Catégorie : ព័ត៌មាន


  • កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៤ សហការរៀបចំដោយក្រុមល្ខោនស្បែកធំលោកតា ទី ជៀន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកវគ្គបណ្ដុះបណ្ដាលជំនាញដូនតា ស្ដីពីជំនាញចម្លាក់ស្បែក ស្ថិតនៅផ្ទះ៧៦១ ផ្លូវលំក្រុមទី២ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានសិស្សចូលរួមចំនួន១៥នាក់ បង្រៀនដោយ ចម្មការភិរក្ស ជៀន សុផាន។ កម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤ រៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើមុខជំនាញចំនួន១១ជំនាញ នៅទីតាំងចំនួន ១៣ នៃ៨រាជធានី-ខេត្ត ។

  • តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យើងខ្ញុំសូមចូលរួមអបអរសាទរជូនចំពោះ ឧកញ៉ា មហាមន្ត្រី ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន គោរមងារជា ឧកញ៉ា មហាមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត ០២២៤/១៤៨ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឧកញ៉ា មហាមន្ត្រី ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើឧត្តមប្រយោជន៍ជូនជាតិ សាសនា ព្រះមហាក្សត្រ រួមចំណែកដឹកនាំក្រសួងព្រះបរមរាជវាំង ក្រោមការដឹកនាំ របស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ សម្រេចបានលទ្ធផលល្អប្រពៃគួរជាទីមោទនៈ ប្រកបដោយ ស្វាមីភក្តិ និងភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

  • អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នASI របស់ឥណ្ឌា កំពុងធ្វើកំណាយជួសជុលឡើងវិញខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដើម្បីលើកតម្លៃសំណង់បុរាណឱ្យមានរូបរាងឡើងវិញ។ លោកស្រី នេត ស៊ីមន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មុនពេលចាប់ផ្តើមការងារជួសជុល ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ( ASI )ក៏បានសិក្សា ប្រមូលព័ត៌មាន មុននិងឈានទៅដល់ការរុះរើជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម។ លោកស្រីថា នេះគឺជាដំណាក់កាលនៃការជួសជុលហើយ ដូច្នេះក្រុមការងារបានរើថ្មនៅផ្ទៃខាងលើទាំងអស់ ដើម្បីចុះបញ្ជីថ្ម ត្រៀមជួសជុលពង្រឹងឡើងវិញ។ លោកស្រីថា ការងារកំណាយស្រាវជ្រាវ មានគោលបំណងសំខាន់ៗដូចជា៖ ១. ស្វែងរកថ្មដែលបានបាត់បង់ ២.សិក្សាអំពីស្ថានភាពគ្រឹះខ្លោងទ្វារ ស្វែងរកមូលហេតុដែលធ្វើឱ្យខ្លោងទ្វារបាក់រលុះទ្រុឌទ្រោម និង៣. ដើម្បីសិក្សាអំពីបច្ចេកទេសនៃការសាងសង់របស់ចាស់បុរាណ ពីរចនាសម្ពន្ធគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ។ លោកស្រី នេត ស៊ីមន បុរាណវិទូបន្តថា ការងារធ្វើកំណាយស្រាវជ្រាវ បានចាប់ផ្តើមតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ មកដល់រយពេលជិតពីរខែមកនេះ ក្រុមការងារជីករណ្តៅបានចំនួន៥នៅជុំវិញខឿនរបស់ខ្លោងទ្វារ។ ដោយបានជីករណ្តៅខ្លះមានជម្រៅចន្លោះពី៦០ទៅ៧០សង់ទីម៉ែត្រដើម្បីស្វែងរកថ្ម។ លទ្ធផលនៃកំណាយបានរកឃើញថ្មបាយក្រៀមជិត១០០ដុំហើយ។ ប៉ុន្តែអ្នកជំនាញនៅមិនទាន់សន្និដ្ឋានអំពីចំនួនថ្មពិតប្រាកដបាននៅឡើយ ដោយត្រូវរង់ចាំការធ្វើកំណាយឱ្យរួចរាល់សិន ដោយគ្រោងចំណាយពេលាប្រហែល៣ខែទើបចប់។ មួយវិញទៀតបានកំណត់អត្តសញ្ញាណស្ថានភាពគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ ដែលមានសភាពស្រុតខ្លាំង ដោយសារដីធូរ មិនហាប់រឹងមាំ ដូចនៅខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម និងខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តីឡើយនិងបញ្ហាឬសឈើចាក់ចូលទៅកាន់តែជ្រៅទៅក្នុងគ្រឹះខាងក្រោមនៃខ្លោងទ្វារ។…

  • នៅព្រឹកថ្ងៃ៥ ខែកុម្ភ: ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុសហការនឹងវិទ្យាស្ថានអភិបាលកិច្ចនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលនិងតម្រូវការបណ្តុះបណ្តាលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វិន ឡៃជួ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ជាអគ្គនាយករង ប្រធាននាយកដ្ឋាន នាយកស្តីទី ប្រធានការិយាល័យនិងមន្រ្តីជំនាញសរុប ៦៧រូប (ស្រ្តី ១២រូប)។ កិច្ចប្រជុំខាងលើ ក៏មានការធ្វើបទបង្ហាញដែលដឹកនាំដោយលោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានិងសហការីដោយផ្តោតលើកម្មវិធីបណ្តុះបណ្តាលនិងតម្រូវការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:។

  • អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿននៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុលប្រាង្គកណ្តាលរបស់ប្រាសាទនេះបានចប់រួចរាល់។ ខឿននៃឧបោសថាគារ ដែលដើមឡើយ មានរោងធ្វើពីឈើប្រក់ក្បឿង(បច្ចុប្បន្ន ពុកផុយដួលរលំអស់ហើយ នៅសល់តែស្លាកស្នាមប៉ុណ្ណោះ) មានទទឹង៧,៥០ម៉ែត្រ និងបណ្តាយ១៧,៥០ម៉ែត្រ នេះ គឺជាទីតាំងនៃព្រះវិហារព្រះពុទ្ធសាសនា បន្ទាប់ពីប្រាសាទនេះ បានប្រែក្លាយជាប្រាសាទសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា តាំងពីសម័យកណ្តាលមក។ បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័គ្រ អ្នកទទួលខុសត្រូវការងារជួសជុល បានឱ្យដឹងថា ក្នុងការជួសជុលនេះ គឺយើងនឹងធ្វើការរើតួខឿនទាំងមូលចេញ ដើម្បីធ្វើការពង្រឹងគ្រឹះ និងរចនាសម្ពន្ធផ្នែកខាងក្រោម ទើបរៀបផ្គុំតួខឿននៃឧបោសថាគារទាំងមូលឡើងវិញ ទៅតាមលំនាំដើម ហើយការងារជួសជុលនេះ គ្រោងនឹងបញ្ចប់នាពេល៣ខែខាងមុខ៕ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖ លោក ស៊ុម សុមេធ

  • ដោយមានប្រតិកម្មពីសំណាក់មហាជន និងអនុវត្តតាមប្រកាសស្តីពីការពង្រឹងសិល្ប:មហាជន នៅពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ បានអញ្ជើញតំណាងក្រុមតន្ត្រី រតនា រ័ត្នតន្ត្រី មកធ្វើការអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពសម្តែងដែលប្រាសចាកពីវប្បធម៌ប្រពៃណីជាតិ ប៉ះពាល់តម្លៃសីលធម៌សង្គម ពិសេសតម្លៃស្រ្តីខ្មែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្រុមតន្ត្រី រតនា រ័ត្ន តន្ត្រី ដែលបានប្រគំជូនកម្មវិធីនៅកំពង់ជ្រៃ ដោយបានសម្តែង និងផ្សព្វផ្សាយវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌ប្រពៃណីជាតិជាខ្លាំង។ ក្រោយពីបានទទួលបានការណែនាំពីថ្នាក់ដឹកនាំប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវរួចមក លោក ប៉ាន់ រតនា ដែលជាតំណាងក្រុមតន្រ្តី រតនា រ័ត្នតន្ត្រី បានសន្យាថា នឹងគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានី-ខេត្ត សម្រាប់ការសម្តែងក្រោយៗទៀត។

  • នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បានរៀបចំបើកសវនកម្មផ្ទៃក្រៅលើប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ របស់អាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមវាយតម្លៃដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA) ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គោលបំណង នៃសវនកម្មផ្ទៃក្រៅនេះ ធ្វើឡើងដើម្បីបន្តវិញ្ញាបនបត្រជាថ្មីដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា ក្នុងការបំពេញបេសកកម្មថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ នៃតំបន់សៀមរាប- អង្គរ។ ដោយនៅក្នុងនោះ មានពិនិត្យលើឯកសារ ជួបសម្ភាសជាមួយបុគ្គលិកទូទៅ និងចុះទៅពិនិត្យផ្ទាល់នៅតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ។ អញ្ចើញចូលរួមបើកសវនកម្មផ្ទៃក្រៅ ក្រោមវត្តមាន ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA និងជាសវនករ ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ប្រធាន-អនុប្រធាននាយកដ្ឋាន…

  • នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារតាមការដ្ឋាននានា ដើម្បីសិក្សាជាមួយអ្នកជំនាញរបស់ខ្លួន ក្នុងការលើកគម្រោងកិច្ចការអភិរក្សប្រកបដោយចីរភាពរបស់ប្រាសាទមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕ រូបភាព៖ លោក ហាប់ គឹមអាន

  • ក្រុមអ្នកជំនាញជួសជុលនៅខឿនរួតទី១របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទបាយ័ន។ ប៉ុន្តែ ចំពោះថ្មជាច្រើនទៀត គេមិនទាន់ដឹងថា មានប្រភពមកពីណានៅឡើយ។ បុគ្គលិកជួសជុលប្រាសាទរបស់អាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញរកថ្ម លោក ញ៉ុក ឡូ ឱ្យដឹងថា ក្នុងការរើគំនរថ្មទិសខាងត្បូងប៉ែកខាងលិចរបស់ប្រាសាទបាយ័ននៅជំហានដំបូងនេះ បានរកឃើញថ្ម និងអាចកំណត់អត្តសញ្ញាណជាច្រើនប្រភេទដូចជា ថ្មផ្តែរ ថ្មចិញ្ចើមព្រហ្ម ថ្មទងត្រចៀករបស់ព្រហ្មមុខបួន ថ្មសរសរពេជ្រ ថ្មហោជាង និងដំបូលរបស់ប្រាសាទបាយ័ន។ ដោយឡែក ថ្មមានចម្លាក់ជាទងត្រចៀក បបេមាត់ទាំងនោះ បានជ្រុះធ្លាក់ពីកំពូលមុខព្រហ្មលេខ២៧ រួមទាំងធ្លាក់ពីថែវទី២ ដែលនៅទល់មុខ និងគំនរថ្មនេះតែម្តង។ អ្នកជំនាញរូបនេះ បញ្ជាក់ទៀតថា ចំពោះដុំថ្មដែលអាចកំណត់អត្តសញ្ញាណបាន គឺត្រូវរៀបទុកមួយផ្នែកសម្រាប់យកមកផ្គុំគ្នាឡើងវិញ។ រីឯថ្មមួយចំនួនទៀត មិនទាន់អាចកំណត់អត្តសញ្ញាណបានត្រូវទុកដាច់ដោយឡែកជាបណ្តោះអាសន្នសិន។ ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី១ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា មុននឹងឈានដល់ការជួសជុលថ្មកម្រាលដែលស្រុត និងជួសជុលប្រព័ន្ធបង្ហូរនៅទិសខាងត្បូងឆៀងខាងលិចនៅរួតទី១នៃប្រាសាទបាយ័នឡើងវិញ ជាដំបូង ក្រុមការងារត្រូវរើគំនរថ្មដែលនៅខាងក្រោយជញ្ជាំងរោងទងនៃទីតាំងជួសជុលជាចាំបាច់។ ការងារជំហានទី១ គឺត្រូវចុះបញ្ជីថ្មនីមួយៗ និងរើម្តងមួយៗ…

  • សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូលផាមួងខ្មែរចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពិព័រណ៍ខាងលើនេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុបចំនួន២១ សម្រាប់តាំងបង្ហាញ។ លោកបន្តថា ពិព័រណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានរយៈពេល៦ខែ។ សមុច្ច័យខាងលើ គឺសារមន្ទីរបានមកពីការបរិច្ចាគរបស់ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ សរុបមានចំនួន៥១ ដែលក្នុងនោះមានសំពត់ផាមួង អាវ និងក្រណាត់ហូលជាដើម។ ក្រុមការងារសារមន្ទីរបានទៅទទួល សមុច្ច័យទាំងនោះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់មកមានការចុះបញ្ជីរៀបចំអភិរក្ស សម្អាត និងជួសជុល មុននឹងរៀបចំឱ្យមានពិព័រណ៍បង្ហាញដល់សាធារណជនបានទស្សនា។ ក្រណាត់ហូល ផាមួងខ្លះមានអាយុកាលចន្លោះពី៤០ទៅ៦០ឆ្នាំ ដែលពលរដ្ឋបានថែទាំយ៉ាងយកចិត្តទុកដាក់ មុននិងក្នុងសម័យខ្មែរក្រហម។ នេះជាដំណាក់កាលទី១នៃការរៀបចំពិព័រណ៍ដែលលោក សែន គឺមស៊ុន ពន្យល់ថា សារមន្ទីរបានរើសសមុច្ច័យចំនួន២១ក្នុងចំណោម៥១ ហើយនិងមានការបង្ហាញនៅដំណាក់កាលក្រោយៗទៀត។ លោក សែន គឹមស៊ុន អំពាវនាវឱ្យសាធារណចូលទស្សនាក្នុងពិព័រណ៍ដ៏មានសារៈសំខាន់នេះ ដែលជាផ្នែកមួយក្នុងការឱ្យតម្លៃ និងសិក្សាស្វែងយល់ពីស្នាដៃសិល្បៈនៃហូល…