យោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។ ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និង វប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ។ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាដែនដីទទួលស្វាគមន៍ការថតភាពយន្តនៅកម្ពុជា! រួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ! រូបភាព និង វីដេអូ៖ The Amazing Race Australia, Celebrity Edition #TheAmazingRaceAU
សេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ស្ដីពីការផ្អាកចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច (ស្ពានបណ្ដែតទឹក) ក្នុងគោលដៅដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ២០២៣ រហូតចប់កម្មវិធី៕
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នារោងភាពយន្ត Legend Premium Cinema Olympia ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តខ្លីចតុមុខជំនាន់ទី១២ ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីបើកមហោស្រពនេះ ឯកឧត្តម អធិបតីបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមភាពយន្តឈូករ័ត្ន ដែលបានរៀបចំនូវមហោស្រពនេះឡើងអស់រយៈពេល១២ឆ្នាំកន្លងមកហើយ។ ឯកឧត្តម អធិបតីក៏បានបន្ថែមទៀតថា ក្រុមភាពយន្តឈូករ័ត្ន គឺជាក្រុមយុវជនស្ម័គ្រចិត្តមួយដែលស្រឡាញ់ និងចង់លើកស្ទួយវិស័យភាពយន្ត តាមរយៈការផលិត ការរៀបចំវគ្គបណ្តុះបណ្តាល និង រៀបចំកម្មវិធីធំៗដូចជាមហោស្រពភាពយន្តខ្លីចតុមុខនេះ។ ជាចុងបញ្ចប់ ឯកឧត្តម សោម សុគន្ធ បានលើកទឹកចិត្តនិងជំរុញឱ្យក្រុមភាពយន្តឈូករ័ត្នបន្តរៀបចំមហោស្រពនេះបន្តទៀត ព្រមទាំងជូនពរក្រុមការងាររៀបចំទទួលជោគជ័យនិងមានការគាំទ្រពីសំណាក់ដៃគូ។ គួរបញ្ជាក់ផងដែរថា ក្នុងពិធីបើកមហោស្រពភាពយន្តខ្លីចតុមុខជំនាន់ទី១២ ឆ្នាំ២០២៣នេះ មានអ្នកចូលរួម ពីសំណាក់ដៃគូ សមិទ្ធករជំនាញ ភ្ញៀវពីវិស័យសិល្បៈផ្សេងៗ ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ១៥០នាក់។ រូបភាព៖ CINEHUB
នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បានដឹកនាំក្រុមការងារការិយាល័យជំនាញ ចូលរួមសហការជាមួយលោក ជួប រដ្ឋា អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល អាជ្ញាធរមូលដ្ឋាន បានចូលរួមពិធីប្រគល់និងទទួលព្រះបដិមា ដែលប្រជាពលរដ្ឋទេីបប្រទះឃេីញ ក្នុងដីចំការរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ដោយក្នុងស្មារតីនៃការចូលរួមចំណែកថែរក្សា ការពារ និងជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវចូលរួមផងនោះ ម្ចាស់ដែររកឃេីញនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្រេចប្រគល់ព្រះបដិមាខាងលើ ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។ គិតត្រឹមម៉ោង១:៣០នាទី ថ្ងៃត្រង់លោកស្រីប្រធានមន្ទីរ និងក្រុមការងារការិយាល័យជំនាញលោកអភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល អាជ្ញាធរមូលដ្ឋាន បានដឹកបដិមាដែលប្រជាពលរដ្ឋប្រគល់ឱ្យនោះ មករក្សានៅឃ្លាំងរបស់មន្ទីរដោយសុវត្ថិភាពរង់ចាំការសិក្សាបន្ត៕ មន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាល
ក្រុមការងារសហគមន៍របស់នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមននៃអាជ្ញាធរជាតិព្រះវិហារបានបន្តចូលរួមការងារអភិវឌ្ឍន៍សហគមន៍នៅរមណីយដ្ឋានប្រាសាទកោះកេរទាំងបីភូមិ ដោយផ្តោតលើសកម្មភាពចាំបាច់មួយចំនួនដូចជា ១.បង្រៀនភាសាអង់គ្លេស ២.ការងារបណ្តុះបណ្តាលដាំដុះដំណាំ បន្លែ ឈើហូបផ្លែ ចកអាសូឡា(A zola) សម្រាប់ធ្វើជាចំណីសត្វ និងចិញ្ចឹមសត្វកម្រិតគ្រួសារ ៣.សម្របសម្រួលការផលិតទឹកស្អាត និង ៤.សម្របសម្រួលនិងដឹកនាំស្តារនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍។ ជាលទ្ធផលសម្រាប់ដើមត្រីមាសទី៤នេះ ក្រុមការងារទទួលបានលទ្ធផលដូចតទៅ ៖ ការងារបង្រៀនភាសាអង់គ្លេសដល់សិស្សានុសិស្សថ្នាក់ទី៤ ៥ និង៦នៃសាលាបឋមសិក្សាកោះកេរ រំចេក និងតាប្រា បានចំនួន៦ថ្នាក់ មានសិស្សសរុបចំនួន ១៤២នាក់។ សហគមន៍បានទទួលនូវបទពិសោធន៍លើការដាំដុះបន្លែ ឈើហូបផ្លែ និងទទួលកូនឈើហូបផ្លែចម្រុះចំនួន ៣៨២ដើម ស្មើនឹង ៣០គ្រួសារ។ ទន្ទឹមគ្នានេះ ក្រុមការងារបានបង្រៀនបច្ចេកទេសផលិតវ៉ាក់សាំងធម្មជាតិសម្រាប់ការពារមាន់ឈឺ ឱ្យមាន់ឆាប់ធំធាត់លឿន និងចូលរួមសង់ទ្រុងមាន់ជាមួយសហគមន៍សរុបចំនួន ១៣គ្រួសារ។ ចំពោះការងារផលិតទឹកស្អាតសម្រាប់សហគមន៍ប្រើប្រាស់វិញ ក្រុមការងារបានសម្របសម្រួលជាមួយគណៈកម្មការគ្រប់គ្រងម៉ាស៊ីនផលិតទឹកស្អាតពីបរិយាកាស និងស្ថាប័នពាក់ព័ន្ធផ្សេងៗចំនួន ៧លើក ដើម្បីធានាបាននូវដំណើរការរបស់ម៉ាស៊ីនផលិតទឹកបានជាធម្មតា។ លើសពីនេះ ក្រុមការងារបានដឹកនាំប្រជាជនភូមិកោះកេរជួសជុលស្តារប្រឡាយរំដោះទឹកបានប្រវែង ២០ម៉ែត្រ ស្តារលូកាត់ផ្លូវប្រវែង ៧ម៉ែត្រ និងជួសជុលបឋមស្ពានឈើឆ្លងពីភូមិកោះកេរទៅសាលាបឋមសិក្សាកោះកេរឱ្យដំណើរការបានវិញ ដោយពិភាក្សា និងរៀបចំផែនការបន្តជួសជុលឡើងវិញនៅថ្ងៃខាងមុខ។ ទន្ទឹមនឹងការមានទឹកគ្រប់គ្រាន់ក្នុងរដូវវស្សានេះ ក្រុមការងារបានផ្តល់បច្ចេកទេសចិញ្ចឹមត្រី និងផ្តល់ពូជត្រីទីឡាព្យានិងត្រីឆ្ពិនចំនួន២៣១៧ក្បាលដល់ប្រជាជនចំនួន ២គ្រួសារដើម្បីចិញ្ចឹមនៅក្នុងស្រះមួយគ្រួសារ និងនៅក្នុងស្រែសន្ទុងមួយគ្រួសារ។…
អនុវត្តតាមការចាត់តាំងរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបានដឹកនាំប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈលើកទី១៩ និងកិច្ចប្រជុំអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) និងកិច្ចប្រជុំដោយឡែករវាងអាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ។ កិច្ចប្រជុំនេះផ្តោតទៅលើកិច្ចសហប្រតិបត្តិការផ្នែកសិល្បៈ និងវប្បធម៌រវាងប្រទេសសមាជិកអាស៊ាន និងប្រទេសសមាជិកអាស៊ាន ជាមួយចិន ជប៉ុន កូរ៉េ ដែលជាប្រទេសដៃគូសហប្រតិបត្តិការ។ ប្រទេសនីមួយៗបានរាយការណ៍អំពីលទ្ធផលនៃការអនុវត្តគម្រោងនានាកាលពីឆ្នាំកន្លងទៅ ហើយក៏បានពិភាក្សាអំពីគម្រោងថ្មីៗដែលត្រូវបន្តអនុវត្តនាពេលអនាគត។ ដោយឡែកកិច្ចប្រជុំលើកទី២០គ្រោងនឹងធ្វើនៅឆ្នាំ២០២៤ ដែលប្រទេសម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះ។
គិតត្រឹមម៉ោង៤:០០ ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បាននាំយកព្រះបដិមាដែលទទួលពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ជូនក្រុមការងារជំនាញរបស់សារមន្ទីរជាតិភ្នំពេញ ដោយយកទៅរក្សាទុកនៅក្នុងឃ្លាំងដោយសុវត្ថិភាព។ សូមបញ្ជាក់ជូនថា ការប្រគល់និងទទួលព្រះបដិមាខាងលើ មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកក៏បានលើកឡើងនូវការផ្តាំផ្ញើនិងថ្លែងអំណរគុណពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ជូនចំពោះអាជ្ញាធរដែនដី មន្រ្តីជំនាញនិងថ្នាក់ដឹកនាំមន្ទីរ ជាពិសេសប្រជាពលរដ្ឋ ដែលបានរកឃើញនឹងបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សា ការពារនិងអភិរក្ស ទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក David Verbiwski ភារៈធារីស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានរំលឹកអំពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងកម្ពុជា និងកាណាដា។ បន្ថែមពីនេះ គម្រោងកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងសារមន្ទីរធនធានមនុស្សរបស់កាណាដា ក៏ដូចជាគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរផ្នែកស្ថាបត្យកម្មរវាងប្រទេសទាំងពីរ ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបនេះដែរ។ នាពេលអនាគត ភាគីកម្ពុជានិងកាណាដានឹងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើវិស័យវប្បធម៌៕ អត្ថបទ៖ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន រូបភាព លោក ត្រឡុង បូរិន
នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងផ្តល់ការគាំទ្រដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) សម្រាប់ផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតនៅក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងការសហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យវប្បធម៌និងវិចិត្រសិល្បៈ។ ក្នុងពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងទាំងពីរផងដែរ។ អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ របស់ក្រសួង ស្ថាប័ន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ទន្ទឹមនឹងនេះ អនុស្សរណៈនេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារ និងការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលរបស់ខ្លួនផងដែរ។ សូមបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ( verify.gov.kh) គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា…
ក្រុមអ្នកជំនាញ ជិតបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលហើយ ពោលគឺនៅបង្ហើយតែការងារនៅសេសសល់មួយចំនួនទៀតប៉ុណ្ណោះ បើសិនមិនមានបញ្ហារាំងស្ទះណាមួយទេ កិច្ចការនេះនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមអ្នកជំនាញ បានដំណើរការជួសជុលប្រាសាទតាព្រហ្មកិល ដោយចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ២០២៣មក។ បច្ចុប្បន្នកិច្ចការងារនេះ សម្រេចលទ្ធផលបានប្រមាណ៧០ភាគរយ គ្រោងនឹងបញ្ចប់គម្រោងជួសជុលនាចុងឆ្នាំ២០២៣ខាងមុខ។ លោកបន្តថា ប្រាសាទព្រហ្មកិលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ ដោយឡែកដំណើរការជួសជុលវិញ បានបែងចែកជាបីដំណាក់កាល រួមមាន៖ ជួសជុលខឿន ជញ្ជាំង និងកំពូលនៃប្រាសាទ។ ខណៈការជួសជុលផ្នែកខឿន និងជញ្ជាំង បានរួចរាល់ហើយ នៅសល់តែការជួសជុលរួតទាំង៥ នៃកំពូលប្រាសាទប៉ុណ្ណោះ។ លោក ម៉ៅ សុខនី បានបញ្ជាក់ទៀតថា ការងារបន្ទាប់ក្រោយបញ្ចប់ ការជួសជុលតួប៉ម នៃប្រាសាទតាព្រហ្មកិលហើយ ក្រុមអ្នកជំនាញគ្រោងរៀបចំកែសម្រួល នៅចំណុចខ្លោងទ្វារច្រកចូលនៃប្រាសាទ ឱ្យមានភាពរឹងមាំឡើងវិញ។ សូមជម្រាបថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រិស្តសករាជ…