នៃ​​អគ្គនាយកបេតិកភណ្ឌចុះមកពិនិត្យ​និងវាយតម្លៃសមុច្ច័យកុលាលភាជន៍ដែលស្រង់យកពីទីតាំងសំពៅ

លិចក្នុងទីតាំងភូមិសាស្ត្រចន្លោះកោះតាគៀវ​ និងកោះឬស្សី

នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ បឋមាសាឍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនិង ទី១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក សុខា អគ្គនាយនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារនៃ​​អគ្គនាយកបេតិកភណ្ឌ សហការជាមួយ ឯកឧត្តម​​​ ឧត្តមនាវាទោ លី ហួត មេបញ្ជាការសន្តិសុខលំហសមុទ្រមន្ត្រីជាន់ខ្ពស់នៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ដើម្បីពិនិត្យនិងវាយតម្លៃ​ សមុច្ច័យកុលាលភាជន៍ដែល កងកម្លាំងនៃទី

បញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រស្រង់យកពីសំពៅជំនួញ

លិចក្នុងទីតាំងភូមិសាស្ត្រចន្លោះកោះតាគៀវ​ និងកោះឬស្សី មករក្សាទុកនៅទីបញ្ជាការជួរមុខ

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ និងនៅសាលាហ្វឹកហ្វឹនកងទ័ពជើងទឹក

ក្នុងខេត្តព្រះសីហនុ។

សមុច្ច័យដែលបានស្រង់ចេញពីសំពៅលិចរួមមានកុលាលភាជន៍ច្រើនប្រភេទ ខ្លះជា ពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម ចាន ឆ្នាំង ជើងក្រានរួមទាំងវត្ថុផ្សេងៗជាច្រើន។ កុលាលភាជន៍ភាគច្រើន ដុតក្នុងកំដៅខ្ពស់និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់ ដូចជា ឡមេណាំណយនិងឡស្រីសជនាល័យ ក្នុងខេត្តសិង្ហបុរី និងសុខោទ័យ ក្នុងប្រទេសថៃសព្វថ្ងៃនេះ​។ ចំពោះ ភាជន៍ផលិតបែបប្រពៃណី គឺផលិតនៅតាមភូមិក្បែរក្រុងអយុធ្យា។ តាមការសិក្សាប្រៀបធៀបសមុច្ច័យកុលាលភាជន៍រកឃើញ យើងអាចសន្មតថា ដំណើរសំពៅដឹកទំនិញជំនួញនេះ ប្រហែលអាចស្ថិតនៅចន្លោះ ស.វ.១៥ ដល់ ស.វ.១៧ នៃគ​.ស. ឬយើងអាចនិយាយបានថាស្ថិតនៅរវាង ៣០០ឆ្នាំ ទៅ៥០០ឆ្នាំ មុនពេលបច្ចុប្បន្ន។

កំឡុងពេលជួបប្រជុំពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិ

សុខលំហសមុទ្រ ឯកឧត្តម អ៊ុក សុខា បានស្នើសុំ ឯកឧត្តម ឧត្តមនាវាទោ លី ហួត ជួយសហការការការពារតំបន់សំពៅលិចដោយបោះផ្ទាំងសញ្ញាសម្គាល់តំបន់អភិរក្សបេតិកភណ្ឌក្រោមទឹកក្នុងភូមិសាស្ត្រសំពៅលិចនិងបានសុំប្រគល់វត្ថុដែលបានរកឃើញជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈរក្សាទុកជាសម្បត្តិជាតិ។

កិច្ចពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងយោគយល់គ្នា ហើយក្រុមការងារទាំងពីរ នឹងសន្យានឹងបន្តធ្វើការរួមគ្នាទៀតនៅពេលខាងមុខដ៏ឆាប់បន្ទាប់ពីស្ថាប័នទាំងពីរឯកភាពគ្នាលើនីតិវិធីក្នុងការអនុវត្តន៍ការងារ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *