នាព្រឹកថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររៀបចំការសម្ដែងសិល្បៈទស្សនីយភាព បានអញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីត្រៀមការសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣។
ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានត្រៀមសិល្បករសិល្បការិនី ចំនួន ១៨៥ នាក់ ដើម្បីចូលរួមសម្ដែងសិល្បៈទស្សនីយភាព នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចប្រធានគណបក្ស សម្ដេចប្រធានកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្ស មហាជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ការហាត់សមរបស់សិល្បករសិល្បការិនីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់ខ្ពស់ក្រោមការដឹកនាំ និងពិនិត្យយ៉ាងល្អិតល្អន់ពីសំណាក់លោកគ្រូអ្នកគ្រូជំនាញៗជាច្រើនរូប ធ្វើយ៉ាងណាឱ្យការតម្លើងស្នាដៃសិល្បៈថ្មីនេះ មានភាពល្អឥតខ្ចោះ និងសម្ដែងឱ្យបានល្អបំផុត ដើម្បីបង្ហាញពីអត្ថន័យជាប្រវត្តិសាស្រ្ត នៃទិវាជ័យជម្នះ ៧ មករា ដែលជាទិវាបុណ្យរបស់ប្រជាជនកម្ពុជាទាំងមូល ដែលបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍៕





Laisser un commentaire