ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។ ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។ សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី០៥ ខែតុលានេះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក។ រូបភាពៈ Nathan Nathan (Vandy Piseth) https://www.facebook.com/vandy.vibol
សារមន្ទីរទួលស្លែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា សារមន្ទីរនឹងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ម៉ោង៨ព្រឹកមានកិច្ចរាប់បាត ព្រះសង្ឃ ចំនួន៤៤អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតនៅមន្ទីរស-២១ ក្នុងសម័យខ្មែរក្រហម។ អាស្រ័យដូចបានជម្រាបជូនខាងលើ ប្រសិនបើសាធារណជនដែលមានសាច់ញាតិបាត់បង់ជីវិតនៅមន្ទីរស-២១ មានបំណងចូលរួមពិធីបុណ្យភ្ជុំបិណ្ឌអាចអញ្ជើញចូលរួមបាន ដែលកម្មវិធីនឹងប្រព្រឹត្តឡើងនៅក្នុងសារមន្ទីរទួលស្លែងផ្ទាល់។
រសៀលថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ នេត្រ ភូមារី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោកជំទាវ កែវ សុខពិសី អភិបាលរងនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងសែនព្រេន នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី រៀបចំពិធីបុណ្យភ្ជុំបិណ្ឌឧទ្ទិសកុសលជូនជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
ឆ្លៀតក្នុងឱកាសដ៏មមាញឹកក្នុងកិច្ចប្រជុំលើកទី៤៥នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារ៉ាប៊ីត ឯកឧត្ដម ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្ដម ផាន់ ណាឌី រួមជាមួយប្រតិភូដែលមានលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក បានចូលជួបប្រជុំការងារជាមួយ ឯកឧត្ដម Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការយូណេស្កូ ដើម្បីពិភាក្សាអំពីការសម្របសម្រួលនានាក្នុងការត្រៀមរៀបចំសន្និសីទលើកទី៤នៃអន្តររដ្ឋាភិបាលអំពីអង្គរដែលនឹងប្រព្រឹត្តនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់អង្គការយូណេស្កូ នាទីក្រុងបា៉រីស ប្រទេសបារាំង។ សន្និសីទអន្តររដ្ឋាភិបាលនេះរៀបចំឡើងដើម្បីកំណត់នូវគោលនយោបាយ និងទិសដៅសកម្មភាពនានាសំដៅពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចល្អនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរនិងរមណីយដ្ឋានសំបូរព្រៃគុក។ សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានប្រារព្ធឡើងលើកទី១ នៅឆ្នាំ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លើកទី២ នៅឆ្នាំ២០០៣ នាទីក្រុងប៉ារីស ប្រទេសបារាំង និងលើកទី៣ នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា។ នៅឆ្នាំ២០១៩ គណៈកម្មាធិការនេះត្រូវបានពង្រីកសមត្ថកិច្ចបន្ថែមដល់រមណីយដ្ឋានសំបូរព្រៃគុក ដោយប្តូរឈ្មោះថា គណៈកម្មការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក៕
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ រៀបចំពិធីទូងស្គរ អបអរសាទរប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទ បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីដ។ ពិធីធ្វើឡើងនៅក្នុងបរិវេណប្រាសាទប្រាង្គ នៃរមណីយដ្ឋានប្រាសាទកោះកេរ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ អាជ្ញាធរស្រុកគូលែន មេឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមានចំនួន៦០០នាក់។ ដោយឡែកនៅរមណីយដ្ឋានប្រាសាទព្រះវិហារ បានប្រារព្វឡើងនៅចំណុចស្ពានបង្កាន់ដៃនាគ គោបុរៈទី៥ មានថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ មន្រ្តី និងបុគ្គលិក ឆ្មាំ ពលករ នៃអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរស្រុកជាំក្សាន្ត អាជ្ញាធរឃុំស្រអែម កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រចាំតំបន់ប្រាសាទព្រះវិហារប្រមាណជិត២០០នាក់។
ថ្លែងក្នុងឱកាសព្រឹត្តិការណ៍អបអរសាទរ ការចុះរមណីយដ្ឋានដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឧទ្ទិសសមិទ្ធផលនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់ ។ ព្រឹត្តិការណ៍ដ៏នក្តន្តឬក្សនេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឥសរ្សជនជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្ស និស្សិត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ ៩,០០០នាក់។ ស្ថិតក្រោមម្លប់នៃសន្តិភាព ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣ បានក្លាយជាទំព័រប្រវត្តិសាស្រ្ត ដ៏សំខាន់ថ្មីមួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆ័ន្ទចុះរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅក្នុងសម័យប្រជុំលើកទី៤៥របស់ខ្លួន នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា យើងខ្ញុំទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយសូមឧទ្ទិសនូវសមិទ្ធិផលនេះ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រីខ្មែរគ្រប់ជំនាន់ ជាពិសេស ព្រះមហាក្សត្រ…
……………………………………………… កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្ដម លោកជំទាវ លោក លោកស្រីដែលជាប្រធាន និងជាតំណាងអង្គភាព មន្ទីរ និងក្រុមការងារពាក់ព័ន្ធសំខាន់ៗ ដើម្បីពិនិត្យនិងប្រមូលធាតុចូលសម្រាប់អនុវត្តទិសដៅយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យវប្បធម៌ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមប្រធានអង្គប្រជុំ បានបង្ហាញដោយសង្ខេបអំពីទិដ្ឋភាពរួមនៃការងារផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា (យុទ្ធសាស្ត្របញ្ចកោណ) និងទិដ្ឋភាពដោយឡែកនៃការងារផែនការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈផ្ទាល់ដែលរួមមាន ផែនការយុទ្ធសាស្ត្រថវិកា, ផែនការវិនិយោគសាធារណៈ៣ឆ្នាំរំកិល, និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងមានភាពចាំបាច់ត្រូវរៀបចំក្របខណ្ឌផែនការសកម្មភាព ដើម្បីអនុវត្តទិសដៅយុទ្ធសាស្ត្រនានាដែលពាក់ព័ន្ធជាមួយវិស័យវប្បធម៌ដោយផ្ទាល់និង/ឬដោយប្រយោល នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងគ្រោងបោះពុម្ពផ្សព្វផ្សាយឯកសារនេះដល់គ្រប់អង្គភាព មន្ទីរ និងក្រុមការងារសំខាន់ៗរបស់ក្រសួង ដើម្បីធ្វើជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្ត ក៏ដូចជាការពិនិត្យតាមដាននិងវាយតម្លៃវឌ្ឍនភាពការងារ។…
លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀននិងការគ្រប់គ្រងថ្នាក់រៀនសម្រាប់មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលាមធ្យមវិចិត្រសិល្បៈ។ លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះជាដំណាក់កាលទី១ លើកទី២ ដែលមានសិក្ខាកាមចូលរួមសរុប១០២រូប ស្រ្តី៥០រូប។ ហើយកម្មវិធីសិក្សារយៈពេល៤ថ្ងៃនេះ មានការដាក់បញ្ចូលប្រធានបទសំខាន់ៗចំនួន៤រួមមាន៖ទី១.មុខវិជ្ជាក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីលើកកម្ពស់សីលធម៌របស់គ្រូបង្រៀន លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ។ ទី២. មុខវិជ្ជាការតាក់តែងប្លង់មេរៀន អនុញ្ញាតឱ្យសិក្ខាកាមទទួលបានពីវិធីសាស្រ្ត ក្នុងការសរសេរប្លង់ បែងចែកកំណត់ពេលវេលា និងវាយតម្លៃលទ្ធផលបង្រៀនរៀងរាល់ពេលបណ្តុះបណ្តាល ទៅលើសូចនាករដែលខ្លួនបានកំណត់ និងវាយតម្លៃក្រោយសិក្សា។ ទី៣.មុខវិជ្ជាវិធីសាស្រ្តគ្រប់គ្រងកំហឹង ដើម្បីប្រសិទ្ធភាពការបង្រៀន អនុញ្ញាតឱ្យសិក្ខាកាមចេះរកវិធីសាស្រ្តក្នុងការរក្សាផ្លូវចិត្ត និងចេះដោះស្រាយបញ្ហាប្រកបដោយភាពវិជ្ជមាន និងទី៤.មុខវិជ្ជាវិធីសាស្រ្តនៃការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន អនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សាឱ្យមានប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។ លោកជំទាវ ឆឹង ស៊ីមន បានថ្លែងថា…
ក្រោមគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន TotalEnergies ក្រោយពីបានដាក់ឱ្យដំណើរការគម្រោងដាំដើមឈើ ដែលមានឈ្មោះថា «Angkor-TotalEnergies Park» ដែលស្ថិតនៅខាងជើងប្រាសាទព្រះខ័ន ក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប អស់រយៈពេល២ឆ្នាំកន្លងមក កូនឈើគ្រប់ប្រភេទចំនួនជាង ១៦០០០ដើម លើផ្ទៃដីទំហំ ៨ហិកតា បានធំលូតលាស់ល្អ និងបានប្រែក្លាយទីតាំងនេះជារមណីយដ្ឋានខៀវស្រងាត់ ស្រស់បំព្រង ម្លប់ត្រឈឹងត្រឈៃគួរជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរ និងជាកំផែងបៃតងដ៏រឹងមាំជួយការពារប្រាង្គប្រាសាទពីការខូចខាតដោយសារកត្តាអាកាសធាតុ៕
អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ថែរក្សា ជួសជុល អភិរក្សប្រាង្គប្រាសាទ តាមមធ្យោបាយបណ្ដុះបណ្ដាលអ្នកបន្តវេនឱ្យយល់ដឹងពីជំនាញបច្ចេកទេសដើម្បីរួមគ្នាអភិរក្ស។ ក្នុងនោះមានកូនខ្មែរមួយចំនួនបានស្ម័គ្រចិត្តធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែពួកគេមានក្តីស្រឡាញ់ និងចង់ថែរក្សាកេរដំណែលដូនតាខ្មែរឱ្យនៅគង់វង្ស។ លោក ជួន វង្ស អាយុ ៣០ឆ្នាំ អ្នកភូមិឪឡោក ឃុំបាគង នៃស្រុកប្រាសាទបាគង គឺជាអ្នកចូលរួមជួសជុលប្រាសាទម្នាក់ ក្នុងចំណោមអ្នករួមការងារជាច្រើនទៀត។ លោកមានប្រសាសន៍ថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋចំនួន៤ឆ្នាំមកហើយ។ លោក វង្ស បានឱ្យដឹងថា ដោយសារការស់នៅក្បែរប្រាសាទតាំងពីតូច និងការស្រឡាញ់ផង ជំរុញឱ្យលោកចូលបម្រើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែចិត្តចង់ចូលរួមថែរក្សាកេរដូនតា សម្រាប់ក្មេងជំនាន់ក្រោយបន្តទៀត។ ចំណែកលោក សែន ស៊ុង អាយុជាង៣០ឆ្នាំ គឺជាអ្នកជួសជុលប្រាសាទឥដ្ឋរយៈពេលជាង១០ឆ្នាំ មានប្រសាសន៍ថា ប្រាសាទបុរាណ ដែលដូនតាខ្មែរបានកសាង គឺអស្ចារ្យគ្មានពីរនៅលើលោក។ ការចូលរួមជួសជុលប្រាសាទបុរាណគឺជាសំណាងរបស់លោក ព្រោះតែប្រាសាទបុរាណមានតម្លៃ អាយុកាលខ្ទង់ពាន់ឆ្នាំ មានសាងពីឥដ្ឋ និងពីថ្មធំៗ ស្កឹមស្កៃ និងមិនមានមនុស្សច្រើនទេ ដែលបានចូលរួមថែរក្សាសម្បត្តិដូនតាដោយផ្ទាល់ដូច្នេះឡើយ។ លោក ជួន វង្ស និងលោក សែន ស៊ុង ផ្តាំផ្ញើដល់កូនខ្មែរគ្រប់រូប សូមចូលរួមថែរក្សាប្រាសាទបុរាណដែលជាកេរដំណែលដូនតា កុំធ្វើសកម្មភាពណាមួយដែលនាំឱ្យបាត់បង់តម្លៃប្រាសាទ និងសូមកុំគូសវាសលើថ្ម…