នាថ្ងៃពុធ ១២ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ ស្ថិតិ និងរបាយការណ៍-ដំណាក់កាលទី៣” ក្រោមអធិបតីភាពឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សិក្ខាកាមដែលបានអញ្ជើញចូលរួមសិក្ខាសាលាថ្ងៃនេះគឺមានចំនួនសរុប ១២៥នាក់ មកពីគ្រប់អង្គភាព ថ្នាក់កណ្តាល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្តដែលស្ថិតនៅក្រោមឱវាទក្រសួងវប្បធម៌ និងសិល្បៈ។
សិក្ខាសាលាលើកនេះគឺរៀបចំឡើងដោយផ្អែកលើរបៀបវារៈសំខាន់ៗ ចំនួន២ ៖
⁃ ទី១. ការពន្យល់ណែនាំអំពីរបៀបបំពេញទិន្នន័យក្នុងទម្រង់ឯកសារ(Template)ដើម្បីប្រមូលធាតុចូលជាទស្សនវិស័យនិងសូចនាករ សម្រាប់រៀបចំព្រាង “ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៨ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ” និង
⁃ ទី២. ពន្យល់ណែនាំអំពីគោលការណ៍ថ្មីៗដែលក្រសួងបានដាក់ចេញពាក់ព័ន្ធនឹងការងាររៀបចំផែនការ សកម្ម ភាព ការងារប្រចាំឆ្នាំN, ស្ថិតិវប្បធម៌ប្រចាំឆ្នាំN-1, និងគម្រោងវិនិយោគសាធារណៈ៣ឆ្នាំរំកិល(N+1 ដល់ N+3)។
នៅក្នុងកម្មវិធីបើកសិក្ខាសាលានេះ ឯកឧត្តម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្តល់អនុសាសន៍សំខាន់ៗជាច្រើន ដល់មន្ត្រីជំនាញដែលជាសិក្ខាកាមទាំងអស់ត្រូវពង្រឹងសមត្ថភាពលើការរៀបចំផែនការ ស្ថិតិ និងរបាយការណ៍របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាពិសេសត្រូវចូលរួមសហការបំពេញទិន្នន័យក្នុងទម្រង់ឯកសារ (template) ឱ្យបានពេញលេញក្នុងការផ្តល់ធាតុចូលនិងទិន្នន័យនានា តាមការស្នើសុំរបស់ក្រសួង ដើម្បីធ្វើឱ្យការងាររបស់ក្រសួងត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា មិនតែប៉ុណ្ណោះ ត្រូវត្រៀមលក្ខណៈចូលរួមសហការរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៨ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ខ្លឹមសារនិងរូបភាព៖ នាយកដ្ឋានផែនការ ស្ថិតិ និងសរុប













Laisser un commentaire