នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីនៃវិស័យវប្បធម៌ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងស្ថាប័ន អគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុបប្រមាណ១៨០នាក់។

លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះក្រសួងបានចូលរួមសហការយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្នុងគោលដៅកាត់បន្ថយនិងលុបបំបាត់នូវសកម្មភាពអមនុស្សធម៌ទាំងនេះចេញពីសង្គមកម្ពុជា។ កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងបានរៀបចំសិក្ខាសាលា រៀបចំការជួបជុំគ្នា និងបានចូលរួមក្នុងសកម្មភាពផ្សេងៗដែលមានគោលដៅអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពនិងហានិភ័យដែលកើតចេញពីសកម្មភាពនៃការជួញដូរមនុស្ស។

លោកជំទាវបានបញ្ជាក់ជាថ្មីថា មានតែការរួមកម្លាំងសហការគ្នា បង្កើតការឯកភាពគ្នា និងធ្វើការផ្សព្វ ផ្សាយតាមគ្រប់មធ្យោបាយប៉ុណ្ណោះ ទើបអាចយកឈ្នះលើបទល្មើសគួរឱ្យស្អប់ខ្ពើមនេះបាន ស្របពេលដែលអំពើជួញដូរមនុស្សត្រូវបានគេចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរិកស្មុគស្មាញប្រកប ដោយល្បិចកលពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ការវិវត្តនៃសេដ្ឋកិច្ច នយោបាយជាតិនិងអន្តរជាតិជាដើម ដែលត្រូវការចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដែលមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ឱ្យបាន។ ក្នុងអង្គសិក្ខាសាលាខាងលើ លោកជំទាវរដ្ឋលេខាធិការ ក៏សូមអំពាវនាវ និងលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ ប្អូនៗក្មួយៗ សិស្ស និសិ្សត សិល្បករ សិល្បការិនីទាំងអស់ដែលមានវត្តមាននៅទីនេះ មេត្តាចូលរួមពិភាក្សាឱ្យផុលផុសបំផុត ដើម្បីចែករំលែកទស្សនៈ គំនិតយោបល់ ព្រមទាំងបទពិសោធជាមួយវាគ្មិនអញ្ជើញមកពីក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គសិក្ខាសាលាទាំងមូល៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *