នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយ សាខាពន្ធដារខេត្តសៀមរាប និងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បន្តយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ១,២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។

អញ្ជើញចូលរួមក្នុងឱកាសនោះ មានឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ រួមទាំងមន្ត្រី-បុគ្គលិកជាច្រើននាក់ទៀត។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា ដើមឈើមិនត្រឹមតែមានសារៈសំខាន់ខ្លាំងដល់រមណីយដ្ឋានអង្គរទាំងមូលប៉ុណ្ណោះទេ។ តែក៏ផ្តល់ជាប្រយោជន៍ទៅដល់មនុស្ស សត្វ និងបរិស្ថានជុំវិញផង។ ក្រោយពេលដាំរួច ដើមឈើទាំងនោះ ត្រូវបានថែទាំនិងស្រោចទឹក ជាប្រចាំ ដោយក្រុមការងារអាជ្ញាធរជាតិអប្សរា ដើម្បីទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមអគ្គនាយករង ក៏បានថ្លែងអំណរគុណ ដល់សាខាពន្ធដារខេត្តសៀមរាប សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងវិស័យឯកជនផង។ ដែលបានចូលរួមចំណែកក្នុងការងារដាំដុះដើមឈើឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប បានថ្លែងអំណរគុណអាជ្ញាធរជាតិអប្សរា ចំពោះការផ្តល់ឱកាសដល់ស្ថាប័នលោក បានចូលរួមក្នុងសកម្មភាពដាំដើមឈើឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ព្រោះថាដើមឈើដែលបានដាំនៅពេលនេះ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិ និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ។

ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ បានបង្ហាញក្តីសប្បាយរីករាយ ក្នុងឱកាសចូលរួមយុទ្ធនាការដាំដើមឈើឡើងវិញ នៅខាងមុខប្រាសាទអង្គរ ដើម្បីលើកកម្ពស់ទេសភាពបៃតង និងចូលរួមចំណែកថែរក្សាបរិស្ថាន នៅតំបន់រមណីយដ្ឋានអង្គរ។

សូមជម្រាបផងដែរថា ក្រោយពេលប្រជាជនមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងផ្តល់ជូន។ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងស្មៅ នៅលើទីតាំងដីទំនេរ និងបានគៀរគស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការនេះ៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ

រូបភាព៖លោក ហាប់ គឹមអាន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *