នៅថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសិក្ខាសាលាស្តីអំពី ”ការងារអភិរក្ស និងបច្ចេកទេសជួសជុលថ្ម នៅរមណីយដ្ឋានប្រាសាទកោះកេរ” ក្រោមអធិបតីភាពឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ លោកសាស្ត្រាចារ្យ Dr. Hans Leisen ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងអ្នកជំនាញជាតិ អន្តរជាតិ មកពីអជ្ញាធរជាតិសំបូរព្រៃគុក សារមន្ទីរជាតិភ្នំពេញ អភិរក្សដ្ឋានអង្គរ ស្ថាប័ន World Monument Fund និងស្ថានប័ន GIZ។ សិក្ខាកាមចូលរួមក្នុងសិក្ខាសាលានេះមានចំនួនសរុប ៣៥នាក់ ដែលមានការសម្របសម្រួលកម្មវិធីដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយរងអាជ្ញាធរជាតិព្រះវិហារ។
ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ពីអ្នកជំនាញជាតិ និងអន្តរជាតិ លើវិធីសាស្រ្តក្នុងការងារអភិរក្ស ជួសជុល និងការប្រើប្រាស់សម្ភារ សម្រាប់អនុវត្តនៅប្រាសាទបល្ល័ង្កត្បូង និងប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរនាពេលខាងមុខ។
ជាលទ្ធផលដែលទទួលបានពីសិក្ខាសាលានេះ គឺបានទទួលធាតុចូល និងអនុសាសន៍ល្អជាច្រើនពីអ្នកជំនាញអភិរក្ស និងជួសជុលជាតិ និងអន្តរជាតិ ហើយក្រុមការងារបច្ចេកនឹងរៀបចំចងក្រងធាតុចូល និងអនុសាសន៍ទាំងនោះសម្រាប់អនុវត្តកិច្ចការអភិរក្ស និងជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អោយស្របតាមស្តងដារបច្ចេកទេស និង អនុសាសន៍របស់អ្នកជំនាញការ អាតហុក អាស៊ីស៊ីព្រះវិហារ។
អត្ថបទ និងរូបភាព: ថាច់ ផានិត















Laisser un commentaire