លោកសាស្រ្តាចារ្យ Koen VAN Balen ជំនាញការអាដហុក ICC Preah Vihear បានចុះពិនិត្យ និងផ្តល់យោបល់លើការងារអភិរក្ស ជួសជុល និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងដំណើរបេសកកម្មនៅរមណីយដ្ឋានប្រាសាទកោះកេរ អាជ្ញាធរជាតិព្រះវិហារ និងជំនាញការអន្តរជាតិ បានចុះពិនិត្យ និងពិភាក្សា អំពីកិច្ចការងារអភិរក្ស និងជួសជុលប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និងការរៀបចំសៀគ្វីប្រាសាទប្រាង្គ ក្រុមប្រាសាទលិង្គ ប្រាសាទខ្នារ និងត្រពាំងអង្គខ្នារ ប្រាសាទចិន ប្រាសាទប្រាំ ប្រព័ន្ធផ្លូវទឹកបុរាណ និងការរៀបចំជណ្តើរឡើងប្រាសាទប្រាង្គ ដើម្បីលើកតម្លៃបេតិកភណ្ឌពិភពលោក និងធានានូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនាកម្សាន្តក្នុងរមណីយដ្ឋាន។
ដោយឡែកនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ក្រុមការងារបានធ្វើបទបង្ហាញ ពិភាក្សា និងស្នើសុំអនុសាសន៍ពីជំនាញការ អំពីកិច្ចការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋាន ក្នុងនោះមាន លទ្ធផលកំណាយ និងវិធីសាស្រ្តជួសជុលស្ពានហាលខាងលិចនៃគោបុរៈទី៥ ជណ្តើរបុរាណខាងជើង គម្រោងជួសជុលរានហាលចន្លោះគោបុរៈទី៥ និងទី៤ គម្រោងរៀបចំកម្រាលឈើនៅចំណុចប៉ើយតាឌី ការរៀបចំសៀគ្វីទេសចរណ៍នៅលើភ្នំប្រាសាទព្រះវិហារ និងការអភិរក្ស ទល់ទ្រប្រាសាទតូច។
តាមរយៈដំណើរបេសកកម្មកនេះ មន្រ្តីអាជ្ញាធរជាតិព្រះវិហារទាំងពីររមណីយដ្ឋាន បានទទួលការរៀនសូត្របន្ថែមទៀតពីជំនាញការ និងកាន់តែមានភាពជឿជាក់នៅក្នុងបច្ចេកទេសអភិរក្ស និងកិច្ចការអភិវឌ្ឍន៍របស់ខ្លួន ស្របតាមគោលការណ៍ណែនាំអន្តរជាតិ។ ជាមួយគ្នានេះផងដែរ ជំនាញការអន្តរជាតិក៏បានវាយតម្លៃខ្ពស់ពី វិធីសាស្រ្ត និងបច្ចេកទេសអភិរក្សរបស់មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារផងដែរ។



















Laisser un commentaire