កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលេីកទី៨ បានអញ្ជើញពិនិត្យនិងឆ្លងស្នាដៃទស្សនីយភាពសិល្បៈ សម្រាប់ត្រៀមការសម្តែងក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ពិធី “បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤” និង “ឆ្នាំទស្សនាសៀមរាប ២០២៤” ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលេីកទី៨។

សូមបញ្ជាក់ជូនថាកម្មវិធី “បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤” និង “ឆ្នាំទស្សនាសៀមរាប ២០២៤” ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ” ប្រារព្ធធ្វើឡើងនៅក្នុងខេត្តសៀមរាប នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធ ព្រមទាំងលោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា សិល្បករសិល្បការិនី និងតារាចម្រៀងជាច្រើនរូបផងដែរ។

កម្មវិធីខាងលើនេះ មានរៀបចំសិល្បៈទស្សនីយភាពជាច្រើនទម្រង់ ដែលសម្តែងដោយសិល្បករសិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប រួមមាន÷

១-របាំ“ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ” ជាប្រភេទរបាំប្រពៃណីបែបទំនើបកម្ម ដែលមានខ្លឹមសារជាសំខាន់ផ្តោតទៅលើគុណតម្លៃនិងសារៈប្រយោជន៍នៃទន្លេ។ ទស្សនីយភាពនេះសម្តែងដោយ÷ សិល្បករនៃនាយកដ្ឋានសិល្បៈទស្សនីយភាព។

២-របាំ “ឆ្នាំទស្សនាសៀមរាប ២០២៤” ជាប្រភេទរបាំប្រពៃណីបែបទំនើបកម្ម ដែលមានខ្លឹមសារ ការស្វាគមន៍ភ្ញៀវទេសចរអញ្ជើញមកទស្សនាខេត្តសៀមរាបដែលជាតំបន់សម្បូរទៅដោយសម្បត្តិវប្បធម៌ជាតិ។ ទស្សនីយភាពនេះសម្តែងដោយ÷ សិល្បករនាយកដ្ឋានសិល្បៈទស្សនីយភាព។

៣-ចម្រៀងបទ “អប្សរា” សម្តែងដោយ៖ សិល្បករមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តសៀមរាប៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *