News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តបង្រៀននិងគ្រប់គ្រងថ្នាក់រៀនលើកទី២

    នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តបង្រៀននិងគ្រប់គ្រងថ្នាក់រៀន ក្រោមអធិបតីភាពឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អមដោយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងសិក្ខាកាមជាលោកគ្រូអ្នកគ្រូសាលាមធ្យមវិចិត្រសិល្បៈចូលរួមចំនួន១០២រូប។ លោក ហេង កំសាន្ត នាយកស្តីទីសាលាមធ្យមវិចិត្រសិល្បៈ ក៏បានថ្លែងថាវគ្គបណ្តុះបណ្តាលនេះនឹងលើកឡើងបង្ហាញពីការអប់រំសីលធម៌ និងការគ្រប់គ្រងចិត្ត ដើម្បីប្រសិទ្ធភាពនៃការបង្រៀន ក្រមសីលធម៌និងវិជ្ជាជីវៈគ្រូបង្រៀន របៀបនៃការសរសេរប្លង់ មុខវិជ្ជា វិធីសាស្ត្រតាមបែបមជ្ឈមណ្ឌលសិស្សមជ្ឈមណ្ឌលវិធីសាស្ត្របង្រៀនក្នុងបរិបទថ្មីបែប ឌីជីថល វិធីសាស្ត្របង្រៀនតាមបែបដោះស្រាយបញ្ហាតាមបែបសហការនិងតាមបែបឯករាជ្យ។ ទន្ទឹមនេះដែរ លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានថ្លែងដែរថា ផ្អែកលើគោលនយោបាយនិងយុទ្ធសាស្រ្តកំណែទម្រង់របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើង ក្នុងមុខងារជាអ្នកផ្តល់ការគាំទ្រលើវិស័យបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធនមនុស្សដល់អង្គភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការធ្វើទំនើបកម្មមុខងារសាធារណៈ ឱ្យប្រកបដោយធនធាន ដែលមានគុណភាព មានវិជ្ជាជីវៈ ជាបញ្ញាជន វិញ្ញូជនរដ្ឋបាល ជាអ្នកគ្រប់គ្រង និងដំណើរការរដ្ឋបាលប្រកបដោយសមត្ថភាព…

  • ក្រុមជួសជុលនៃអាជ្ញាធរជាតិអប្សរា បានរកឃើញមានការសាងសង់ខឿនពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័ន

    ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ពន្ធថ្មីមួយដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នានៅរួតទីបីរបស់ប្រាសាទបាយ័ន។ ការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងកំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទកំពុងជួសជុលពង្រឹងរចនាសម្ពន្ធប្រាសាទនៅរួតទីបីនៃប្រាសាទ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលក្រុមអ្នកបច្ចេកទេសរកឃើញថា មានការសាងសង់ខឿនប្រាសាទបុរាណត្រួតគ្នារហូតដល់ពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័ន​ដែល ខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ មានសង់ខឿនមួយទៀតបន្ថែមពីខាងក្រៅ ព្រមទាំងការប្តូរប្លង់ស្ថាបត្យកម្មក្នុងកំឡុងពេលសាងសង់នោះផង។ ក្រុមអ្នកបច្ចេកទេសបានសង្កេតឃើញថា ខឿនដែលសាងសង់មុន គឺអត់សូវមានក្បាច់រចនាទេ គឺមានតែស្នាមដាប់រំលីងថ្មតែប៉ុណ្ណោះ ចំណែកឯ ខឿនដែលសាងសង់ពង្រីកក្រោយ គឺឃើញមានក្បាច់រចនាជាចម្លាក់ពងត្រីយ៉ាងស្អាត។ ក្រុមស្ថាបត្យករ បានសន្និដ្ឋានថា ការសាងសង់ខឿនប្រាសាទបុរាណថែមថយបែបនេះ ប្រហែលបណ្តាលមកពីអ្នកសាងសង់មានការផ្លាស់ប្តូរគំនិតនៃការរចនាសំណង់ឱ្យកាន់តែស្អាតជាងមុន។ កញ្ញា សុវណ្ណលីលីន ពន្យល់ទៀតថា ការប្រទះឃើញសំណង់ប្រាសាទបុរាណមានខឿនពីរជាន់នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យអ្នកសិក្សាស្រាវជ្រាវសំណង់ ស្ថាបត្យកម្មនៅតាមប្រាសាទខ្មែរបុរាណកាន់តែបានស្វែងយល់បន្ថែមទៀត សម្រាប់ការចងក្រងផ្នែកស្ថាបត្យកម្មសម័យអង្គរទុកជាឯកសារឱ្យអ្នកស្រាវជ្រាវជំនាន់ក្រោយ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក យី សុថា/លោក ភោគ ជា/លោក អូលីវីយេ…

  • សត្វឆ្មាដាវញីមួយក្បាលទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

    កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានដឹកជញ្ជូនសត្វឆ្មាដាវ(Leopard Cat) ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង មានគម្រោងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ តាមរយៈគម្រោងនេះដែរ កន្លងមកគម្រោងទទួលបានជោគជ័យ​ក្នុងការដោះលែងសត្វព្រៃ​ជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១៥ក្បាល(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៧ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៨ក្បាល(កើតកូនបានចំនួន៥ក្បាល) សត្វឆ្មាដាវ(Leopard Cat) ចំនួន២ក្បាល កេងកងតូច(Oriental Pied Hornbill) ចំនួន៧ក្បាល កេងកងធំ(Great Hornbill) ចំនួន៦ក្បាល ព្វាំង(Wreathed Hornbill) ចំនួន៧ក្បាល…

  • អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត

    កូនឈើចម្រុះជិត៤០០ដើម និងស្មៅ៣០០ម៉ែត្រការ៉េទៀត ត្រូវបានដាំនៅបរិវេណរមណីយដ្ឋានអង្គរ នៅក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាលា ប៊ែលធី អន្តរជាតិ និងប៊ែលធី ទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងសិស្សានុសិស្សជ័យលាភីនៃសាលា ប៊ែលធី អន្តរជាតិ ជាង២០០នាក់ បានដាំកូនឈើចម្រុះចំនួន៣៨០ដើម និងស្មៅចំនួន៣០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ)។ ការដាំដើមឈើនេះសោត ធ្វើឡើងក្នុងបំណងដើម្បីបណ្តុះស្មារតីសិស្សានុសិស្សគ្រប់ៗរូប ស្រឡាញ់ព្រៃឈើ ស្រឡាញ់បរិស្ថាន និងដាំទុកជាអនុស្សាវរីយ៍ ក៏ដូចជាបង្កើនសោភ័ណភាពក្នុងឧទ្យានអង្គរ៕ អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

  • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្តព្រះវិហារ ចូលរួមសម័យប្រជុំលើកទី ៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២

    សម្រាប់កិច្ចប្រជុំនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនឹងពិនិត្យសម្រេចចុះបញ្ជីរមណីយដ្ឋានបេតិកភណ្ឌចំនួន៥៣ របស់រដ្ឋភាគីនានា ដែលបានស្នើសុំចុះបញ្ជី។ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំឯកសារ និងស្នើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ តាំងពីឆ្នាំ២០១៨ មកម្លេះ ហើយទើបតែឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចដាក់បញ្ចូលក្នុងសម័យប្រជុំដើម្បីពិនិត្យសម្រេច និងបានអនុម័តជាឯកច្ឆ័ន ចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់នូវតម្លៃលេចធ្លោជាសាកល តាមរយៈលក្ខណៈវិនិច្ឆ័យទី២ និងទី៤ ព្រមទាំងទទួលស្គាលថា រមណីយដ្ឋានប្រាសាទកោះកេររក្សាបាននូវភាព Integrity និង Authenticity ពេញលេញ។ នេះជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាគ្រប់រូប ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់ និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហាចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប !

  • ជំនួបរវាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

    ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជំនួបរវាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅក្នុងជំនួបនោះលោកជំទាវរដ្ឋមន្រ្តី បានរំលឹកឡើងអំពីមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានតាំងពីសម័យអង្គរ ហើយត្រូវបានលើកកម្ពស់តាមរយៈ សម្តេចព្រះបរមរតនកោដ នរោត្តមសីហនុ និងក្រោយមកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរក៏បានលើកឡើងអំពីការចូលរួមរបស់ភាគីចិននៅក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរ ហើយស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣នៅប្រាសាទព្រះវិហារ។ ជាមួយគ្នានោះ ភាគីចិនក៏បានសន្យាថានឹងពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជាលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគត។ នៅទីបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមមួយដើម្បីជម្រុញទំនាក់ទំនងការងារឲ្យកាន់តែមានប្រសិទ្ធិភាពនៅពេលអនាគត។