Catégorie : ព័ត៌មាន


  • បភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fact នេះ គឺជារូបភាពកាត់ត ក្លែងក្លាយ និងមានចេតនាញុះញុងឲ្យរើសអើងពូជសាសន៍។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាពកាត់តនេះ និងស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាកុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តក្លែងក្លាយ

  • ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាស្ដីពី“ការងារផែនការ ស្ថិតិ និងរបាយការណ៍ លើកទី៤” កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលសាលាបណ្ដុះបណ្ដាលក្របខណ្ឌវប្បធម៌នៃទីស្ដីការក្រសួង។ នៅក្នុងកម្មវិធីបើកសិក្ខាសាលាកម្រិតបច្ចេកទេសមួយនេះ លោក ចាន់ តូ អគ្គនាយករងនិងជាតំណាង ឯកឧត្តម វិន ឡៃជួ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ បានចូលរួមផ្ដល់មតិយោបល់និងការណែនាំសំខាន់ៗទៅកាន់សិក្ខាកាមចំនួន ១០៨រូប ដែលជាមន្ត្រីជំនាញមកពីគ្រប់អង្គភាពនិងមន្ទីរនៅក្រោមឱវាទរបស់ក្រសួង ក្នុងគោលបំណងជំរុញការងារផែនការ ស្ថិតិ និងរបាយការណ៍ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសស្របទៅតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងអាទិភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន២ រួមមាន ទី១. ពិនិត្យផ្ទៀងផ្ទាត់ដើម្បីកែសម្រួលសេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២៤-២០២៨របស់ក្រសួង និងទី២. លើកកម្ពស់សមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, យុទ្ធសាស្ត្របញ្ចកោណនិងផ្នែកពាក់ព័ន្ធជាមួយវិស័យវប្បធម៌, ការរៀបចំសូចនាករ, យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ,…។ បន្ទាប់ពីសិក្ខាសាលានេះ សិក្ខាកាមត្រូវរាយការណ៍ទៅប្រធានអង្គភាពនិងប្រធានមន្ទីរបស់ខ្លួន ដើម្បីពិនិត្យកែសម្រួលសេចក្ដីព្រាងផែនការសកម្មភាព៥ឆ្នាំរបស់អង្គភាពនិងមន្ទីរនីមួយៗ រួចផ្ញើត្រឡប់មកក្រសួងវិញឱ្យបានឆាប់។ រូបភាពនិងខ្លឹមសារ៖ នាយកដ្ឋានផែនការ ស្ថិតិ និងសរុប

  • អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរូបបដិមាមួយធ្វើពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែងឱ្យប្រសើរឡើងវិញ។ អ្នកជំនាញអភិរក្សថ្មនៅប្រាសាទភ្នំបាខែង លោក សយ សុភារិន្ទ បានឱ្យដឹងថា រូបបដិមានោះ បានបាក់បែកធ្ងន់ធ្ងរជាច្រើនកន្លែង តាំងពីព្រះកេស ដៃសងខាង ព្រមទាំងជើងខាងស្តាំ ក៏បាក់ពាក់កណ្ដាល ជាហេតុធ្វើឱ្យក្រុមអ្នកបច្ចេកទេសមិនអាចដឹងថា ជាបដិមាអ្វីច្បាស់លាស់ឡើយ។ ចំពោះពេលវេលា និងមូលហេតុដែលធ្វើឱ្យរូបបដិមានេះ បាក់ធ្លាក់យើងមិនទាន់ដឹងឱ្យប្រាកដ។ ក៏ប៉ុន្តែ ផ្អែកតាមស្លាកស្នាមស៊ីម៉ង់ត៍ដែលសេសសល់ យើងអាចដឹងថា កន្លងមក រូបបដិមានេះ ធ្លាប់មានការជួសជុលដោយសាលាបារាំងចុងបូព៌ាម្ដងមកហើយ។ បច្ចុប្បន្ននេះ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជួសជាថ្មីម្ដងទៀតជាច្រើនកន្លែងដូចជា សិក្សាអំពីគ្រឹះ ពិនិត្យមើលជើងទម្ររបស់រូប។ ជួសជុលជើងទម្រនៅផ្នែកខាងស្តាំដែលប្រេះ ដោយស្វានដាក់ស្នូលដែកអ៉ីណុកដើម្បីតភ្ជាប់ប្រអប់ជើងឡើងវិញជាដើម។ ក្នុងការជួសជួលបដិមាថ្មភក់បុរាណមួយនេះ ក្រុមអ្នកបច្ចេកទេស ក៏នឹងត្រូវឆ្លាក់ថ្មថ្មីមកបំពេញជំនួសនៅតាមកន្លែងដែលបាត់៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក យី សុថា/ភោគ ជា

  • សារាចរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ។

  • អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលបានឈ្នះពានរង្វាន់ ជាគោលដៅទេសចរណ៍វប្បធម៌​ ឈានមុខ​គេ​នៅ​អាស៊ី ពី World Travel Awards​#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #Peaceofcambodia

  • ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាជាច្រើន មានធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។ ដើម្បីកិច្ចការងារអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិអប្សរា កំពុងធ្វើសម្រង់ថ្ម ដែលធ្លាក់រាយប៉ាយនៅជុំវិញនោះ ដើម្បីស្វែងរកថ្ម រួចធ្វើការសម្អាត និងអាចរៀបផ្គុំប្រាសាទឱ្យមានរូបរាងឡើងវិញ។ លោក រស់ វិសុទ្ធ មន្ត្រីអភិរក្សប្រាសាទភ្នំក្រោម នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា រយៈពេលជាងមួយខែកន្លងមកហើយ ដែលក្រុមការងារនៃនាយកដ្ឋានលោក បានចុះមកកាន់ទីតាំងប្រាសាទអ្នកតាវាំងនេះ ពិនិត្យមើលកិច្ចការងារមួយចំនួន ដើម្បីអភិរក្សប្រាសាទ ដែលរងការខូចខាតទ្រុឌទ្រោម នៅសល់តែគ្រឹះខាងក្រោម ថ្មធ្លាក់រាយប៉ាយ និងមានការរំលោភបំពានពីសំណាក់ពលរដ្ឋរស់នៅក្បែរៗនោះ ដោយបានចាក់ដីលុប និងសាងសង់សំណង់ថ្មីពីលើ។ លោកថាក្រៅពីការងារបោសសម្អាត នៅជុំវិញបរិវេណប្រាសាទ ក្រុមការងារកំពុងធ្វើបច្ចុប្បន្នភាពទៅលើថ្មដែលនៅរាយប៉ាយ ធ្វើការសម្អាតថ្ម បង់លេខថ្ម ទើបចុះបញ្ជី ដើម្បីបានដឹងថា ថ្មមានក្បាច់ចំនួនប៉ុន្មានដុំ ថ្មជញ្ជាំងចំនួនប៉ុន្មានដុំ ថ្មសសរផ្អោបនិងថ្មសសរពេជ្រចំនួនប៉ុន្មាន និងចំនួនថ្មផ្សេងៗទៀត ដោយត្រូវធ្វើសម្រង់ថ្មឡើងវិញទាំងអស់ ប៉ុន្តែជំហានដំបូងត្រូវធ្វើសម្រង់ថ្មណា ដែលមានក្បាច់រចនាឬរូបរាងគ្រប់គ្រាន់។ លោកបន្តថា បន្ទាប់ពីការសម្រង់និងចុះបញ្ជីថ្មរួចរាល់ហើយ…

  • អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នអាល្លឺមង់ GACP បានរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍នៅសំណង់ព្រះវិហារគ្រឹស្តសាសនាបុរាណឈ្មោះថា Cologne Cathedral និង Freiburg Minster នៃប្រទេស អាល្លឺម៉ង់។ សិក្ខាសាលានេះ ធ្វើបទបង្ហាញដោយអគ្គនាយកអភិរក្សសំណង់បុរាណនៃព្រះវិហារគ្រិស្តសាសនាទាំងពីរខាងលើ។ វាគ្មិនបណ្ឌិត Peter Fussenich បានធ្វើបទបង្ហាញពីប្រវត្តិត្រួសៗនៃអគារព្រះវិហារសាសនាគ្រិស្ដ Cologne Cathedral សិល្បៈសំណង់ស្ថាបត្យកម្ម គំនូរចម្រុះលើកញ្ជក់ជាដើម។ ចំណុចសំខាន់គឺផ្តោតលើការងារ រោងជាងរបស់ព្រះវិហារ ដែលមានអ្នកជំនាញចម្រុះវិស័យបំពេញការងារលើកិច្ចការពារ ការអភិរក្ស និងវិធានបង្ការ ការចែករំលែកបទពិសោធន៍ការងារនៅព្រះវិហារ Cologne Cathedral ។ ការងាររបស់រោងជាងសព្វថ្ងៃបានក្លាយគោលដៅទេសចរណ៍រហូតដល់មានអ្នកចូលទស្សនាការងារជួសជុលចំនួន៦,៥០០,០០០នាក់ក្នុងមួយឆ្នាំ។ Cologne Cathedral ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១២៤៨ មានកម្ពស់១៥៧ម៉ែត្រ។ អគារនេះត្រូវបាន ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ នៅឆ្នាំ១៩៩៦។ ចំពោះបទបង្ហាញទី២ ដោយលោកស្រីបណ្ឌិត Anne Christine BREHM ជាអគ្គនាយិកា បានបង្ហាញបទពិសោធន៍ការងាររបស់រោងជាង នៃព្រះវិហារ Freiburg Minster ដែលជាព្រះវិហារនេះបានកសាងនៅសម័យកណ្តាលនៅអឺរ៉ុប។ ដូចគ្នានឹងព្រះវិហារខាងលើ មានចំនួនភ្ញៀវច្រើនលាននាក់បានមកទស្សនារោងជាងការងារអភិរក្សនៅព្រះវិហារ Freiburg Minster…

  • កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងលោកសាស្ត្រាចារ្យ Ichita SHIMODA ប្រធានមន្ទីរពិសោធន៍បេតិកភណ្ឌស្ថាបត្យកម្ម តំណាងសាកលវិទ្យាល័យ Tsukuba នៃប្រទេសជប៉ុន។ អនុស្សរណៈនេះផ្តោតទៅលើការអនុវត្តការសិក្សាស្រាវជ្រាវលើវិស័យបុរាណវិទ្យា ភូមិសាស្ត្រ ស្ថាបត្យកម្ម ការអភិវឌ្ឍបច្ចេកទេសត្រួតពិនិត្យ និងកម្មវិធីកសាងសមត្ថភាពដើម្បីការការពារ ថែរក្សា ជួសជុលថែទាំ និងការគ្រប់គ្រងរមណីយដ្ឋានបុរាណនានា។

  • កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Chase Robinson នាយកសារមន្ទីរ Smithsonian National Museum of Asian Art និងក្រុមការងារនៅទីស្តីការក្រសួង។ នៅក្នុងជំនួបពិភាក្សានេះគឺបានលើកឡើងពីលទ្ធភាពក្នុងការសហការគ្នាលើគម្រោងបណ្តុះបណ្តាលមន្ត្រីជំនាញ អំពីកិច្ចការអភិរក្ស ជំនាញក្នុងការរៀបចំពិព័រណ៍ ជំនាញក្នុងការតែងនិពន្ធពន្យល់អំពីពិព័រណ៍ និងសមុច្ច័យដែលបានទាមទារត្រលប់មកប្រទេសកម្ពុជាវិញ ព្រមទាំងផែនការមួយចំនួនទៀត ដើម្បីពង្រឹង និងពង្រីកសក្តានុពលនៃការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ប្រកបដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍ដល់សាធារណជនទូទៅ។ គួររំលឹកផងដែរថា កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងសារមន្ទីរ Smithsonian ក្នុងគោលដៅដើម្បីបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈរបស់បុគ្គលិកសារមន្ទីរតាមរយៈការផ្លាស់ប្តូរ ការសម្របសម្រួល ការផ្តល់ប្រឹក្សាលើការគ្រប់គ្រងសារមន្ទីរ។

  • ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌនៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីអបអរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ និងក្នុងគោលបំណងឱ្យសិស្សានុសិស្សបានទទួលបានចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្ត ប្រវត្តិសិល្ប: បដិមាសាស្រ្ត ទប់ស្កាត់ការជួញដូរវត្ថុបុរាណ ព្រៃឈើ និងការគ្រប់គ្រងកាកសំណង់ក្នុងតំបន់បេតិកភណ្ឌ។ កម្មវិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ឃូ អៀងហួត អគ្គនាយករងប្រចាំនៅរមណីយដ្ឋានប្រាសាទកោះកេរ និងមានការចូលរួមពីសំណាក់លោកប្រធាន/អនុប្រធាននាយកដ្ឋាន មន្រ្តី សន្តិសុខសណ្តាប់ធ្នាប់ លោកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១១នៃវិទ្យាល័យស្រយង់ សរុបចំនួន៥០នាក់។ កម្មវិធីរួមមានការធ្វើបទបង្ហាញអំពី ១)រមណីយដ្ឋានប្រាសាទកោះកេរ ២)ការលួចវត្ថុបុរាណដោយខុសច្បាប់ និងការទាមទារត្រលប់មកវិញ ៣)គុណតម្លៃព្រៃឈើ និង ៤) ការគ្រប់គ្រងកាកសំណល់លក្ខណៈគ្រួសារក្នុងតំបន់បេតិកភណ្ឌ។ នៅក្នុងកម្មវិធីនេះផងដែរ លោក ភិន សំណាង និង លោក ថូ ថុន រួមជាមួយមន្រ្តីបច្ចេកទេស បាននាំសិស្សានុសិស្សទៅទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមតាមប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងនោះមាន ប្រាសាទបន្ទាយពីជាន់ ប្រាសាទធំ ប្រាសាទចិន និង ថ្នាលបណ្តុះកូនឈើ។