១. ស្នើដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ផ្តោតអារម្មណ៍ឱ្យកាន់តែខ្លាំងទៅលើទ្រឹស្តី«ចង្កឹះមួយបាច់» ដើម្បីពង្រឹងសាមគ្គីភាពនិងភាពរឹងមាំ ព្រមទាំងដើម្បីពង្រឹងគោលដៅរួម និងជោគជ័យរួម។ សិល្បករ សិល្បការិនីគ្រប់ទម្រង់គួរចូលរួមចងក្រងជាសមាគម ឬចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នាក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាយើង។

២. ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ សិល្បការិនី គឺជាគំរូ ជាតួអង្គដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្តែងដោយផ្ទាល់ឬមិនផ្ទាល់។ ការរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនី គឺពិតជាអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនីទាំងអស់ ដែលការសម្រេចចិត្តត្រឹមត្រូវនឹងទទួលបានការគាំទ្រពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវនឹងទទួលរងនូវសម្ពាធសង្គម។ ដូចនេះ មុននឹងជ្រើសរើសយកសកម្មភាពណាមួយ សិល្បករ សិល្បការិនីទាំងអស់ គួរប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ សច្ចធម៌ ទាំងសំណេរ ទាំងការប្រើប្រាស់ពាក្យពេចន៍ កាយវិការ សកម្មភាព ឥរិយាបថ ការស្លៀកពាក់ ដោយរក្សាឱ្យបាននូវភាពថ្លៃថ្នូរ និងការចូលរួមលើកកម្ពស់សីលធម៌ក្នុងសង្គម ដែលនឹងចូលរួមដល់ការពង្រឹងនូវអត្តសញ្ញាណនិងកិត្យានុភាពជាតិ។

៣. សម្តេចធិបតីយល់ថា ការបង្កើតយុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍ពីសាធារណជន គួរមានការថ្លឹងថ្លែង និងពិចារណាជាមុន ពីផលប៉ះពាល់ផ្នែកវប្បធម៌ប្រពៃណីនិងសីលធម៌សង្គម ដោយពុំគួរប្រើប្រាស់ជំហរអត្តនោម័តិ ឬជំហរចង់ល្បីភ្លាមៗ ដែលអាចប៉ះពាល់ដល់បុគ្គលផង ដល់តម្លៃជាតិផងនោះទេ។ ខ្ញុំមានជំនឿថា គ្រប់សិល្បករ សិល្បការិនីទាំងអស់ សុទ្ធតែមានការទទួលខុសត្រូវខ្ពស់ ជាមួយនឹងការទទួលស្គាល់និងការកែប្រែ នូវរាល់កំហុសឆ្គងដោយចេតនា និងអចេតនា។

៤. ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់។ ដើម្បីចូលរួមដល់ភាពរឹងមាំនៃសង្គមយើង សម្តេចធិបតីសូមរំឭកដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។

៥. ពាក់ព័ន្ធនឹងការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរទៅដល់ភាពប្លែក ថ្មី សប្បាយ ទាក់ទាញ សូមឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការបញ្ចូលសារអប់រំ និងសារលើកស្ទួយសង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌ មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃដែលបានបង្កើត ជាគំរូ និងកេរដំណែលសម្រាប់ជនជំនាន់ក្រោយ។

៦. «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ។ សិល្បករ សិល្បការិនីរៀមច្បង មិនត្រឹមតែជារលកនាំមុខប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គដែលមានបទពិសោធ និងជាគំរូដល់រលកជំនាន់ក្រោយ ដល់យុវជនបន្តវេន។ ក្នុងន័យនេះ ការជួយជ្រោមជ្រែង បង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងការលើកទឹកចិត្តដល់យុវជនវ័យក្មេង គឺជាកាតព្វកិច្ច ដើម្បីបន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនទៅមុខរបស់វិស័យសិល្បៈវប្បធម៌របស់យើង។

ជារួម ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសិល្បៈ គឺជាយានឆ្ពោះទៅរកនិរន្តរភាពនៃភាពជោគជ័យ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅតែបន្តបើកចំហរ និងពង្រឹងកិច្ចសហការ គាំទ្រដល់គ្រប់សមាគមសិល្បៈ និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ និងបន្តតួនាទីជាអាណាព្យាបាល ផ្តល់យោបល់តម្រង់ទិស ផ្តល់ជំនួយបច្ចេកទេស ព្រមទាំងត្រូវពង្រឹងនូវយន្តការលើកសរសើរ និងលើកទឹកចិត្ត ក្រោមទម្រង់ជាប័ណ្ណសរសើរ លិខិតទទួលស្គាល់ លិខិតគាំទ្រ ឬសំណើសុំគ្រឿងឥស្សរិយយសជាដើម។ ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ត្រូវធ្វើការណែនាំ កែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំងតម្រង់ទិសនិងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *