នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៌ ឆ្នាំខាល បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ មានបើកវគ្គបណ្តុះបណ្តាលអំពីសេវាកម្មម្ហូបអាហារ ដែលរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ក្រោមអធិបតីយភាព ឯកឧត្តមសុខ សាន្តតារា អភិបាល នៃគណៈអភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមអគ្គនាយករង ផេង សំអឿន តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០២៣ និងមានសិក្ខាកាមចូលរួមសរុបចំនួន១២រូប។ គោលបំណងសំខាន់នៅក្នុងវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើននូវចំណេះជំនាញលើផ្នែកសេវាកម្មម្ហូបអាហារ ដល់សេវាករដែលកំពុងប្រកបអាជីវកម្មនៅរមណីយដ្ឋានប្រាសាទកោះកេរ។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានចែកជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមចំនួន៣៤រូប ដែលបានបញ្ចប់វគ្គសិក្សាខាងលើកាលពីពេលថ្មីៗកន្លងទៅនេះ។








Laisser un commentaire