ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ដើម្បីជួសជុលឡើងវិញ។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី មានប្រសាសន៍ថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ព័ន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់ គឺមានបញ្ហា មិនអាចឱ្យជួសជុលដំបូលទាំងអស់បានទេ ហើយក៏ អាចធ្វើឱ្យប៉ះពាល់ដល់ជ្រុងឬជញ្ជាំងដទៃទៀតដែលនៅជុំវិញដែរ។ លោក ឃាម មុនី ឱ្យដឹងទៀតថា ដោយសារតែអាយុកាលនៃសំណង់ បានធ្វើឱ្យថ្មមួយចំនួននៅជ្រុងឦសានពុកផុយ និងមានការខូចខាតនូវរចនាសម្ព័ន្ធរបស់ដំបូល ដោយដុំថ្មខ្លះក្រៀកចេញពីគ្នា និងមានប្រហោង។ ក្នុងលក្ខណៈដូចនេះ គឺរើថ្មដំបូលដូរថ្មថ្មី១ដុំ និងប៉ះថ្មបែកមួយចំនួន រួចរៀបបញ្ចូលពង្រឹងជ្រុងឦសានឡើងវិញ ទើបអាចបើកឱ្យភ្ញៀវឆ្លងកាត់បាន។ ខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត គឺជាច្រកដ៏សំខាន់មួយដែលភ្ញៀវទេសចរតែងតែមកទស្សនាជារៀងរាល់ថ្ងៃ ហើយវាក៏តំណាងឱ្យច្រកទាំង៤របស់ប្រាសាទអង្គរវត្តដែរ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ភោគ ជា
តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរ នូវការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមនៃខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណ។ លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។ ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។ ដំណាក់កាលទីពីរ ចាប់ផ្តើមពីឆ្នាំ២០២២មក អនុវត្តគម្រោងជួសជុលពង្រឹងតែម្តង មានការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។ លោកស្រីថា បញ្ហាប្រឈមជាច្រើននៅក្នុងពេលរៀបផ្គុំថ្មឡើងវិញ ដោយសារថ្មបុរាណតែងមានល្បាក់។ ក្រោយបញ្ចប់ការងារជួសជុលជាស្ថាពរ អ្នកជំនាញរំពឹងថា ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី និងរឹងមាំឡើងវិញ ធានាសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ ជាពិសេសបានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ សូមរំឮកថា ដោយសារកត្តាអាយុកាលនៃសំណង់ ធម្មជាតិ និងមនុស្ស បានធ្វើឱ្យខ្លោងទ្វារខាងលិចរបស់ប្រាសាទបន្ទាយក្តី មុនការងាររុះរើជួសជុលឡើងវិញ មានស្ថានភាពទ្រុឌទ្រោមខ្លំាង តួប៉មខាងលើនៃប្រាង្គកណ្តាលបានរលុះអស់ នៅសល់តែមុខព្រហ្មចំនួនពីរប៉ុណ្ណោះ។ ចំណែកស្លាបសងខាង នៃថ្មដំបូលបានរលុះធ្លាក់អស់មួយចំនួន ហើយថ្មជញ្ជាំងបានក្រៀកហែកស្ទើរតែរលុះធ្លាក់មួយភាគធំទៅហើយ។ បន្ទាប់ពីការយកចិត្តទុកដាក់របស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើឱ្យខ្លោងទ្វារដែលមានសភាពទ្រុឌទ្រោមមួយនេះ ប្រែមកជារឹងមាំ…
សេចក្ដីជូនដំណឹង ស្ដីពីការបិទជាបណ្ដោះអាសន្នផ្លូវទស្សនាក្នុងរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចនៃប្រាសាទបាយ័ន
នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីបុណ្យសពលោក ឈឿន រិទ្ធី ហៅនាយស្វិត ដែលជាតារាកំប្លែងជើងចាស់មួយរូបបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ។ មរណភាពរបស់លោក ឈឿន រិទ្ធី គឺជាការបាត់បង់នូវធនធានសិល្បករដ៏ល្អមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជាដែលលោកតែងតែយកចិត្តទុកដាក់ លះបង់ទាំងកម្លាំងកាយចិត្តជួយថែរក្សា អភិរក្ស លើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរ និងតែងតែបង្កនូវបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋបានរំសាយអស់នូវទុក្ខកង្វល់ ភាពនឿយហត់ពីការងារ ដោយវោហារស័ព្ទប៉ិនប្រសប់ ពាក្យពេចន៍កំប្លុកកំប្លែងរបស់លោក។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានពាំនាំនូវសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិការបស់លោកជំទាវបណ្ឌិតសភាចារ្យចំនួន១,០០០,០០០រៀល ជូនដល់ក្រុមគ្រួសារនៃសព។ សូមគោរពបួងសួងដល់គុណបុណ្យនៃព្រះរតនត្រ័យ ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោក ឈឿន រិទ្ធី ហៅនាយស្វិត សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ។ ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យនៅខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿនដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។ ការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកនោះ បានឈានដល់ការសម្រេចជាស្ថាពរហើយ គឺនៅសល់តែការងារតិចតួច ដូចជា ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញនៅតាមមុខតំណថ្មតែប៉ុណ្ណោះ។ កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ខឿនជ្រុងខាងត្បូងផ្នែកខាងលិចរបស់រួតទី៣នៃប្រាសាទបាយ័ន ដែលរងខូចខាតខ្លាំងដោយសារតែមូលហេតុដូចជា ឫសឈើបានដុះចាក់ចូលទៅក្នុងរចនាសម្ព័ន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទឹកហូរច្រោះចូលទៅតាមប្រហោងថ្មដោយនាំល្បាយដីខ្សាច់ចេញមកក្រៅបណ្ដាលឱ្យខឿននេះហែកក្រៀកមួយចំនួន។ ម្យ៉ាងទៀត បារាំងធ្លាប់បានជួសជុលដោយប្រើបាយអស៊ីម៉ង់ទៅបិទបំពេញនៅតាមចន្លោះថ្មកម្រាល។ ប៉ុន្តែ មកដល់បច្ចុប្បន្នបាយអនោះអស់គុណភាព ហើយបានធ្វើឱ្យខឿនរួតទី៣របស់ប្រាសាទបាយ័ននៅតែប្រឈម និងហានិភ័យជាថ្មី៕ អត្ថបទ: លោក យី សុថា រូបភាព: លោក ភោគ ជា
ល្ងាចថ្ងៃទី២៩ មករា ឆ្នាំ២០២៤ « សាមគ្គីភាព មិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា » ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៩ ឆ្នាំ២០២៤” -ប្រកួតរវាង: ក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងក្រសួងអប់រំយុវជន និងកីឡា -ជួបគ្នាល្ងាចនេះ វេលាម៉ោង ១៧:២០ នៅទីលានវិទ្យាល័យបឹងត្របែក សូមអញ្ជេីញចូលរួមទស្សនា និងគាំទ្រឱ្យបានច្រេីនកុះករដេីម្បីលេីកទឹកចិត្តដល់ក្រុមកីឡាករយេីង៕ #កីឡារស់ក្នុងសន្តិភាព !
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានធ្វើទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត ការសិក្សាស្រាវជ្រាវ និងកិច្ចការងារអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រទូទៅ និងការអភិរក្សនៅតាមប្រាសាទមួយចំនួនដូចជា ប្រាសាទប្រាំ ប្រាសាទដំរី ក្រុមប្រាសាទធំ និងប្រាសាទចិន។ អត្ថបទ និងរូបភាព : លោក ថាច់ ផានិត
អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាម៉េរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួនព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤។ ពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣នោះ មាន ប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូរទឹកដោះរបស់ប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីជាច្រើនរូប ព្រមទាំងដៃគូនៃកិច្ចសហប្រតិបត្តិការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណជាច្រើនស្ថាប័នទៀត។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅក្នុងពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣មកឱ្យអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញនោះថា អាជ្ញាធរជាតិអប្សរានឹងបន្តថែរក្សាប្រាសាទទាំង៣នេះ ហើយកម្ពុជានឹងចងចាំជារៀងរហូតចំពោះការរួមចំណែករបស់មូលនិធិប្រាសាទពិភពលោក(World Monument Fund)ក្នុងការជួយការពារបេតិកភណ្ឌជាតិរបស់កម្ពុជា ហើយកម្ពុជាក៏រង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកក្នុងវិស័យទូលំទូលាយដូចជា ការផ្លាស់ប្តូរជំនាញស្តីពី ការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។ ចំណែកប្រធាន និងជានាយកប្រតិបត្តិរបស់អង្គការមូលនិធិប្រាសាទពិភពលោករបស់សហរដ្ឋអាមេរិក អ្នកស្រី Benedicte De Montlaur បានថ្លែងថា ការចូលរួមរបស់(World Monument Fund )ក្នុងការងារជួសជុលប្រាសាទនៅរមណីដ្ឋានអង្គរបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ជាមួយនឹងបេសកកម្មចុះវាល…
បន្ទាប់ពីបានបញ្ចប់ការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលជាស្ថាពរ នាចុងឆ្នាំ២០២៣កន្លងទៅ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងបន្តការធ្វើកំណាយស្រាវជ្រាវ នៅបរិវេណប្រាសាទតាព្រហ្មកិលបន្តទៀត ដើម្បីធ្វើឱ្យសំណង់ប្រាសាទ ដែលមានតួនាទីជាកន្លែងសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំមួយនេះ មានគ្រប់រចនាសម្ព័ន្ធទាំងខ្លោងទ្វារ កំពែង និងស្រះទឹកជាដើម។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាបានឱ្យដឹងថា នៅពេលបញ្ចប់ការជួសជុលប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្មកិល ក្រុមអ្នកជំនាញមិនបានបញ្ឈប់សកម្មភាពនៅទីនេះឡើយ ពោលគឺកំពុងសិក្សាទៅលើគម្រោងជួសជុលពង្រឹងខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មកិលបន្តទៀត ជួសជុលពង្រឹងខឿនបណ្ណាល័យ ផ្នែកខាងត្បួង នៃជ្រុងអាគ្នេយ៍ និងរៀបចំស្រះទឹកនៅជ្រុងឦសានឱ្យមានរូបរាងឡើងវិញ។ បន្ទាប់ពីផែនការជួសជុល និងរៀបចំ នៅតាមផ្នែកនីមួយៗរួចរាល់ហើយ អ្នកជំនាញរំពឹងថា នឹងមានភ្ញៀវទេសចរចូលមកទស្សនាប្រាសាទតាព្រហ្មកិលកាន់តែច្រើន ព្រោះទីនេះមានទីតាំងមិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្តឡើយ៕ អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖លោក ភោគ ជា
ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំលើកទីមួយ នៃក្រុមការងារពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមរៀបចំនូវកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខ។ ដោយមើលឃើញអំពីគុណតម្លៃនៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលជាកេរដំណែលដូនតាខ្មែរយើង ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានត្រៀមរៀបចំនូវកម្មវិធីដ៏មានសារ:សំខាន់នេះ ដោយរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង ឱ្យកាន់តែមានប្រជាប្រិយភាព ពេញនិយមក្នុងកម្រិតជាតិ និងឆ្ពោះទៅអន្តរជាតិ។ គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះទៀតសោត គឺជាការបង្ហាញឱ្យឃើញអំពីអត្ថប្រយោជន៍នៃសំពត់បត់ខ្មែរ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់សម័យកាល គ្រប់វ័យ និងគ្រប់កម្មវិធី រួមមានស្លៀកធ្វើស្រែចំការ នៅផ្ទះ ទៅធ្វើការ ទៅវត្តអារាម កម្មវិធីធំៗរបស់ជាតិ ពិធីបុណ្យផ្សេងៗ ពិធីមង្គលការនិងរាត្រីសមោសរជាដើម។ ម្យ៉ាងទៀតតាមរយ:កម្មវិធីនេះ ក៏ដើម្បីជួយជំរុញឱ្យកូនខ្មែរមួយចំនួន ដែលនិយមសម្លៀកបំពាក់បរទេសភ្លេចសំពត់បត់ខ្មែរដ៏ល្អផូរផង់នៃយើង ឱ្យងាកមករកអ្វីដែលជារបស់ខ្មែរ៕