ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើក “មហោស្រពភាពយន្តជប៉ុន លើកទី៩” នៅផ្សារទំនើប អេអន១ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដៃគូសហការ និង អ្នកឧបត្ថម្ភ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍គាំទ្រនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងសូមជំរុញលើកទឹកចិត្តដល់ផលិតករនៃប្រទេសទាំងពីរ ចាប់ដៃគ្នាបង្កើតឱកាសវិនិយោគលើវិស័យភាពយន្តតាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើការផលិតភាពយន្ត ជាពិសេសសហការផលិតខ្សែភាពយន្តរួមគ្នាក្នុងគោលដៅពង្រឹងឧស្សាហកម្មភាពយន្តកម្ពុជានិងក្នុងចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិនិងបរទេសឱ្យកាន់តែមានភាពរស់រវើកថែមទៀត។

ក្នុងនាម លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការ និងចូលរួមចំណែកយ៉ាងសំខាន់ផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ ក្នុងបុព្វហេតុអភិរក្សសម្បត្តិបេតិកភណ្ឌ ព្រមទាំងអភិវឌ្ឍធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធវប្បធម៌នានា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា។

រូបភាព៖ ការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *