កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញបើកជាផ្លូវការកម្មវិធីសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ដោយមានការចូលរួមអមដំណើរពី ឯកឧត្តម លោក លោកស្រី​ នៃក្រុមការងារ​ លោកគ្រូអ្នកគ្រូ​ សិស្សានុសិស្សជាច្រើនរូប។

ក្នុងកម្មវិធីសង្ក្រាន្តថ្ងៃទី១ នេះមានកម្មវិធីសប្បាយៗជាច្រើនដូចជា លេងល្បែងកម្សាន្តប្រជាប្រិយ បោះអង្គុញ ដណ្តើមស្លឹកឈើ លាក់កន្សែង ការបង្ហាញទស្សនីយភាពក្បាច់គុនល្បុក្កតោ របាំត្រុដិ និងកម្មវិធីប្រឡងរាំ ដោយមានការអញ្ជើញចូលរួមពីសិស្សវិទ្យាល័យទាំងបីក្នុងស្រុកកំពង់ត្រឡាចចំនួន ២៣គូ រួមមាន÷ វិទ្យាល័យជាស៊ីម កំពង់ត្រឡាច ចំនួន ៧គូ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួន ៦គូ និងវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាចចំនួន ១០គូ។

កម្មវិធីប្រកួតរាំនេះ មានការដាក់ពិន្ទុពីសំណាក់ លោកជំទាវ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ប៉ុក សារ៉ាន់ ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក អន ឈាហេង មន្ត្រីនាយកដ្ឋានសិល្បៈទស្សនីយភាព។

កម្មវិធីសង្ក្រាន្តនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយប្រកបដោយទឹកមុខស្រស់ញញឹម និងការប្រឡងរាំចង្វាក់ប្រជាប្រិយខ្មែរ ដែលជាការថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយ បណ្តុះឆន្ទ:ឱ្យយុវជនជំនាន់ក្រោយបានស្គាល់ និងស្វែងយល់នូវកេរមរតកដូនតាខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *