នៅថ្ងៃទី១៥ កើត​ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.​២៥៦៦ ត្រូវនឹង​ថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២២ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​រៀបចំ​សិក្ខាសាលាអំពី “កា​រធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភណ្ឌ​ និង​លើក​កម្ពស់​ការ​យល់ដឹង​អំពី​មត៌ក​វប្បធម៌អរូបី​​តាមរយៈ​បច្ចេក​វិទ្យា​ឌីជីថល” នៅ​រោង​សម្តែង​នាយកដ្ឋាន​សិល្បទស្សនីយភាព។​ សិក្ខាសាលានេះ មាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​មន្រ្តីជំនាញ​តំណាង​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​រាជធានី-ខេត្តទាំង​២៥, មន្រ្តីជំនាញ​នាយកដ្ឋាន​៥ ក្រោមឱវាទនៃអគ្គនាយកដ្ឋាន​បច្ចេកទេសវប្បធម៌, ការិយាល័យយូណេស្កូភ្នំពេញ, ​គណៈកម្មការ​ជាតិ​យូណេស្កូ, អង្គការ​សិល្បៈ​ខ្មែរ​អមតៈ, អង្គការ​​ WWF, អង្គការ​ CIPO និងក្រុមហ៊ុន​បារមី សរុបប្រមាណ​៧០នាក់។

សិក្ខាសាលានេះ រៀបចំឡើង​ក្នុង​គោល​បំណង៖

-ពិនិត្យ​ឡើង​វិញ​លើ​បញ្ជី​សារពើ​ភណ្ឌ​មត៌ក​វប្បធម៌​អរូបី​កម្ពុជាឆ្នាំ​២០១៧

-ចែករំលែកអំពីគោលការណ៍ និងសេចក្តី​ណែនាំ​ដើម្បីចុះ​បញ្ជី​មត៌ក​វប្បធម៌​អរូបី

-ការ​ចែក​រំលែក​បទពិសោធ ការចុះ​បញ្ជីមត៌កវប្បធម៌អរូបី និង​ការ​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​ និង​​បច្ចេក​វិទ្យា​ឌីជីថល។

សិក្ខា​សាលា​នេះ ក៏មាន​ការ​អញ្ជើញ​ចូល​រួម​ធ្វើបទបង្ហាញ​ពីអ្នកជំនាញ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា និង​តំណាង​មន្ទីរ​វប្បធម៌និងវិចិត្រសិល្បៈខេត្ត​កណ្តាល កំពត កោះកុង កំពង់ធំ​ និង​មណ្ឌលគិរី ព្រមទាំង​មានការ​បែងចែក​ក្រុម​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ពីសំណាក់​សិក្ខាកាម​​ពាក់​ព័ន្ធ​នឹង​ការ​យល់ដឹង​អំពី​មត៌កវប្បធម៌​អរូបីយ៉ាង​ផុល​ផុស​ផងដែរ៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *