Catégorie : ព័ត៌មាន


  • អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្ត្ត ច្រាំងកសិន្ធុខាងជើងឆៀងខាងកើត ខ្លោងទ្វារខាងកើត បង្កាន់ដៃនាគខាងត្បូង រួតទី២ ប៉មខាងជើងឆៀងខាងកើត ស្រះទឹកខាងត្បូង ប្រាសាទតាព្រហ្មកិល និងប្រាសាទភ្នំបាខែង។ ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុល អភិរក្សនានា និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគត៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក ភោគ ជា

  • អបអរសាទររម្លឹកខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ២០២៤ ក្រោមមូលបទ៖«ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» រចនាដោយ៖ កញ្ញា អ៊ីឌឿន ដាលីន

  • នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារ បានសម្ដែងនូវការគោរពចំពោះព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសមាណទុក្ខដ៏មហាក្រៀមក្រំ សោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ការយាងចូលព្រះទិវង្គតរបស់សម្ដេច គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តម ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន លើសពីនេះ ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត លះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត។ បន្ថែមលើសពីនេះទៀត ព្រះអង្គក៏បានជួយជ្រោមជ្រែងលើកិច្ចការអភិរក្សនៅប្រាសាទលលៃ និងព្រះវិហារវត្តលលៃ ឱ្យសក្ដិសមជាបេតិកភណ្ឌពិភពលោក។ យើងខ្ញុំ សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

  • សេចក្តីព្រមានផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ដែលរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

  • នាពេលថ្មីៗនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វា យកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងទឹក ដើម្បីថតរូបក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។ ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ បច្ចុប្បន្នមន្ទីរកសិកម្មខេត្ត កំពុងសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងធ្វើការស៊ីបអង្កេតលើករណីជនខិលខូចមួយក្រុមតូចទាំងនោះ។ យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៨ ចែងថា៖ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀតព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ចែងថាៈ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ០១ខែទៅ ០១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានទៅ ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រឬបំផ្លាញជម្រករបស់វា៕

  • នាសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដោយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ បានអញ្ជើញពិនិត្យការហាត់សមការសម្តែងសិល្ប:របស់សិល្បករ សិល្បការិនី ដើម្បីប្រារព្ធពិធី អបអរសាទរទិវាវប្បធម៌ជាតិលើកទី២៦ ឆ្នាំ២០២៤ និងសំណះសំណាលជាមួយនឹងសិល្បករ សិល្បការិនី​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត។ រូបភាព៖ លោក ស៊ុន រតនៈ

  • កាលពីល្ងាចថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំកម្មវិធីសម្តែង ល្ខោនស្រមោលស្បែកធំ ដើម្បីចូលរួមអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលមានការអញ្ជើញចូលរួមទស្សនាពីទស្សនិកជនជាតិ និងអន្តរជាតិប្រមាណ ៥០០នាក់។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារ:សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការ:បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕

  • កាលពីវេលាព្រឹកថ្ងៃចន្ទ ទី៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ Rt Hon Anne-Marie Trevelyan MP រដ្ឋមន្ត្រីចក្រភព។អង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក បានឆ្លៀតពេលអញ្ជើញមកទស្សនាសារមន្ទីរជាតិកម្ពុជា ដោយមានការទទួលស្វាគមន៍ពីលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំ។ នាកំឡុងពេលនៃការចូលទស្សនានោះ លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញជូននូវរូបចម្លាក់បុរាណខ្មែរសំខាន់ៗមួយចំនួនដែលទទួលបានពីបរទេសកន្លងមក ជាពិសេស រូបចម្លាក់ថ្ម និងគ្រឿងអលង្កាមាសបុរាណខ្មែរដែលទទួលបានពីចក្រភពអង់គ្លេស។ ក្រោយបញ្ចប់ដំណើរទស្សនារូបចម្លាក់ក្នុងសាលតាំង ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីររូប បានបន្តប្រជុំពិភាក្សាការងារបន្ថែមក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្នែកវប្បធម៌លើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ១. ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណ:នៃការយោគយល់(MOU)ស្តីពីការទប់ស្កាត់ការចរាចរវត្ថុបុរាណដោយខុសច្បាប់ ២. ជួយសម្របសម្រួលក្នុងការបញ្ជូនអ្នកជំនាញមកជួយអភិរក្សសមុច្ច័យអំពីមាស និងជួយផ្តល់គំនិតយោបល់ក្នុងការរៀបចំដាក់តាំងសមុច្ច័យទាំងនោះឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ពោលគឺការរក្សាការពារមិនឱ្យមានការឡើងស្នឹមនិងខូចខាតពីសំណើមក្នុងពេលដាក់តាំងបង្ហាញ ៣. ពិនិត្យលទ្ធភាពនៃការបញ្ជូនមន្ត្រីជំនាញទៅសិក្សាវគ្គបណ្តុះបណ្តាលខ្លី ឬ វែងនៅចក្រភពអង់គ្លេសបន្ថែមទៀត ជាពិសេសគឺនៅសាកលវិទ្យាល័យ SOAS នៃចក្រភពអង់គ្លេស(SOAS University of London)។ ឆ្លៀតឱកាសនោះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានជួយសហការបញ្ជូនរូបចម្លាក់ខ្មែរដែលបាននាំចេញដោយខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញ និងបានផ្តល់ឱកាស ដល់មន្ត្រីនិងនិស្សិតខ្មែរបានទៅបន្តការសិក្សានៅចក្រភពអង់គ្លេស ជាពិសេសនៅសាលា SOAS,…

  • ប្រតិភូគណៈកម្មការជំនាញ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ដោយមានការសម្របសម្រួលឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាធ្ញាធរជាតិព្រះវិហារ។ ក្នុងដំណើរទស្សនកិច្ចនោះឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ក៏បានអញ្ជើញអុជធូបនៅរូបសំណាកលោកតាឌី រួចមកបានបន្តដំណើរចូលទស្សនាការដាក់តាំងបង្ហាញចម្លាក់បុរាណ វត្ថុសិល្បៈ និងស្វែងយល់ពីប្រវត្តិសាស្រ្តនានាដែលទាក់ទងនឹងប្រាសាទព្រះវិហារ វប្បធម៌ អរិយធម៌ខ្មែរ ដែលដូនតាខ្មែរគ្រប់ជំនាន់បានបន្សល់ទុកមកដល់សព្វថ្ងៃនេះ និងកំពុងតាំងបង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាជារៀងរាល់ថ្ងៃ។

  • ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗដល់ភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនាប្រាសាទបាយ័ន។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំស្លាកសញ្ញាហានិភ័យ ឱ្យដឹងថា ក្រុមការងារបានចុះទៅពិនិត្យទីតាំងមួយចំនួន ដែលអាចនឹងធ្វើឱ្យភ្ញៀវទេសចរគ្រោះថ្នាក់ដូចជា ដើរដួល ដើរផុតថ្ម ដើរចូលកន្លែងទាបជាដើម។ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ទើបក្រុមការងាររៀបចំដាក់ស្លាកសញ្ញានៅតាមចំណុចហានិភ័យខ្ពស់ទាំងនោះ បំណងប្រាប់ដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានដឹងជាមុន និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលកំពុងដើរទស្សនា។ លោក ប៊ូ ផានេត បន្ថែមថា ស្លាកសញ្ញាប្រាប់ដំណឹងដល់ភ្ញៀវទេសចរនេះ មានទំហំតូចល្មម មិនប៉ះពាល់ដល់ទេសភាព សោភ័ណភាពប្រាសាទនោះឡើយ ដែលអាចធ្វើឱ្យភ្ញៀវទេសចរបានឃើញ និងយកចិត្តទុកដាក់ទីតាំងដែលពួកគាត់ឆ្លងកាត់។ អាជ្ញាធរជាតិអប្សរា សូមសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមគោរពតាមការណែនាំតាមស្លាកសញ្ញាផ្សេងៗដែលបានរៀបចំនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ៕ អត្ថបទ: លោក យី សុថា រូបភាព: ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍