អាជ្ញាធរជាតិអប្សរា បានបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយទៅជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា នៅឯសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៉ែន ចំរុង មានប្រសាសន៍ថា សិក្ខាកាមចំនួន២២រូប ដែលបានទទួលវគ្គបណ្ដុះបណ្ដាលជំនាញនេះ មួយចំនួនគឺជាមន្ត្រី និងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា និងមួយចំនួនទៀត មកពីសារមន្ទីរទួលស្លែង អាជ្ញាធរជាតិសំបូរព្រៃគុក និងអាជ្ញាធរជាតិព្រះវិហារ។ សិក្ខាកាម បានទទួលការបណ្ដុះបណ្ដាលលើជំនាញជាច្រើន ដូចជា ឱ្យស្គាល់ពីអ្វីជាសារមន្ទីរ? តួនាទីរបស់អ្នករៀបចំតាំងពិព័រណ៍(Curator) គោលការណ៍នៃការគ្រប់គ្រងវត្ថុសិល្បៈ តើសិល្បៈប្រភេទណាខ្លះដែលគួរលើកយកទៅដាក់តាំងពិព័រណ៍? ការបង្ហាញអំពីការរៀបចំពិព័រណ៍ បរិយាកាសជុំវិញការរៀបចំតាំងពិព័រណ៍និងសុវត្ថិភាពនៃការតាំងពិព័រណ៍ជាដើម។ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានចាត់ទុកវគ្គបណ្ដុះបណ្ដាលជំនាញរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញនិងគួរឱ្យចង់ទស្សនានេះថា គឺជាកិច្ចការមួយដែលប្រព្រឹត្តឡើងក្នុងក្របខណ្ឌជាតិ ក្នុងគោលបំណងជំរុញធ្វើយ៉ាងណាដើម្បីឱ្យសារមន្ទីរមានភាពប្រសើរឡើង ក្នុងការទាក់ទាញភ្ញៀវទស្សនា ហើយក៏ធ្វើឱ្យសារមន្ទីរក្លាយទៅជាកន្លែងប្រវត្តិសាស្ត្រ និងកន្លែងអប់រំចំណេះដឹងផងដែរ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ ហ៊ុំ រិទ្ធី
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិ ស្ដីពី Climate Futures #2 ក្រោមប្រធានបទ “Belonging and Shared Responsibilities” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៣ នៅទីរួមខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា សិក្ខាសាលា Climate Futures #1 បានរៀបចំឡើងកាលពីដើមខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ចំពោះសិក្ខាលើកទី២នេះ ក្រុមការងាររៀបចំបានជ្រើសរើសទីតាំងខេត្តសៀមរាប ដែនដីអច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលសិក្ខាសាលានេះស្ថិតក្រោមមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ស.កូរ៉េ (ASEAN-Korea Cooperation Fund) ដឹកនាំប្រតិបត្តិដោយ KONNECT ASEAN ដែលមានការចូលរួមពីតំណាងមន្ត្រីរដ្ឋាភិបាល វាគ្មិន និងអ្នកចូលរួមមកពីប្រទេសបណ្ដាសមាជិកអាស៊ាន និងស.កូរ៉េ ផងដែរ។ សិក្ខាសាលាខាងលើនេះ គឺមានសារសំខាន់សម្រាប់ប្រទេសក្នុងតំបន់ ពិភពលោក និងកម្ពុជាផងដែរ ដែលបានផ្តោតសំខាន់ទៅលើការបណ្ដុះបណ្ដាល ការយល់ដឹងរបស់ប្រជាជាតិអាស៊ាន…
អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ។ លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ លើកឡើងថា ខ្សែទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជាពីរខ្សែ : – ខ្សែទី១ គឺមានចម្ងាយខ្លី ដែលភ្ញៀវអាចឈប់យានជំនិះនៅផ្នែកខាងជើង និងដើរចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា ហើយចេញតាមច្រកខាងជើងដដែល។ – ខ្សែទី២ ជាខ្សែទស្សនាវែង ដែលភ្ញៀវចាប់ផ្តើមចូលទស្សនានៅប្រាសាទធម្មនន្ទ ដើរចូលតាមសួនបណ្ដុះកូនឈើប្រាសាទតាកែវ និងចូលតាមច្រកខាងកើតប្រាសាទចៅសាយទេវតា។ ពេលកន្លងមក ភ្ញៀវចូលទស្សនារបៀបសេរី មិនមានគោលដៅចាប់ផ្តើម និងបញ្ចប់ត្រឹមត្រូវនោះទេ។ បច្ចុប្បន្ន វង់ទស្សនានេះបានដាក់ឱ្យដំណើរការហើយ ចំណែកភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទនេះ កំពុងរៀបចំ និងកែលម្អ ចាក់ដីបំពេញជង្ហុគខ្លះ ដើម្បីឱ្យការដើររបស់ភ្ញៀវកាន់តែមានភាពងាយស្រួល។ សូមបញ្ជាក់ថា ប្រាសាទចៅសាយទេវតា កសាងឡើងនៅចុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ដ្បិតជាប្រាសាទតូច តែចៅសាយទេវតាមានក្បួនក្បាច់ចម្លាក់ជាច្រើនមិនចាញ់ប្រាសាទធំប៉ុន្មានទេ និងមានស្ពានហាលដ៏ទាក់ទាញនៅច្រកចូលខាងកើត ដែលទេសចរអាចផ្ដិតរូបភាពនៅទីនោះបាន៕ អត្ថបទ៖ នាង សំណាង រូបភាព៖ យី សុថា
នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងជួលជុលនិងកែលម្អកំណាត់ផ្លូវមុខអតីតព្រលានយន្តហោះអន្ដរជាតិសៀមរាប ឆ្ពោះទៅប្រាសាទអង្គរវត្ត ក្នុងបំណងដើម្បីលើកតម្លៃ និងសម្រួលដល់ការធ្វើដំណើរឱ្យបានស្រួលឡើងវិញ អត្ថបទ : យី សុថា
គម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន ជិតរួចរាល់ជាស្ថាពរហើយ ដោយបច្ចុប្បន្ន ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នៅតែជួសជុលបង្ហើយពង្រឹងជើងទំនប់ខាងលិច(នៃបារាយណ៍ជ័យតដាក)ដែលតភ្ជាប់ពីខឿនកំពង់ទឹកទៅកាន់ផ្លូវចូលប្រាសាទព្រះខ័នខាងកើតមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែទឹកហូរច្រោះកំណកដី។ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន លោក ជា សារិទ្ធ មានប្រសាសន៍ថា ក្រុមការងារកំពុងតែមមាញឹកការស្តារកំណកដីពីផ្លូវចូលខាងកើត ហើយយកទៅចាក់បិទខ្នងទំនប់បារាយណ៍ជ័យតដាក ដើម្បីបំពេញត្រង់ចំណុចដែលបាក់ស្រុត ដោយសារទឹកហូរច្រោះឱ្យឃើញនូវរូបរាងដើមវិញ។ ម្យ៉ាងវិញទៀត ការស្ដារកំណកដីផ្លូវចូលនេះ គឺដើម្បីជួយសម្រួលដល់ទេសចរ នឹងបង្ហាញឱ្យឃើញឡើងវិញនូវរចនាសម្ព័ន្ធផ្លូវដែលក្រាលដោយថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនានៅអមសងខាងផ្លូវ ជាសំណង់ប្រវត្តិសាស្ត្រមួយចំណោមសំណង់ផ្សេងទៀតនៅប្រាសាទព្រះខ័ន។ សព្វថ្ងៃ ទាំងកម្រាលថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនាកប់ក្នុងដីជម្រៅប្រមាណជាង១ម៉ែត្រ បណ្តាលឱ្យថ្មរងការពុកផុយ។ កន្លងមក អភិរក្សដ្ឋានអង្គរនៃសាលាបារាំងចុងបូព៌ាធ្លាប់ធ្វើកំណាយសម្អាតដីលើផ្លូវនេះរួចម្តងហើយ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ ភោគ ជា/ ជា សារិទ្ធ/សាលាបារាំងចុងបូព៌ា
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលគ្រឹះ និងរចនាសម្ពន្ធមួយចំនួនទៀត នៃតួប្រាសាទឥដ្ឋ នៅទិសអាគ្នេយ៍របស់ប្រាសាទបាគង ដែលរងការខូចខាតខ្លាំង ដោយសារអាយុកាលជាង១០០០ឆ្នាំ បញ្ចៀសពីការប្រឈមនឹងគ្រោះថ្នាក់ និងការខូចខាតជាបន្តទៀត។ បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស លោក សារាយ គឹមហួល ឱ្យដឹងថា បច្ចុប្បន្នតួប្រាសាទឥដ្ឋនេះ មានហានិភ័យខ្ពស់ ដោយគ្រឹះនៅជ្រុងអាគ្នេយ៍បានហែកហើយផ្ទៃជញ្ជាំងបានប្រេះរហែកប្រមាណ៤ទៅ៥កន្លែង ដែលទាមទារឱ្យក្រុមការងារជួសជុលសង្គ្រោះដោយប្រើរយៈពេលវែង។ លោក គឹមហួល មានប្រសាសន៍ទៀតថា នៅក្នុងដំណាក់កាលនេះ ក្រុមការងារបានពង្រឹងគ្រឹះដែលហែកឡើងវិញ ដោយរៀបឥដ្ឋនៅកន្លែងដែលបានពុកផុយ ដើម្បីទល់ទ្រកម្លាំងសង្កត់របស់ជញ្ជាំង។ រីឯជញ្ជាំងដែលប្រេះរហែក គឺប្រើប្រាស់ដែកក្រវាត់ជុំវិញ ដើម្បីជួយទប់កុំឱ្យកម្លាំងសង្កត់របស់ជញ្ជាំងធាក់មកទៀត។ ក្រៅពីនេះក្រុមការងារ បានបិទភ្ជិតស្នាមប្រេះនៅតាមជញ្ជាំង និងពង្រឹងរចនាសម្ព័ន្ធជាច្រើនកន្លែងទៀត នៅផ្នែកខាងលើនៃតួប្រាសាទ ដែលកំពុងមានស្ថានភាពពុកផុយខ្លាំងដែរ៕ អត្ថបទ: លោក យី សុថា រូបភាព: លោក ភោគ ជា
នៅថ្ងៃសុក្រ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអនុញ្ញាតឱ្យឯកឧត្តមប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) បានចូលជួបសម្ដែងការគួរសមនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រកម្មសិទ្ធិបញ្ញាផ្នែកសិទ្ធិអ្នកនិពន្ធនៅកម្ពុជា។ កិច្ចពិភាក្សានេះផ្តោតលើកិច្ចការងារសំខាន់ៗដូចជា៖ 1. ការចុះអនុស្សារណ:យោគយល់គ្នា រវាងក្រសួង និង សមាគម 2. ការរៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលានានាស្តីពី – អនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈ Berne Convention – អង្គភាពគ្រប់គ្រងសិទិ្ធរួមCMOs 3. កិច្ចសហប្រតិបត្តិការទូទៅរវាងក្រសួង និងសមាគម ក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា 4. ជួយអភិវឌ្ឍទៅលើផ្នែក CMOs ឱ្យមានដំណើរការល្អ 5. ជួយពង្រឹងនិងជួយសម្របសម្រួលផ្នែកច្បាប់នូវសេចក្ដីព្រាងនិងលិខិតបទដ្ឋានគតិយុត្តនានា ទាំងច្បាប់បេតិកភណ្ឌវប្បធម៌និងច្បាប់សិទិ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែល ឆ្លើយតបនឹងសំណើរបស់សមាគមខាងលើ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឯកភាព និងគាំទ្រទាំងស្រុងព្រមទាំងអនុញ្ញាតឲ្យមន្ត្រីជំនាញបន្តសហការអនុវត្តកិច្ចការទាំងអស់នេះ។ ជាកិច្ចបញ្ចប់នៃជំនួបពិភាក្សា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគោរពជូនពរក្នុងការសម្រេចជោគជ័យលើការចូលរួមអភិវឌ្ឍកិច្ចការប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជានិរន្តន៍។ អត្ថបទដោយ៖ នាយកដ្ឋានសិទិ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែល
តបតាមការអញ្ជើញរបស់ក្រុមហ៊ុន ZHONGTIAN GROUP នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងាររបស់នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ បានជួបពិភាក្សាការងារមួយក្រុមហ៊ុន ZHONGTIAN GROUP និងអ្នកវិនិយោគផ្សេងៗទៀតដែលជាដៃគូ ក្នុងគោលបំណងលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។