ប្រព័ន្ធថវិកា ផែនការយុទ្ធសាស្រ្តថវិកា ថវិកាកម្មវិធី និងអង្គភាពថវិកា ដែលបានដាក់អោយអនុវត្តនៅតាមក្រសួង-ស្ថាប័ន…។
សូមបញ្ជាក់ថា សិក្ខាសាលាពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ គឺសិក្ខាសាលាលើកទី៥ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឡើង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀបចំនិងអនុវត្តថវិកាសមិទ្ធកម្មរបស់ក្រសួង ។
រូបភាពនិងខ្លឹមសារ៖ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ











Laisser un commentaire