អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ រួមគ្នាដាំស្មៅ និងដើមឈើ នៅបរិវេណខាងត្បូងឆៀងខាងលិចនៃប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ីអង្គរ (ICC-Angkor) បានរួមគ្នាដាំស្មៅចំនួន៤០០ម៉ែត្រការ៉េ និងកូនដើមឈើចម្រុះចំនួនជិត៥០០ដើម ស្ថិតនៅបរិវេណខាងត្បូង ឆៀងខាងលិចប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញការ អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) លេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្រ្តី និងបុគ្គលិក អាជ្ញាធរជាតិអប្សរាជាច្រើនរូប។

សូមបញ្ជាក់ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សាបានសហការជាមួយស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអង្គការដៃគូនានា បានដាំស្មៅសរុបចំនួន២៧,៤៨១ម៉ែត្រការ៉េ និងដាំកូនឈើសរុបចំនួន២២,៩៦៣ដើម ដើម្បីបំពេញបន្ថែមនៅលើដី ដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង និងតំបន់រុនតាឯក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

រូបភាព៖លោក ហាប់ គឹមអាន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *