Catégorie : ព័ត៌មាន


  • សម្រាប់កិច្ចប្រជុំនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនឹងពិនិត្យសម្រេចចុះបញ្ជីរមណីយដ្ឋានបេតិកភណ្ឌចំនួន៥៣ របស់រដ្ឋភាគីនានា ដែលបានស្នើសុំចុះបញ្ជី។ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំឯកសារ និងស្នើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ តាំងពីឆ្នាំ២០១៨ មកម្លេះ ហើយទើបតែឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចដាក់បញ្ចូលក្នុងសម័យប្រជុំដើម្បីពិនិត្យសម្រេច និងបានអនុម័តជាឯកច្ឆ័ន ចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់នូវតម្លៃលេចធ្លោជាសាកល តាមរយៈលក្ខណៈវិនិច្ឆ័យទី២ និងទី៤ ព្រមទាំងទទួលស្គាលថា រមណីយដ្ឋានប្រាសាទកោះកេររក្សាបាននូវភាព Integrity និង Authenticity ពេញលេញ។ នេះជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាគ្រប់រូប ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់ និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហាចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប !

  • ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជំនួបរវាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅក្នុងជំនួបនោះលោកជំទាវរដ្ឋមន្រ្តី បានរំលឹកឡើងអំពីមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានតាំងពីសម័យអង្គរ ហើយត្រូវបានលើកកម្ពស់តាមរយៈ សម្តេចព្រះបរមរតនកោដ នរោត្តមសីហនុ និងក្រោយមកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរក៏បានលើកឡើងអំពីការចូលរួមរបស់ភាគីចិននៅក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរ ហើយស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣នៅប្រាសាទព្រះវិហារ។ ជាមួយគ្នានោះ ភាគីចិនក៏បានសន្យាថានឹងពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជាលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគត។ នៅទីបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមមួយដើម្បីជម្រុញទំនាក់ទំនងការងារឲ្យកាន់តែមានប្រសិទ្ធិភាពនៅពេលអនាគត។

  • ស្ថិតនៅក្នុងបរិវេណវង់ធំនៃតំបន់រមណីយដ្ឋានអង្គរ ប្រាសាទបន្ទាយសំរ៉ែហាក់នៅដាច់ឆ្ងាយពីគេបន្ដិច។ យ៉ាងណា ប្រាសាទនេះក៏ជាទីទាក់ទាញដល់ភ្ញៀវទេសចរមួយផងដែរ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទបន្ទាយសំរ៉ែ និងភ្នំបូក លោក សៀន បណ្ឌិត បានឱ្យដឹងថា ប្រាសាទបន្ទាយសំរ៉ែមានលំហូរទស្សនារៀងមមាញឹកគួរសមនារយៈចុងក្រោយនេះ ពិសេសក្រោយរាជរដ្ឋាភិបាលរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការចរាចរឆ្លងកាត់ពី​ភូមិព្រះដាក់​ឆ្ពោះទៅភូមិរុនតាឯក ក៏បានស្រូបទាញទេសចរឱ្យចូលកម្សាន្ត​ប្រាសាទនេះដែរ។ តាមការបញ្ជាក់ពីលោក បណ្ឌិត ក្នុងមួយថ្ងៃមានទេសចរបរទេសចន្លោះពី១០០ទៅ២០០នាក់ ដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែនេះ។ មូលហេតុដែលទេសចរ ចាប់អារម្មណ៍ប្រាសាទនេះ ក៏ដោយសារប្រាសាទនេះ​មានភាពស្ងប់ស្ងាត់ល្អ ធម្មជាតិត្រឈឹងត្រឈៃ បរិយាកាសបរិសុទ្ធ។ ភ្ញៀវទេសចរដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែ គឺច្រើនផ្សារភ្ជាប់ជាមួយវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយស្រី។ លោក បណ្ឌិត បញ្ជាក់ថា ជួនកាលពួកគេចូលទស្សនាប្រាសាទបន្ទាយសំរ៉ែមុន ទើបចេញទៅបន្ទាយស្រី ឬក៏ទៅទស្សនាបន្ទាយស្រីរួច ទើបចូលបន្ទាយសំរ៉ែ។ ចំណុចពិសេសនៃប្រាសាទបន្ទាយសំរ៉ែ ជាទីតាំងដ៏ល្អសម្រាប់ទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ និងមានបរិស្ថានដ៏ស្រស់បំព្រង។ ក្រៅពីទស្សនាប្រាសាទ ទេសចរក៏អាចអង្គុយអានសៀវភៅ ដែលក្នុងនោះក្រុមការងារភ្នាក់ងារទេសចរណ៍បានរៀបចំកន្លែង​សម្រាប់ទេសចរអង្គុយលេង​នៅក្រោមម្លប់ដើមឈើនៅក្នុងបរិវេណប្រាសាទនេះផងដែរ៕ អត្ថបទ៖ នាង សំណាង រូបភាព៖ យី សុថា

  • ក្រុមការងារភ្នាក់ងារទេសចរណ៍ សហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ ក្រុមការងាររៀបចំវង់ទស្សនា និងក្រុមបរិក្ខាទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា និងក្រុមការងារ HCC-Angkor កំពុងបន្តរៀបចំសម្អាតដី ធ្វើផ្លូវ កាត់ក្រីរុក្ខជាតិតូចៗ ដាំស្មៅ និងដាំដើមឈើក្នុងបរិវេណផ្លូវដើរថ្មីសម្រាប់ចូលទៅទស្សនាប្រាសាទក្រោលគោ។ លោក ភឿន សុភាន់ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារបានរៀបចំធ្វើផ្លូវដើរថ្មី និង សម្អាតរុក្ខជាតិតូចៗដើម្បីអាចឲ្យភ្ញៀវទេសចរមើលឃើញទេសភាពដ៏ស្រស់ស្អាតរបស់ប្រាសាទពីចម្ងាយ និងអាចទស្សនាគ្រប់ជ្រុងជ្រោយនៅក្នុងបរិវេណប្រាសាទ។ បន្ថែមពីនេះ បន្ទាប់ពីរៀបចំផ្លូវថ្មីបានជាបណ្តើរៗ ក្រុមការងារសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់ផ្តើមចូលទស្សនាប្រាសាទក្រោលគោច្រើនជាងមុន៕ អត្ថបទ៖ យី សុថា រូបភាព៖ ភោគ ជា

  • នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៌ ឆ្នាំខាល បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ មានបើកវគ្គបណ្តុះបណ្តាលអំពីសេវាកម្មម្ហូបអាហារ ដែលរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ក្រោមអធិបតីយភាព ឯកឧត្តមសុខ សាន្តតារា អភិបាល នៃគណៈអភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមអគ្គនាយករង ផេង សំអឿន តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០២៣ និងមានសិក្ខាកាមចូលរួមសរុបចំនួន១២រូប។ គោលបំណងសំខាន់នៅក្នុងវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើននូវចំណេះជំនាញលើផ្នែកសេវាកម្មម្ហូបអាហារ ដល់សេវាករដែលកំពុងប្រកបអាជីវកម្មនៅរមណីយដ្ឋានប្រាសាទកោះកេរ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានចែកជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមចំនួន៣៤រូប ដែលបានបញ្ចប់វគ្គសិក្សាខាងលើកាលពីពេលថ្មីៗកន្លងទៅនេះ។

  • បើនិយាយដល់ប្រាសាទភ្នំបាខែង ភ្ញៀវទេសចរពិតជានឹកឃើញដល់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច គួរជាទីគយគន ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតពីខាងលើប្រាសាទ។ មិនតែប៉ុណ្ណោះ ប្រាសាទភ្នំបាខែង ក៏បានក្លាយជាទីតាំងដើរហាត់ប្រាណយ៉ាងសប្បាយរីករាយរបស់ភ្ញៀវជាតិ។ កញ្ញា ឃាង សុខេង ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំបាខែង បានលើកឡើងថា ចាប់ពីម៉ោងប្រមាណ៥ព្រឹកមក មានភ្ញៀវទេសចរជាតិបានយកជម្រាលផ្លូវដើរឡើងប្រាសាទភ្នំបាខែងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណ។ កញ្ញាបញ្ជាក់ថា ការដើរហាត់ប្រាណឡើងទៅទស្សនាប្រាសាទភ្នំបាខែង ព្រោះពួកគាត់អាចគយគនធម្មជាតិស្រស់បំព្រងនៅជុំវិញនោះ ស្រូបខ្យល់អាកាសល្អបរិសុទ្ធ ជាពិសេសរងចាំទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចនៅទីនោះថែមទៀតផង។ សូមបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាព ដូចជាការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ និងមានសណ្តាប់ធ្នាប់ល្អ៕ អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖លោក ហាប់ គឹម អាន

  • នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែងនៃការអបអរសាទរចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះ អាជ្ញាធរជាតិអប្សរាស្តីអំពីការអភិរក្សតំបន់អង្គរតាមរយៈសេចក្តីសម្រេចលេខ 45 COM 7B.152 និងអាជ្ញាធរជាតិសំបូរព្រៃគុកស្តីអំពីតំបន់អភិរក្សសំបូរព្រៃគុកតាមរយៈសេចក្តីសម្រេចលេខ 45 COM 7B.151 ។ ប្រភពៈ អាជ្ញាធរជាតិអប្សរា

  • សារលិខិតរំលែកទុក្ខរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចំពោះមរណភាព របស់លោកសាស្ត្រាចារ្យ Damian Evans.

  • មន្រ្តីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី អង្គភាពប្រតិបត្តិគម្រោងមកពីអង្គភាពវេទិកាសម្ពន្ធសង្គមស៊ីវិល ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងទីប្រឹក្សាជាតិ និងអន្តរជាតិ បានចុះបេសកកម្មត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការងារនៃ “គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ក្រោយវិបត្តិកូវីដ-១៩” នៅភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត នាថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានចុះពិនិត្យមើលទីតាំងគម្រោងនៅទំនប់អូរស្វាយ ទីតាំងគ្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍សហគមន៍ ផ្ទះស្នាក់សហគមន៍ក្នុងភូមិ និងប្រាសាទព្រះវិហារ។ នៅក្នុងដំណើបេសកកម្មនេះក៏មានការរៀបចំកិច្ចប្រជុំផងដែរ ដែលធ្វើនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ។ កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុបចំនួន ៣០នាក់ សម្របសម្រួលដោយអង្គភាពអនុវត្តគម្រោងអាជ្ញាធរជាតិព្រះវិហារ ក្រោមអធិបតីយភាព លោក ហែម ចាន់ធូ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម ដួង វីរ័ត្ន ប្រធានអង្គភាពប្រតិបត្តិគម្រោង និងចូលរួមដោយមន្រ្តីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី មន្រ្តីអង្គភាពប្រតិបត្តិគម្រោង មន្រ្តីអង្គភាពអនុវត្តគម្រោង អាជ្ញាធរដែនដី ទីប្រឹក្សាគម្រោង និងសមាជិកគណៈកម្មការទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ។ តាមរយៈលទ្ធផលការងារនេះ ឯកឧត្តមប្រធានអង្គភាពប្រតិបត្តិគម្រោង បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពការងារ ដែលសម្រេចបាន ហើយលោកប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តាំផ្ញើដល់សមាជិកគណៈកម្មការសហគមន៍ទេសចរណ៍ឱ្យរួមសាមគ្គីគ្នាដើម្បីអភិវឌ្ឍន៍នៅក្នុងសហគមន៍នេះ។