នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិ ស្ដីពី Climate Futures #2 ក្រោមប្រធានបទ “Belonging and Shared Responsibilities” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៣ នៅទីរួមខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលា Climate Futures #1 បានរៀបចំឡើងកាលពីដើមខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ចំពោះសិក្ខាលើកទី២នេះ ក្រុមការងាររៀបចំបានជ្រើសរើសទីតាំងខេត្តសៀមរាប ដែនដីអច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលសិក្ខាសាលានេះស្ថិតក្រោមមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ស.កូរ៉េ (ASEAN-Korea Cooperation Fund) ដឹកនាំប្រតិបត្តិដោយ KONNECT ASEAN ដែលមានការចូលរួមពីតំណាងមន្ត្រីរដ្ឋាភិបាល វាគ្មិន និងអ្នកចូលរួមមកពីប្រទេសបណ្ដាសមាជិកអាស៊ាន និងស.កូរ៉េ ផងដែរ។

សិក្ខាសាលាខាងលើនេះ គឺមានសារសំខាន់សម្រាប់ប្រទេសក្នុងតំបន់ ពិភពលោក និងកម្ពុជាផងដែរ ដែលបានផ្តោតសំខាន់ទៅលើការបណ្ដុះបណ្ដាល ការយល់ដឹងរបស់ប្រជាជាតិអាស៊ាន ក្នងការស្វែងយល់អំពីបម្រែបម្រួលអាកាសធាតុ និងវិធានការនៃការទប់ស្កាត់ ការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានធម្មជាតិ។ ក្នុងនោះដែលមានវាគ្មិនជាតិ-អន្តរជាតិ ដែលជាអ្នកជំនាញផ្នែកបរិស្ថាន ធនធានទឹក វិស្វករ សិល្បករ សិប្បករ និងអភិរក្សករ មកចូលរួមចែករំលែកបទពិសោធ ឧត្តមានុវត្តន៍ ចំណេះដឹង របៀបរបប និងមធ្យោបាយនានា ដែលពួកគាត់ធ្លាប់បានសិក្សាស្រាវជ្រាវ បណ្ដុះបណ្ដាល និងបានបង្កើតឡើង ដើម្បីឱ្យអ្នកចូលរួមទាំងអស់ បានយល់ បានដឹងបានឃើញនូវបំណិនថ្មី។

ចំពោះវិស័យវប្បធម៌និងសិល្បៈ ក៏ជាផ្នែកមួយដ៏សំខាន់ដែលយើងអាចចូលរួមសកម្ម តាមរយៈការបង្កើតទស្សនីយភាព សកម្មភាព ព្រឹត្តិការណ៍សិល្បៈ និងវីដេអូខ្លីក្នុងន័យនៃការអប់រំបណ្ដុះបណ្ដាលប្រជាពលរដ្ឋ បង្កើនការស្រឡាញ់ធម្មជាតិ បរិស្ថាន និងរួមចំណែកដល់ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ៕

អត្ថបទនិងរូបភាព : លោក គង់ សុទ្ធារិទ្ធិ


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *