Catégorie : ព័ត៌មាន


  • ក្នុងឱកាសដ៏បវរសួស្តី វិសេសវិសាលនៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ សូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលគ្រប់ប្រការជូនចំពោះ ឯកឧត្តម សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីនិរន្តរភាពក្នុងការរួមចំណែក ដឹកនាំព្រះរាជាណាចក្រកម្ពុជា ជានីតិរដ្ឋដ៏រឹងមាំ មានសុខសន្តិភាព និងមានការអភិវឌ្ឍ បម្រើដល់បុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ។

  • អនុមោទនាពិធីបុណ្យ មាឃបូជា ថ្ងៃសៅរ៍ ១៥កើត​ ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤

  • កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញ និង អាជ្ញាធរដែនដី បានអញ្ជើញទៅថ្វាយបង្គំ ព្រះតេជព្រះគុណ សាយ ជីវ័ន ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ដែលស្ថិតនៅក្នុងភូមិព្រះហស្ថក្បាល ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះព្រះអង្គ បានបង្ហាញវត្ថុបុរាណចំនួនបី រួមមាន៖ ១. ក្រឡធំលាបស្រទាប់រលោងពណ៌ត្នោត ជាប្រភេទកម្រ ព្រោះក្រឡនេះមានទំហំធំនិងមានរូបរាងល្អពេញលេញ ដែលមិនធ្លាប់ប្រទះឃើញនាពេលកន្លងមក។ តាមរយៈការវិភាគលើរូបរាង សាច់ដី ក្បាច់លម្អ និងស្រទាប់រលោងក្រុមការងារជំនាញបានសន្និដ្ឋានថា ក្រឡធំនេះផលិតឡើងនៅសម័យអង្គរនារវាងស.វ.ទី១២-១៣។ ដោយឡែកតួនាទីនៃការប្រើប្រាស់ក្រឡធំនេះ ក្រុមការងារកំពុងវិភាគបន្ថែម។ ២. ក្អមទឹកសម័យអង្គរនារវាងស.វ.ទី៩-១០។ ក្អមប្រភេទនេះ ជាប្រភេទភាជន៍រឹងគ្មានស្រទាប់រលោង ហើយច្រើនប្រទះឃើញនៅក្រុមឡបង្កោងនិងតានី ក្នុងតំបន់អង្គរ។ ៣. ដាវត្រួតពលសម័យបារាំងនារវាងឆ្នាំ១៨៦៣-១៩៤០ បានប្រទះឃើញនៅក្នុងបរិវេណវត្តកាលពី១០ឆ្នាំមុន។ ក្រោយពិនិត្យឃើញវត្ថុបុរាណទាំងបីខាងលើ លោកជំទាវបណ្ឌិតសភាចារ្យ បានទូលស្នើសុំវត្ថុបុរាណទាំងនោះ យកមករក្សាទុកនៅសារមន្ទីរជាតិដើម្បីអភិរក្ស ដាក់តាំងបង្ហាញ និង ផ្សព្វផ្សាយជូនដល់សាធារណជនជាតិនិងអន្តរជាតិឈ្វេងយល់ពីភាពសំបូរបែបនៃមរតកវប្បធម៌ខ្មែរដែលបន្សល់ទុក ក្រៅពីរូបចម្លាក់និងប្រាង្គប្រាសាទ។ ម្យ៉ាងទៀត វត្ថុបុរាណទាំងនេះ ជាផ្នែកមួយនៃការបង្ហាញពីបរិបទនៃប្រវត្តិសាស្ត្រនិងការវិវត្តអារ្យធម៌ខ្មែរសម័យអង្គររហូតដល់សម័យអាណានិគមបារាំង។…

  • កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទី លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទំព័រថ្មីនៃអនុស្សាវរីយ៍» ដែលរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងJapan Foundation។ មហោស្រពគីហ្សូណា គឺជាវេទិកាវប្បធម៌សម្រាប់កម្ពុជា និងជប៉ុន ដើម្បីបង្ហាញសិល្បៈវប្បធម៌ តន្ត្រី របាំ និងម្ហូប ជំរុញឱ្យមានការគោរព និងការយល់ដឹងកាន់តែខ្លាំងឡើងចំពោះអត្តសញ្ញាណវប្បធម៌ជាតិរបស់គ្នាទៅវិញទៅមក៕

  • ឆ្លៀតក្នុងឱកាសនៃការចុះអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ ស្តីអំពីការជួសជុលរួតបាកាននៃប្រាសាទអង្គរវត្ត នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពីការងារអភិរក្ស និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព តំបន់បេតិកភណ្ឌពិភពលោកអង្គរ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃ “រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ“ ដើម្បីឈ្វេងយល់ពីកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរា និងទិសដៅអនាគត៕

  • កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដោយអមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញ។ តាមរយៈការជួបសំណេះសំណាលនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំងពីរខេត្ត ដែលបានចូលរួមចំណែកក្នុង ការអនុវត្តនូវការងារតាមផែនការរបស់ក្រសួង ក៏ដូចជាមន្ទីរ និងសំណូមពរឱ្យគ្រប់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ជាពិសេសពាក់ព័ន្ធនឹងវិស័យវប្បធម៌៕

  • កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ទឹម អនុរដ្ឋលេខាធិការក្រសួងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីរាជការលើកិច្ចការរដ្ឋបាលសម្រាប់មន្រ្តីថ្មីក្របខ័ណ្ឌឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌នៃទីស្តីការក្រសួង។ ក្នុងឱកាសនោះឯកឧត្តមបានថ្លែងថា រយៈពេល ៣ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ពិតជាបានខិតខំប្រឹងប្រែងទទួលយកនូវចំណេះដឹងថ្មីៗ ល្អៗ ពីគ្រូឧទ្ទេសដែលមានចំណេះដឹង ជំនាញ និងបទពិសោធច្បាស់លាស់លើមុខវិជ្ជាមួយចំនួន ដែលទាក់ទងនឹងការងាររដ្ឋបាល ដែលមុខវិជ្ជាទាំងអស់នេះ ពិតជាមានសារៈសំខាន់ក្នុងកិច្ចការងារប្រចាំថ្ងៃ សំដៅពង្រឹងនូវគុណភាព ប្រសិទ្ធភាព នៃកិច្ចការរដ្ឋបាលក្នុងវិស័យវប្បធម៌របស់យើងឱ្យកាន់តែមានភាពល្អប្រសើរ ស្របតាមរបត់និងស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ សាលាបានកំណត់ជ្រើសយកមន្រ្តីក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ សរុបចំនួន ៦០រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ២៨រូប មកពីអាជ្ញាធរជាតិសំបូរព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌពិភពលោក សាលាមធ្យមវិចិត្រសិល្បៈ បណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។ គោលបំណងនៃវគ្គបណ្តុះបណ្តាលខាងលើ គឺដើម្បីចែករំលែកបទពិសោធនិងផ្តល់ចំណេះដឹងជាមូលដ្ឋានលើការងាររដ្ឋបាលសម្រាប់មន្រ្តីរាជការក្របខ័ណ្ឌថ្មី ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឱ្យដំណើរការ ការងារទទួលបានប្រសិទ្ធភាព និងដើម្បីជាគុណប្រយោជន៍ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយ: ការរំពឹងទុកថា សិក្ខាកាមនឹងទទួលបានចំណេះដឹង៖ ១. កិច្ចការរដ្ឋបាលគឺជាកិច្ចការដ៏សំខាន់ក្នុងដំណើរការនៅតាមអង្គភាពនីមួយៗ ២.ដើម្បីធ្វើឱ្យការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពនិងគុណភាពខ្ពស់ ៣.មានការផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងកន្លែងការងារនិងឥរិយាបថពីមនុស្សសាមញ្ញមកជាមន្រ្តីរាជការ ៤.និងជាអ្នកបម្រើការជូនរាជការ បម្រើផលប្រយោជន៍ជាតិ…

  • ក្នុងឱកាសដ៏បវរសួស្តី វិសេសវិសាលនៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលគ្រប់ប្រការជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណ ភ្លឺថ្លា ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម។

  • ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌របស់អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើជណ្ដើរឈើចំនួន១ នៅទីតាំងទិសឦសាននៃប្រាសាទបាពួន ដើម្បីជួយបង្វែរទិសដៅភ្ញៀវទេសចរនៅជណ្តើរទិសខាងលិចដោយសារជណ្តើរជ្រុងខាងជើងឆៀងខាងលិចកំពុងធ្វើការជួសជុល។ ការដំឡើងជណ្តើរឈើនេះដែរ ក៏ដើម្បីសម្រួលឱ្យភ្ញៀវទេសចរចូលទស្សនាក្នុងរាជវាំងចាស់បានស្រួល ការពារការដើរទាក់ជើងនិងឫសឈើ ក៏ដូចជាជួយការពារឬសឈើ និងកាត់បន្ថយការដើរជាន់ដុំថ្ម ព្រមទាំងរូបចម្លាក់ផ្សេងៗនៅលើកំពែងនេះផង៕ អត្ថបទ និងរូបភាព: លោក ប៊ូ ផានេត

  • ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍ និងសង្គ្រោះបឋម នៅរមណីយដ្ឋានប្រាសាទព្រះវិហារ រយៈពេល ០២ថ្ងៃដឹកដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ ចាប់ពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្នាក់ងារទេសចរណ៍ចូលរួមសរុប ចំនួន ៣៧នាក់(ស្រី ២២នាក់)។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារទេសចរណ៍ ឱ្យទទួលបាននូវចំណេះ ជំនាញ អំពីការជួយសង្រ្គោះបឋមជូនភ្ញៀវទេសចរ ដែលជួបគ្រោះថ្នាក់ផ្សេងៗ ក្នុង កំឡុងពេលទស្សនាក្នុងរមណីយដ្ឋាន ព្រមទាំងពង្រឹងនូវតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែមាន ប្រសិទ្ធភាព និងបម្រើសេវាកម្មជូនភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរឡើង។