News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ពិធីបើកមហោស្រពភាពយន្តខ្លីចតុមុខជំនាន់ទី១២ឆ្នាំ២០២៣

    នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នារោងភាពយន្ត Legend Premium Cinema Olympia ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តខ្លីចតុមុខជំនាន់ទី១២ ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីបើកមហោស្រពនេះ ឯកឧត្តម អធិបតីបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមភាពយន្តឈូករ័ត្ន ដែលបានរៀបចំនូវមហោស្រពនេះឡើងអស់រយៈពេល១២ឆ្នាំកន្លងមកហើយ។ ឯកឧត្តម អធិបតីក៏បានបន្ថែមទៀតថា ក្រុមភាពយន្តឈូករ័ត្ន គឺជាក្រុមយុវជនស្ម័គ្រចិត្តមួយដែលស្រឡាញ់ និងចង់លើកស្ទួយវិស័យភាពយន្ត តាមរយៈការផលិត ការរៀបចំវគ្គបណ្តុះបណ្តាល និង រៀបចំកម្មវិធីធំៗដូចជាមហោស្រពភាពយន្តខ្លីចតុមុខនេះ។ ជាចុងបញ្ចប់ ឯកឧត្តម សោម សុគន្ធ បានលើកទឹកចិត្តនិងជំរុញឱ្យក្រុមភាពយន្តឈូករ័ត្នបន្តរៀបចំមហោស្រពនេះបន្តទៀត ព្រមទាំងជូនពរក្រុមការងាររៀបចំទទួលជោគជ័យនិងមានការគាំទ្រពីសំណាក់ដៃគូ។ គួរបញ្ជាក់ផងដែរថា ក្នុងពិធីបើកមហោស្រពភាពយន្តខ្លីចតុមុខជំនាន់ទី១២ ឆ្នាំ២០២៣នេះ មានអ្នកចូលរួម ពីសំណាក់ដៃគូ សមិទ្ធករជំនាញ ភ្ញៀវពីវិស័យសិល្បៈផ្សេងៗ ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ១៥០នាក់។…

  • ប្រជាពលរដ្ឋបានប្រគល់ព្រះបដិមាដែលបានរកឃើញជូនមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាល

    នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បានដឹកនាំក្រុមការងារការិយាល័យជំនាញ ចូលរួម​សហការជាមួយ​លោក​ ជួប​ រដ្ឋា​ អភិបាលរងនៃគណៈអភិបាលស្រុក​អង្គស្នួល​ អាជ្ញាធរ​មូលដ្ឋាន​ បានចូលរួមពិធីប្រគល់និងទទួលព្រះបដិមា ដែលប្រជាពលរដ្ឋទេីបប្រទះឃេីញ​ ក្នុងដីចំការរបស់ខ្លួន​ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​។ ដោយក្នុងស្មារតីនៃការចូលរួមចំណែកថែរក្សា ការពារ និងជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវចូលរួមផងនោះ ម្ចាស់ដែររកឃេីញនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្រេចប្រគល់ព្រះបដិមាខាងលើ ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។ គិតត្រឹមម៉ោង១:៣០នាទី​ ថ្ងៃត្រង់លោកស្រីប្រធានមន្ទីរ និងក្រុមការងារការិយាល័យជំនាញលោកអភិបាលរងនៃគណៈអភិបាលស្រុក​អង្គស្នួល​ អាជ្ញាធរ​មូលដ្ឋាន​ បានដឹកបដិមាដែលប្រជាពលរដ្ឋប្រគល់ឱ្យនោះ មករក្សានៅឃ្លាំង​របស់មន្ទីរដោយសុវត្ថិភាព​រង់ចាំការសិក្សាបន្ត៕ មន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាល

  • ការចូលរួមអភិវឌ្ឍសហគមន៍នៅរមណីយដ្ឋានប្រាសាទកោះកេរនៅដើមត្រីមាសទី៤ ឆ្នាំ២០២៣

    ក្រុមការងារសហគមន៍របស់នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមននៃអាជ្ញាធរជាតិព្រះវិហារបានបន្តចូលរួមការងារអភិវឌ្ឍន៍សហគមន៍នៅរមណីយដ្ឋានប្រាសាទកោះកេរទាំងបីភូមិ ដោយផ្តោតលើសកម្មភាពចាំបាច់មួយចំនួនដូចជា ១.បង្រៀនភាសាអង់គ្លេស ២.ការងារបណ្តុះបណ្តាលដាំដុះដំណាំ បន្លែ ឈើហូបផ្លែ ចកអាសូឡា(A zola) សម្រាប់ធ្វើជាចំណីសត្វ និងចិញ្ចឹមសត្វកម្រិតគ្រួសារ ៣.សម្របសម្រួលការផលិតទឹកស្អាត និង ៤.សម្របសម្រួលនិងដឹកនាំស្តារនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍។ ជាលទ្ធផលសម្រាប់ដើមត្រីមាសទី៤នេះ ក្រុមការងារទទួលបានលទ្ធផលដូចតទៅ ៖ ការងារបង្រៀនភាសាអង់គ្លេសដល់សិស្សានុសិស្សថ្នាក់ទី៤ ៥ និង៦នៃសាលាបឋមសិក្សាកោះកេរ រំចេក និងតាប្រា បានចំនួន៦ថ្នាក់ មានសិស្សសរុបចំនួន ១៤២នាក់។ សហគមន៍បានទទួលនូវបទពិសោធន៍លើការដាំដុះបន្លែ ឈើហូបផ្លែ និងទទួលកូនឈើហូបផ្លែចម្រុះចំនួន ៣៨២ដើម ស្មើនឹង ៣០គ្រួសារ។ ទន្ទឹមគ្នានេះ ក្រុមការងារបានបង្រៀនបច្ចេកទេសផលិតវ៉ាក់សាំងធម្មជាតិសម្រាប់ការពារមាន់ឈឺ ឱ្យមាន់ឆាប់ធំធាត់លឿន និងចូលរួមសង់ទ្រុងមាន់ជាមួយសហគមន៍សរុបចំនួន ១៣គ្រួសារ។ ចំពោះការងារផលិតទឹកស្អាតសម្រាប់សហគមន៍ប្រើប្រាស់វិញ ក្រុមការងារបានសម្របសម្រួលជាមួយគណៈកម្មការគ្រប់គ្រងម៉ាស៊ីនផលិតទឹកស្អាតពីបរិយាកាស និងស្ថាប័នពាក់ព័ន្ធផ្សេងៗចំនួន ៧លើក ដើម្បីធានាបាននូវដំណើរការរបស់ម៉ាស៊ីនផលិតទឹកបានជាធម្មតា។ លើសពីនេះ ក្រុមការងារបានដឹកនាំប្រជាជនភូមិកោះកេរជួសជុលស្តារប្រឡាយរំដោះទឹកបានប្រវែង ២០ម៉ែត្រ ស្តារលូកាត់ផ្លូវប្រវែង ៧ម៉ែត្រ និងជួសជុលបឋមស្ពានឈើឆ្លងពីភូមិកោះកេរទៅសាលាបឋមសិក្សាកោះកេរឱ្យដំណើរការបានវិញ…

  • កិច្ចប្រជុំនេះផ្តោតទៅលើកិច្ចសហប្រតិបត្តិការផ្នែកសិល្បៈ និងវប្បធម៌រវាងប្រទេសសមាជិកអាស៊ាន និងប្រទេសសមាជិកអាស៊ាន ជាមួយចិន ជប៉ុន កូរ៉េ ដែលជាប្រទេសដៃគូសហប្រតិបត្តិការ។

    អនុវត្តតាមការចាត់តាំងរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបានដឹកនាំប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈលើកទី១៩ និងកិច្ចប្រជុំអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) និងកិច្ចប្រជុំដោយឡែករវាងអាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ។ កិច្ចប្រជុំនេះផ្តោតទៅលើកិច្ចសហប្រតិបត្តិការផ្នែកសិល្បៈ និងវប្បធម៌រវាងប្រទេសសមាជិកអាស៊ាន និងប្រទេសសមាជិកអាស៊ាន ជាមួយចិន ជប៉ុន កូរ៉េ ដែលជាប្រទេសដៃគូសហប្រតិបត្តិការ។ ប្រទេសនីមួយៗបានរាយការណ៍អំពីលទ្ធផលនៃការអនុវត្តគម្រោងនានាកាលពីឆ្នាំកន្លងទៅ ហើយក៏បានពិភាក្សាអំពីគម្រោងថ្មីៗដែលត្រូវបន្តអនុវត្តនាពេលអនាគត។ ដោយឡែកកិច្ចប្រជុំលើកទី២០គ្រោងនឹងធ្វើនៅឆ្នាំ២០២៤ ដែលប្រទេសម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះ។

  • ព្រះបដិមាដែលប្រជាពលរដ្ឋប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាល ត្រូវបានយកមករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ

    គិតត្រឹមម៉ោង៤:០០ ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បាននាំយកព្រះបដិមាដែលទទួលពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល​ ខេត្តកណ្តាល ជូនក្រុមការងារជំនាញរបស់សារមន្ទីរជាតិ​ភ្នំពេញ ដោយយកទៅរក្សាទុកនៅក្នុងឃ្លាំង​ដោយសុវត្ថិភាព​។ សូមបញ្ជាក់ជូនថា ការប្រគល់និងទទួលព្រះបដិមាខាងលើ មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកក៏បានលើកឡើងនូវការផ្តាំផ្ញើនិងថ្លែងអំណរគុណពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ជូនចំពោះអាជ្ញាធរដែនដី មន្រ្តីជំនាញនិងថ្នាក់ដឹកនាំមន្ទីរ ជាពិសេសប្រជាពលរដ្ឋ ដែលបានរកឃើញនឹងបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សា ការពារនិងអភិរក្ស ទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕

  • ជំនួបពិភាក្សាការងាររវាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងលោក David Verbiwski ភារៈធារីស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា

    នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក David Verbiwski ភារៈធារីស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានរំលឹកអំពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងកម្ពុជា និងកាណាដា។ បន្ថែមពីនេះ គម្រោងកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងសារមន្ទីរធនធានមនុស្សរបស់កាណាដា ក៏ដូចជាគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរផ្នែកស្ថាបត្យកម្មរវាងប្រទេសទាំងពីរ ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបនេះដែរ។ នាពេលអនាគត ភាគីកម្ពុជានិងកាណាដានឹងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើវិស័យវប្បធម៌៕ អត្ថបទ៖ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន រូបភាព លោក ត្រឡុង បូរិន