ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាស្ដីពី“ការងារផែនការ ស្ថិតិ និងរបាយការណ៍ លើកទី៤” កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលសាលាបណ្ដុះបណ្ដាលក្របខណ្ឌវប្បធម៌នៃទីស្ដីការក្រសួង។
នៅក្នុងកម្មវិធីបើកសិក្ខាសាលាកម្រិតបច្ចេកទេសមួយនេះ លោក ចាន់ តូ អគ្គនាយករងនិងជាតំណាង ឯកឧត្តម វិន ឡៃជួ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ បានចូលរួមផ្ដល់មតិយោបល់និងការណែនាំសំខាន់ៗទៅកាន់សិក្ខាកាមចំនួន ១០៨រូប ដែលជាមន្ត្រីជំនាញមកពីគ្រប់អង្គភាពនិងមន្ទីរនៅក្រោមឱវាទរបស់ក្រសួង ក្នុងគោលបំណងជំរុញការងារផែនការ ស្ថិតិ និងរបាយការណ៍ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសស្របទៅតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងអាទិភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន២ រួមមាន ទី១. ពិនិត្យផ្ទៀងផ្ទាត់ដើម្បីកែសម្រួលសេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២៤-២០២៨របស់ក្រសួង និងទី២. លើកកម្ពស់សមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, យុទ្ធសាស្ត្របញ្ចកោណនិងផ្នែកពាក់ព័ន្ធជាមួយវិស័យវប្បធម៌, ការរៀបចំសូចនាករ, យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ,…។ បន្ទាប់ពីសិក្ខាសាលានេះ សិក្ខាកាមត្រូវរាយការណ៍ទៅប្រធានអង្គភាពនិងប្រធានមន្ទីរបស់ខ្លួន ដើម្បីពិនិត្យកែសម្រួលសេចក្ដីព្រាងផែនការសកម្មភាព៥ឆ្នាំរបស់អង្គភាពនិងមន្ទីរនីមួយៗ រួចផ្ញើត្រឡប់មកក្រសួងវិញឱ្យបានឆាប់។
រូបភាពនិងខ្លឹមសារ៖ នាយកដ្ឋានផែនការ ស្ថិតិ និងសរុប











Laisser un commentaire