នាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យ ឌីជីថល » ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត និងមន្រ្តីទទួលបន្ទុកការងារ យេនឌ័រសរុបប្រមាណ១៣០នាក់។

លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថាតាមរយៈសិក្ខាសាលានេះ ការយល់ដឹងអំពីសុខភាពជា ផ្នែកមួយចម្បង ដើម្បីរក្សាសន្តិភាព នឹងចូលរួមកិច្ចការចំពោះមុខដែលត្រូវបំពេញ ប្រកបដោយ ថាមពលក្នុងការការពារ អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ឲ្យមានការរីកចម្រើន ប្រកប ដោយការច្នៃប្រឌិត គិតដល់ការបង្កើតស្នាដៃថ្មី លៃឈរលើចំណេះដឹង ប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ ដែលស្តែងចេញពីចំណេះដឹងរបស់ដូនតាដែលជាមរតកមិនអាចកាត់ថ្លៃបាន។

លោកជំទាវរដ្ឋលេខាធិការបានបន្តទៀតថា បច្ចុប្បន្នយើងទាំងអស់គ្នាបានរស់នៅក្រោមម្លប់សន្តិភាពយ៉ាងពេញលេញ ដែលសន្តិភាពនេះសម្តេចតេជោនាយករដ្ឋមន្រ្តី លោកបានយកជីវិតធ្វើជាដើមទុនប្តូរយកមកជូនដល់ប្រជាជនកម្ពុជា។ដូច្នេះយើងជាប្រជាជនកម្ពុជាត្រូវតែរួមគ្នាថែរក្សាសន្តិភាពមួយនេះ ឲ្យបានគង់វង្ស ដោយមិនអនុញ្ញាតឲ្យនរណាម្នាក់មកបំផ្លាញបានឡើយ។ម្យ៉ាងវិញទៀត ដើម្បីរក្សាបាននូវសុខសន្តិភាពនេះ យើងត្រូវពង្រឹងខ្លួនយើងឲ្យបានរឹងមាំ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាយើង នៅក្នុងយុគសម័យនៃរាជរដ្ឋាភិបាលឌីជីថល៕

អត្ថបទៈ ក្រុមការងារយេនឌ័រក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

រូបថត នាយកដ្ឋានសិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *