សិប្បកម្មឡឥដ្ឋក្បឿងអង្គរ ជាសិប្បកម្មតែមួយគត់ដែលផលិតឥដ្ឋជួសជុលប្រាសាទ

ជាផ្នែកមួយនៃការចូលរួមអភិរក្សប្រាសាទដូនតាខ្មែរ សិប្បកម្មផលិតឥដ្ឋក្បឿងអង្គរ ដែលស្ថិតនៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានផលិតឥដ្ឋបុរាណសម្រាប់ការងារជួសជុលប្រាសាទ។ សិប្បកម្មនេះបានចាប់ផ្តើមផលិតឥដ្ឋនេះតាំងពីអំឡុងឆ្នាំ១៩៩៤ មក និងគោរពតាមបច្ចេកទេសដែលអ្នកជំនាញជួសជុលប្រាសាទផ្តល់ឱ្យ។

លោក យិន លិម ជាម្ចាស់សិប្បកម្មផលិតឥដ្ឋក្បឿងអង្គរ បានចាប់ផ្តើមរបរនេះតាំងពីឆ្នាំ១៩៨៩មក ដោយលោកបានកែច្នៃឡបុរាណសល់ពី សង្គមចាស់សម្រាប់ការធ្វើ អាជីវកម្មនេះ។ លោកប្រាប់ថា ការផលិតឥដ្ឋនិងក្បឿងក្នុងសិប្បកម្មលោក គឺប្រើប្រាស់វត្ថុធាតុដើមធម្មជាតិសុទ្ធសាធ ហើយបច្ចេកទេសក៏នៅបែបបុរាណផងដែរ។

សម្រាប់ការផលិតឥដ្ឋផ្គត់ផ្គង់ការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ លោក យិន លិម ប្រាប់ថាបានចាប់ផ្តើមពីឆ្នាំ១៩៩៤ និង១៩៩៥មក ដោយសារសិប្បកម្មលោកមានពុម្ពចាស់ និងទទួលបានការផ្តល់ទំនុកចិត្តពីអ្នកជំនាញជួសជុលប្រាសាទ។ លោកបន្តថា អង្គការបរទេសដែលសហការជួសជុលប្រាសាទជាមួយអាជ្ញាធរជាតិអប្សរាបានបញ្ជាទិញឥដ្ឋបុរាណនេះដើម្បីជួសជុលប្រាសាទព្រះគោ ហើយការផលិតគឺមានការផ្តល់បច្ចេកទេស និងការសិក្សាត្រឹមត្រូវពីស្ថាប័នទាំងនោះ។

លោក យិន លិម បន្តថា ការផលិតឥដ្ឋបុរាណជួសជុលប្រាសាទដែលលោកកំពុងផលិតគឺមាន៣ខ្នាត។ ខ្នាតទី១ មានទំហំ ១,៦ស.ម គុណ ២៣ស.ម គុណ១១ស.ម, ខ្នាតទី២ ទំហំ ៧,៥០ស.ម គុណ២៣ស.ម គុណ១១ស.ម និងខ្នាតទី៣ ទំហំ៥,៥០ គុណ ២៣ស.ម គុណ១១ស.ម។

លោក សារ៉ាយ គឹមហួល មន្រ្ដីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មូលហេតុដែលអាជ្ញាធរជាតិអប្សរាជ្រើសរើសសិប្បកម្មរបស់លោក យិន លិម ក្នុងការផលិតឥដ្ឋជួសជុលប្រាសាទ ពីព្រោះថាសិប្បកម្មនេះគោរពនូវលក្ខខណ្ឌបច្ចេកទេសដែលអ្នកជំនាញផ្តល់ជូន។ លោកបន្តថា ដើម ឡើយមុនជ្រើសរើសសិប្បកម្មនេះ អ្នកជំនាញបានចុះទៅទីតាំងផ្ទាល់ ដោយបានផ្តល់បច្ចេកទេស និងហាមមិនឱ្យយកដីទីទួលបុរាណក្បែរនោះមកផលិតឡើយ។

បន្ថែមពីនេះ តាមការបញ្ជាក់ពីលោក សារ៉ាយ គឹមហួល ឥដ្ឋបុរាណដែលយកមកជួសជុលប្រាសាទគឺមានទំហំធំ ក្រាស់ និងម៉ដ្ឋល្អជាងឥដ្ឋធម្មតា។ ចំណែកការបញ្ជាទិញ គឺទៅ តាមទំហំនិងគម្រោងប្រចាំឆ្នាំនៅតាមការដ្ឋាននីមួយៗ ហើយការដ្ឋានដែលអាជ្ញាធរជាតិអប្សរាយកមកជួសជុល មានដូចជានៅប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទ លលៃ ប្រាសាទអកយំ ប្រាសាទបាតជុំ។ល៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *