Catégorie : ព័ត៌មាន


  • យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលគ្រប់ប្រការជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលថ្មីៗដ៏ត្រចះត្រចង់ថែមទៀតក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយការអភិវឌ្ឍ និងភាពរីកចម្រើនសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។ ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះ ស្ម័គ្រជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញនូវបេសកកម្មដ៏ឧត្តុង្គឧត្ដមប្រពៃថ្លៃថ្លាប្រកបដោយគុណធម៌ មនុស្សធម៌ ក្នុងការរួមចំណែកលើកកម្ពស់ ជីវភាពប្រជាជន ឱ្យរស់នៅក្នុងភាពត្រជាក់ត្រជុំ សុខដុមរមនា។

  • ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង។ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រមទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា។ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖ លោក ស៊ុំម សុមេធ

  • នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានការងារមួយចំនួននៅតំបន់រមណីយដ្ឋានអង្គរ។ ការងារនេះធ្វើឡើងដើម្បីពិនិត្យ តាមដានការងារ ក៏ដូចជាផ្តល់អនុសាសន៍ក្នុងការអនុវត្តជាបន្តបន្ទាប់ទៀត៕ រូបភាព៖ ហាប់ គឹមអាន

  • ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប៉ុន្តែពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោរបន់ស្រន់របស់ប្រាសាទនេះរួចមក។ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបម្រើការងារជាកម្មករជួសជុលនៅប្រាសាទតាព្រហ្មកិល លោកតា សេង ស៊ន់ អាយុ៦៩ឆ្នាំ ឱ្យដឹងថា ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពីមុនពេលជួសជុល មានការធ្លាក់រលុះថ្ម ប្រាសាទមិនមានលំនឹងព្រមទាំងមានសភាពទ្រុឌទ្រោមខ្លាំង ដោយមានការទល់ទ្រស្ទើរតែគ្រប់កន្លែង។ លោកតា សេង ស៊ន់ បានចូលរួមជួសជុលប្រាសាទតាព្រហ្មកិលនេះ ដោយមានតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀមបានបង្ហាញក្តីរំភើបថា រូបលោកមិនខ្ចិលឡើយ ចំពោះការងារជួសជុលប្រាសាទ។ លោកចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមក ចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសិនបើលោកនៅតែមានសុខភាពល្អ គឺលោកនឹងនៅតែមកចូលរួមធ្វើការងារជួសជុលប្រាសាទបុរាណបន្តទៀត។ អ្នកភូមិវាល ឃុំគោកចក ក្រុងសៀមរាបលោកតា ឡៃ ឡន អាយុ៦០ឆ្នាំ ជាអ្នកដាប់ឆ្លាក់ថ្មនៅការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិលម្នាក់ទៀត មានប្រសាសន៍ថា លោកពិតជាសប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ។ លោកយល់ថា ការជួសជុលឡើងវិញនេះ នឹងធ្វើឱ្យប្រាសាទរបស់ដូនតាខ្មែរ មានសភាពរឹងមាំបន្តទៀត ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់យូរអង្វែង។ ថ្វីត្បិតតែការងារជួសជុលអភិរក្ស និងថែរក្សាប្រាសាទបុរាណ ឱ្យបានរឹងមាំគង់នៅយូរអង្វែងបន្តទៅទៀត…

  • តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នាកែលម្អ និងរៀបចំប្រែក្លាយស្ថានីយបណ្តុះកូនឈើស្ពានអង្គរ ឱ្យទៅជាស្ថានីយបណ្តុះកូនឈើដ៏ធំមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអភិរក្ស និងបង្កើនពូជរុក្ខជាតិកម្រ ដែលកំពុងប្រឈមនឹងការបាត់បង់ ក្នុងគោលបំណងចែកជូនក្រសួង/ស្ថាប័ន និងសាធារណជនយកទៅដាំនៅសៀមរាប-អង្គរ និងតាមបណ្តាខេត្តផ្សេងៗទៀតទូទាំងប្រទេសដោយឥតបង់ថ្លៃ។ គម្រោងសហការនេះសំដៅលើការរៀបចំប្លង់និងផែនការមេ ការលើកកម្ពស់ទេសភាពវប្បធម៌ដោយរុះរើសំណង់មិនរៀបរយចេញ រៀបចំថ្នាលបណ្តុះកូនឈើ ជួសជុលរហាត់ទឹកឱ្យដំណើរការឡើងវិញ កែលម្អសោភ័ណភាព អនាម័យ បរិស្ថាន និងសម្បទាចាំបាច់សម្រាប់គាំទ្រដល់ការដាក់ឱ្យដំណើរការស្ថានីយនេះទាំងមូលនាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

  • រដ្ឋាភិបាលបានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជាទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ។

  • ក្នុងថ្ងៃទី១៤ កុម្ភៈ (ទិវានៃក្តីស្រឡាញ់) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់ បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូរ របស់ខ្លួន របស់ក្រុមគ្រួសារខ្លួន ពិសេសរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ៕ * ការរក្សាការពារវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ ជាកាតព្វកិច្ចនៃយើងទាំងអស់គ្នា

  • រាល់ថ្ងៃ៣កើត ខែមាឃ អ្នកភូមិរស់នៅតំបន់រមណីយដ្ឋានអង្គរ តែងប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមពីបុរាណកាលមក។ ពិធីឡើងមាឃឬឡើងអ្នកតានៅឆ្នាំនេះ ធ្វើឡើងនៅថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ អ្នកភូមិរស់នៅក្នុងតំបន់អង្គរ ដូចជាភូមិបង្កោង ឃុំអំពិល ភូមិសំរោង ឃុំលាងដៃ ភូមិក្រវ៉ាន់ សង្កាត់នគរធំ ភូមិក្រសាំងរំលើង សង្កាត់សៀមរាប។ល។ នៅតែបន្តប្រារព្ធពិធីដែលជាទំនៀមពីបុរាណមិនដាច់។ ពិធីឡើងមាឃឬពិធីឡើងអ្នកតា តែងធ្វើឡើងនៅក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី ក្នុងនោះក៏ដើម្បីសុំសេចក្តីសុខចម្រើនដល់ភូមិឋានទាំងមូល ធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។ អ្នកភូមិដែលចូលរួមក្នុងពិធីនេះ បាននាំយកម្ហូបអាហារ បាយសម្ល ភេសជ្ជៈ ផ្លែឈើជាដើម ដើម្បីធ្វើពិធីសែន និងថ្វាយនៅតាមរោងអ្នកតា ឬរូបសំណាកដែលអ្នកភូមិគោរព។ អ្វីដែលមិនអាចខ្វះបាននោះ គឺនំបញ្ចុក។ ក្រៅពីនោះក៏មានស្លាធម៌ បាយសី មានគ្រឿងសំណែន ទៀន ធូប បារី ខោ អាវផងដែរ។ នៅតំបន់ខ្លះដូចជាគោកតារាជមានរៀបចំភ្លេងបុរាណថ្វាយ និងរៀបចំរៀងអធិកអធម តែតំបន់ខ្លះទៀត ដូចជាភូមិសំរោង…

  • មូលនិធិប្រាសាទពិភពលោក(World Monument Fund) របស់សហរដ្ឋអាមេរិកក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលជណ្ដើរ និងជញ្ជាំងផ្នែកខាងត្បូងរបស់ប្រាសាទភ្នំបាខែងបន្ថែមទៀត បន្ទាប់ពីបានបញ្ចប់ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងកើត និងខាងជើងរួចរាល់មក។ ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូងរបស់ប្រាសាទភ្នំបាខែងនេះ សម្រេចបានចំនួន៥០%ហើយ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៧ខាងមុខ។ អ្នកស្រី ផល្លី ឱ្យដឹងទៀតថា ប្រាសាទភ្នំបាខែង មិនខុសពីប្រាសាទដទៃទៀតទេ គឺរងការខូចខាតដោយសារកត្តាអាយុកាល ឫសឈើដុះចាក់ អាកាសធាតុ និងទឹកហូរច្រោះបណ្ដាលឱ្យរចនាសម្ពន្ធប្រាសាទខូចខាត ទ្រេត និងរលំ។ ជណ្តើរខាងត្បូង និងជញ្ជាំងរួតផ្នែកខាងលិចនៅផ្នែកពាក់កណ្តាលពីរ៉ាមីតនៃប្រាសាទភ្នំបាខែង ក៏កំពុងតែក្រៀកថ្ម រលោះ និងហែកទាំងក្បាលជណ្តើរ កាំជណ្តើរ និងជញ្ជាំង។ ក្រុមបច្ចេកទេស កំពុងតែរុះរើជណ្តើរ រួចបុកបង្ហាប់ បន្ថែមគ្រឹះថ្មី ដើម្បីរៀបចំជួសជុលវាឡើងវិញ ចំណែកឯជញ្ជាំង ត្រូវពង្រឹងឱ្យរឹងមាំឱ្យស្របតាមធម្មនុញ្ញអង្គរ ដែលបានកំណត់ដោយគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។ ប្រាសាទភ្នំបាខែងកសាងឡើងពីការកាត់ថ្មភ្នំធម្មជាតិ ធ្វើឱ្យទៅរាងពីរ៉ាមីត ដោយបន្ថែមថ្មបាយក្រៀម ថ្មភក់ ដី និងរូបចម្លាក់ផ្សេងៗ ដើម្បីកសាងជាប្រាសាទភ្នំ។ ប្រាសាទនេះ…

  • បុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរជិត១៤ម៉ឺននាក់ដើរកម្សាន្តរមណីយដ្ឋានអង្គរ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ-អន្ដរជាតិមកទស្សនារមណីយដ្ឋានអង្គរសរុបមានចំនួន ១៣៧,៦៩០នាក់។ តាមរបាយការណ៍សកម្មភាព និងចំនួនទេសចរដើរកម្សាន្តតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌បានបង្ហាញថា នៅថ្ងៃទី៩ ទេសចរជាតិ-អន្ដរជាតិដើរកម្សាន្តតាមប្រាសាទសំខាន់ៗក្នុងរមណីយដ្ឋានអង្គរ មានចំនួន ២៨,៩១៥នាក់ ចំណែកថ្ងៃទី១០ មានចំនួន៤៦,៣៧១នាក់ និងថ្ងៃទី១១ មានចំនួន ៦២,៤០៤នាក់។ ក្នុងនោះ ប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម និងបន្ទាយស្រីដែលមានទេសសចរទៅកម្សាន្តច្រើនជាងគេ៕ អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌