កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលា ស្តីពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានវាគ្មិនកិត្តិយសចូលរួម មានដូចជា អ្នកស្រាវជ្រាវ អ្នកភ្លេងការ អ្នកផ្នួង និងលោកតាអាចារ្យ សរុបចំនួន១២រូប។

សិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណង ៖

១. រួមគ្នាសិក្សាស្វែងយល់ចែករំលែកបទពិសោធន៍ អំពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ដ្បិតកិច្ចពិធីមានច្រើនបែបច្រើនយ៉ាងប្លែកៗគ្នា ពីតំបន់មួយទៅតំបន់មួយ។

២. រួមគ្នាគិតអំពីយន្តការអភិរក្សមរតកវប្បធម៌ ពោល “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ឲ្យបានគង់វង្សទៅអនាគត។ រួមគ្នាគិតនោះ គឺមិនសំដៅតែម្ចាស់មរតក ឬអ្នកប្រតិបត្តិដូចជាលោកតាអាចារ្យ អ្នកភ្លេង អ្នកផ្នួងនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់។

៣. ប្រមូលធាតុចូលដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពីអាពាហ៍ពិពាហ៍ខ្មែរដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

៤. ផ្សព្វផ្សាយទូទៅអំពីមរតកវប្បធម៌អរូបីនៅកម្ពុជា និងអំពីអនុសញ្ញា២០០៣នៃអង្គការយូណេស្កូ ស្តីអំពី “កិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី” ដែលកម្ពុជាបានចូលជារដ្ឋភាគីតាំងពីឆ្នាំ២០០៦។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *