Catégorie : ព័ត៌មាន


  • កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញបើកជាផ្លូវការកម្មវិធីសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ដោយមានការចូលរួមអមដំណើរពី ឯកឧត្តម លោក លោកស្រី​ នៃក្រុមការងារ​ លោកគ្រូអ្នកគ្រូ​ សិស្សានុសិស្សជាច្រើនរូប។ ក្នុងកម្មវិធីសង្ក្រាន្តថ្ងៃទី១ នេះមានកម្មវិធីសប្បាយៗជាច្រើនដូចជា លេងល្បែងកម្សាន្តប្រជាប្រិយ បោះអង្គុញ ដណ្តើមស្លឹកឈើ លាក់កន្សែង ការបង្ហាញទស្សនីយភាពក្បាច់គុនល្បុក្កតោ របាំត្រុដិ និងកម្មវិធីប្រឡងរាំ ដោយមានការអញ្ជើញចូលរួមពីសិស្សវិទ្យាល័យទាំងបីក្នុងស្រុកកំពង់ត្រឡាចចំនួន ២៣គូ រួមមាន÷ វិទ្យាល័យជាស៊ីម កំពង់ត្រឡាច ចំនួន ៧គូ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួន ៦គូ និងវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាចចំនួន ១០គូ។ កម្មវិធីប្រកួតរាំនេះ មានការដាក់ពិន្ទុពីសំណាក់ លោកជំទាវ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ប៉ុក សារ៉ាន់ ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក…

  • ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់។ លោក ប៊ូ ផានេត បន្តថា ទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទនៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់។ មានកន្លែងអង្គុយសម្រាកនៅពេលរដូវក្ដៅ អាចកាត់បន្ថយជំងឺខ្យល់គរ និងជំងឺផ្លូវដង្ហើម។ កាត់បន្ថយការឈប់សម្រាកនៅក្នុងប្រាសាទដែលនាំឱ្យកកស្ទះ ឬអង្គុយលើថ្មជាដើម។ ជាពិសេសនៅពេលចូលឆ្នាំខាងមុខមានភ្ញៀវជាតិ និងអន្តរជាតិច្រើន មានកន្លែងអង្គុយសម្រាកសម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ៕ អត្ថបទ: លោក យី សុថា រូបភាព: ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍

  • កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក ពេជ្រ ចិត្រា និងលោកស្រី ច័ន្ទ ដាវី ស្ថាបនិក កោះស្លាកែត លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមនៅក្នុងកម្មវិធី សង្រ្កាន្តគូព្រេងព្រឹទ្ធ ដែលរៀបចំឡើង មានល្បែងរបាំប្រជាប្រិយ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ។ លោកជំទាវរដ្ឋលេខាធិការបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានទស្សនកិច្ចជុំវិញបរិវេណរមណីយដ្ឋានកោះស្លាកែត ដែលពោរពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធតាមបែបស្ថាបត្យកម្មរចនាបថបុរាណ ជាតំបន់ឧស្សាហកម្មវប្បធម៌គ្មានផ្សែងដែលបានផ្ដល់ការងារជាច្រើន និងបានបង្ហាញពីការអភិរក្សនិងអភិវឌ្ឍ ទៅតាមអត្តសញ្ញាណខ្មែរ ។ នៅក្នុងសុន្ទរកថាមុននឹងចែកលិខិតថ្លែងអំណរគុណជូនដល់គូព្រេងព្រឹទ្ធ ទាំង១៥គូ លោកជំទាវបានប្រកាសគាំទ្រនិងសន្យាថាជួយផ្នែកបច្ចេកទេសវប្បធម៌ ទៅតាមអ្វីដែលម្ចាស់ស្ថាបនិកទីនេះចង់បាន។ លោកជំទាវបានបញ្ជាក់យ៉ាងច្បាស់ៗថា ក្រសួងវប្បធម៌ រីករាយស្វាគមន៍ និងគាំទ្រលើកទឹកចិត្តជានិច្ច ចំពោះបងប្អូនដែលមានបំណងចង់ជួយ បំផុសការកសាងច្នៃប្រឌិតស្នាដៃ ទៅតាមរចនាបថ និងអត្តសញ្ញាណរបស់យើង ពោលគឺការចូលរួមថែរក្សាមរតកវប្បធម៌ជាតិ គឺជាតួនាទី ភារកិច្ច និងជាកាព្វកិច្ចកូនខ្មែរ ទាំងអស់គ្នា ជាពិសេសយុវជនត្រូវចូលរួមដើម្បីវប្បធម៌ជាតិ៕

  • ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ស្ដីពីការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿន បានប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរស្រុកសំរោងទង អាជ្ញាធរឃុំត្រពាំងគង សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ។ បើតាមការសិក្សា អំពីប្រវត្តិនៃពិធីនេះ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតជាពិធីប្រណាំងរទេះសាឡីគោលឿននេះ នៅតាមភូមិ សហគមន៍រហូតដល់ទីប្រជុំជន ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ចំនួនរទេះសាឡីគោក្នុងឆ្នាំ២០២៤នេះ គឺមានចំនួនសរុប៥០គូ(គូធំមានចំនួន២១គូ និងគូតូចមានចំនួន២៩គូ) ក្នុងនោះមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ហើយជាលទ្ធផល៖…

  • ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៤» ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងនិស្សិតទាំង៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។ នៅថ្ងែទី១ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសជាអធិបតីក្នុងកម្មវិធីសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងផ្តល់មតិសំណេះសំណាល ប្រកបដោយខ្លឹមសារដ៏ជ្រាលជ្រៅក្នុងការលើកទឹកចិត្ត និងកោតសរសើរនិស្សិត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃសាកលវិទ្យាល័យ។ នាថ្ងៃទី២ ក៏មានការប្រគំតន្ត្រីកំដរបរិយាកាស ការលេងល្បែងប្រជាប្រិយ ដូចជាចោលឈូង ចាប់កូនខ្លែង បោះអង្គញ់ ទាញព្រ័ត្រ ការរាំកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ ព្រមទាំងការសម្តែងទស្សនីយភាពនានាដូចជា របាំបុរាណ របាំសហសម័យ ល្ខោនខោល គុណល្បុក្កតោ ចម្រៀងអាយ៉ៃ ល្ខោនស្រមោលស្បែកធំផងដែរ។ ក្រៅពីការសម្ដែងទស្សនីយភាពសិល្បៈចម្រុះដោយនិស្សិត ក៏មានការចូលរួមពីសំណាក់សិល្បករក្រៅប្រព័ន្ធ និងតារាចម្រៀងល្បីៗនៃព្រះរាជាណាចក្រកម្ពុជាដែលបានស្ម័គ្រចិត្តចូលរួមជំរុញនិងបង្កើនភាពសប្បាយរីករាយដល់មហាជនទូទៅបានទស្សនាកម្សាន្ត។ ថ្ងៃទី៣ជាថ្ងៃចុងក្រោយ ពេលព្រឹកថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងនិស្សិតជាច្រើនបានចូលរួមស្រង់ទឹកថ្វាយរូបព្រះបាទជ័យវ័រ្មនទី៧ក្នុងពិធីស្រង់ព្រះរំលឹកគុណគ្រូក្នុងទីធ្លាសាកលវិទ្យាល័យ ពេលល្ងាចសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលរួមកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងបានយាងទតការសម្តែងសិល្បៈដែលរៀបចំនិងចូលរួមសម្តែងផ្ទាល់ពីសំណាក់អ្នកគ្រូសាស្ត្រាចារ្យ ព្រឹទ្ធាចារ្យនិងអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នេះជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ របស់គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់…

  • ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅសារមន្ទីរទួលស្លែង មានរៀបចំកិច្ចប្រជុំរវាងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដោយឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាមួយលោក Sardar Umar Alam ប្រធានការិយាល័យអង្គការយូណេស្កូភ្នំពេញ និងឣ្នកជំនាញកូរ៉េ ដឹកនាំដោយលោក Song Yungjun តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការសិក្សាវាយតម្លៃលើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ដែលបានដាក់ស្នើសុំហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តតាមរយៈអង្គការ KOICA។ គម្រោងជំហានទី២នេះ ផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និង ការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។ កន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ បានអនុវត្តគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែង ប្រកបដោយជោគជ័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។ អ្នកជំនាញ រួមទាំងមន្ត្រីអង្គការយូណេស្កូ និងទីភ្នាក់ងារ KOICA បានវាយតម្លៃខ្ពស់លើការឣនុវត្តកិច្ចការនានារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការងារអភិរក្សបណ្ណសារមន្ទីរនិងសមុច្ច័យ​ ការឣភិរក្សទីតាំងប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ និងការឣប់រំដើម្បីសន្តិភាព។ #UNESCO#KOICA#MCFA#TSGM

  • ជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាដល់ភ្ញៀវទេសចរ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមឱ្យបានល្អនៅក្នុងរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០នាក់ បានចុះយុទ្ធនាការសម្អាតសំរាមនៅភូមិត្រពាំងសេស និងនៅតាមដងផ្លូវពីមុខប្រាសាទអង្គរវត្តទៅព្រលានយន្តហោះចាស់។ សកម្មភាពដ៏ល្អនេះ ពិតជាគំរូ និងបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងថ្លៃថ្លាពីមហាជនក្នុងការកាត់បន្ថយសំរាម ការទុកដាក់សំរាម និងការគ្រប់គ្រងសំរាមបានល្អ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបទាំងមូលកាន់តែស្អាត និងមានភាពទាក់ទាញបន្ថែមទៀត ហើយលើកកម្ពស់សុខភាពឱ្យកាន់តែល្អប្រសើរ។ អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដល់សាលាក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសកម្មភាពសម្អាតសំរាមនៅក្នុងរមណីយដ្ឋានអង្គរ និងរួមចំណែកថែរក្សា លើកតម្លៃដល់សម្បត្តិបេតិកភណ្ឌជាតិ និងបង្ហាញពីការរស់នៅប្រកបដោយភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕ អត្ថបទ៖ ឆាយ ផាន់នី

  • នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ទទួលជួបឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជារួមជាមួយសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។ នៅក្នុងជំនួបនេះឯកឧត្តមប្រធានសមាគមបានជម្រាបជូនពីការបើកការិយាល័យសមាគមជប៉ុន-កម្ពុជានៅរាជធានីភំ្នពេញ ហើយដែលបានសម្ពោធនាពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា សមាគមនេះ ដើរតួនាទីជាមជ្ឍមណ្ឌលកណ្តាលក្នុងការសម្របសម្រួលនឹងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យមជប៉ុន-កម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានបានស្វាគមន៍ចំពោះការបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ។

  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពជូនពរ និងអបអរសាទរដោយស្មោះ គោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតគាំទ្រជ្រើសរើសជាអនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ នីតិកាលទី៥។

  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពជូនពរ និងអបអរសាទរដោយស្មោះ គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតគាំទ្រជ្រើសរើសជាអនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ នីតិកាលទី៥