អាជ្ញាធរជាតិអប្សរា មានសោមនស្សជូនដំណឹងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាល នារដូវវស្សានេះ នឹងកើតទ្បើងចំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង៦ព្រឹកតទៅ។ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា៕
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារាប៊ីត (Saudi Arabia) សម្តែងនូវការអបអរសាទរចំពោះឆន្ទៈដ៏មោះមុតនិងយន្តការប្រព្រឹត្តទៅនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរនិងសំបូរព្រៃគុក ដែលយន្តការនេះបានក្លាយជាគំរូនៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ។ ទម្រង់និងយន្តការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអាយស៊ីស៊ីអង្គរនិងសំបូរព្រៃគុកនឹងក្លាយជាគំរូនៃទម្រង់កិច្ចសហប្រតិបត្តិការអភិរក្សបេតិកភណ្ឌនៅប្រទេសអូសហ្សាបេគីស្ថាន (Uzbekistan) និងប្រទេសណេប៉ាល់ (Nepal)។
លោកសាស្រ្តាចារ្យ Koen VAN Balen ជំនាញការអាដហុក ICC Preah Vihear បានចុះពិនិត្យ និងផ្តល់យោបល់លើការងារអភិរក្ស ជួសជុល និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងដំណើរបេសកកម្មនៅរមណីយដ្ឋានប្រាសាទកោះកេរ អាជ្ញាធរជាតិព្រះវិហារ និងជំនាញការអន្តរជាតិ បានចុះពិនិត្យ និងពិភាក្សា អំពីកិច្ចការងារអភិរក្ស និងជួសជុលប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និងការរៀបចំសៀគ្វីប្រាសាទប្រាង្គ ក្រុមប្រាសាទលិង្គ ប្រាសាទខ្នារ និងត្រពាំងអង្គខ្នារ ប្រាសាទចិន ប្រាសាទប្រាំ ប្រព័ន្ធផ្លូវទឹកបុរាណ និងការរៀបចំជណ្តើរឡើងប្រាសាទប្រាង្គ ដើម្បីលើកតម្លៃបេតិកភណ្ឌពិភពលោក និងធានានូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនាកម្សាន្តក្នុងរមណីយដ្ឋាន។ ដោយឡែកនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ក្រុមការងារបានធ្វើបទបង្ហាញ ពិភាក្សា និងស្នើសុំអនុសាសន៍ពីជំនាញការ អំពីកិច្ចការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋាន ក្នុងនោះមាន លទ្ធផលកំណាយ និងវិធីសាស្រ្តជួសជុលស្ពានហាលខាងលិចនៃគោបុរៈទី៥ ជណ្តើរបុរាណខាងជើង គម្រោងជួសជុលរានហាលចន្លោះគោបុរៈទី៥ និងទី៤ គម្រោងរៀបចំកម្រាលឈើនៅចំណុចប៉ើយតាឌី ការរៀបចំសៀគ្វីទេសចរណ៍នៅលើភ្នំប្រាសាទព្រះវិហារ និងការអភិរក្ស ទល់ទ្រប្រាសាទតូច។ តាមរយៈដំណើរបេសកកម្មកនេះ មន្រ្តីអាជ្ញាធរជាតិព្រះវិហារទាំងពីររមណីយដ្ឋាន…
ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងលោកជំទាវ Carmen Moreno បានបង្ហាញការពេញចិត្តចំពោះសមិទ្ធផលនានា នៃកិច្ចសហប្រតិបតិ្តរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងសភាពអឺរ៉ុប លើកិច្ចការងារវប្បធម៌ ដែលក្នុងនោះរួមមានទាំងសកម្មភាពជាច្រើនរៀងរាល់ឆ្នាំ ដូចជា៖ ព្រឹតិ្តការណ៍មហោស្រពភាពយន្ត ការប្រគុំតន្រី្តដ៏អស្ចារ្យសម្លេងស្រាល ស៊ីហ្វូនី ជាពិសេសក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំកំពូល ដើម្បីបង្ហាញពីកិច្ចសហប្រតិបតិ្តដ៏ល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប។ សហភាពអឺរ៉ុប មិនមែនជួយឧបត្ថម្ភគាំទ្រតែក្នុងកម្រិតរាជរដ្ឋាភិបាលប៉ុណ្ណោះទេ គឺនៅក្នុងក្របខ័ណ្ឌអង្គការមិនមែនរដ្ឋាភិបាល ក៏បានចូលរួមជួយឧបត្ថម្ភគាំទ្រ ដូចជា៖ អង្គការហ្វាពន្លឺសិល្បៈ ខេត្តបាត់ដំបង និងអង្គការមួយចំនួនផ្សេងទៀត ដែលសភាពអឺរ៉ុប បានជួយក្នុងការអនុវត្តវិស័យវប្បធម៌តាមទីជនបទ ក៏ដូចជាវប្បធម៌ច្នៃប្រឌិតផ្សេងៗ ដែលជាផ្នែកមួយក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ក្នុងនោះភាគីទាំងពីរ បានស្វាគមន៍នូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀតរវាងកម្ពុជា សហភាពអឺរ៉ុប ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឲ្យកាន់តែមានការរីកចម្រើន ជាពិសេសការផ្លាស់ប្តូរព័ត៌មាន និងការផ្សព្វផ្សាយវប្បធម៌។ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត សូមជួបប្រទះនូវសុខភាពល្អ កាយពលមាំមួន និងទទួលបានជោគជ័យសម្រាប់បេសកកម្មថ្មីនាពេលខាងមុខ៕ ………………………… អត្ថបទៈ នាយកដ្ឋានRC រូបភាពៈ នាយកដ្ឋានភាពយន្ត
នាព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានបុរាណវិទ្យា និង បុរេប្រវត្តិ វិទ្យា បានរៀបចំពិធីប្រុងពាលី និងសូត្រមន្តបើកការដ្ឋានកំណាយសង្គ្រោះ ទួលកុកក្រួស ស្ថិតនៅភូមិខ្នយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាព លោកស្រី ជា ណារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គនាយកបេតិកភណ្ឌ។ កម្មវិធីក៏មានការអញ្ជើញចូលរួមពី លោក ប៊ន់ វាសនា អភិបាលរងក្រុង លោក ជិម សុភ័ក្រ អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង និងក្រុមការងារ លោកចៅសង្កាត់តាកោ និងអាជ្ញាធរពាក់ព័ន្ធ សរុប៤៤នាក់។ សូមបញ្ជាក់ដែរថា ការធ្វើកំណាយនេះនឹងប្រព្រឹត្តទៅរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តព្រៃវែង អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងភូមិខ្នយ។
នៅថ្ងៃសៅរ៍ ១០កើតខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ និស្សិតកម្មវិធីមូសុងប្រមាណ ៤០នាក់ បានធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងក្នុងរាជព្រះបាទជ័យវរ្ម័នទី៤។ ដំណើរទេស្សនកិច្ចសិក្សានេះ បានដឹកនាំដោយលោកសាស្រ្តាចារ្យ Éric Bourdonneau លោកគ្រូអ្នកគ្រូ និងសម្របសម្រួលដោយលោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ។ ជាចុងបញ្ចប់នៃកម្មវិធីទស្សនកិច្ចសិក្សានេះ អ្នកសម្របសម្រួលនៃគម្រោងមនុស្សសាស្រ្តបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ដែលបានជួយសម្របសម្រួលទស្សនកិច្ចសិក្សានេះប្រកបដោយបរិយាកាសរីករាយ។
អាជ្ញាធរជាតិព្រះវិហារ តាមរយៈជំនួយពីមូលនិធិឯកអគ្គរដ្ឋទូតដើម្បីអភិរក្សសម្បត្តិវប្បធម៌ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្រាវជ្រាវបុរាណវិទ្យា អភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ ដល់និស្សិតមកពីមហាវិទ្យាល័យបុរាណវិទ្យាចំនួន២នាក់ និងនិស្សិតមហាវិទ្យាល័យស្ថាបត្យកម្មចំនួន៣នាក់ មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះ និស្សិតបានសិក្សាអំពីប្រវត្តិសាស្ត្រ ទ្រឹស្តី និងបច្ចេកទេសធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ការងារអភិរក្ស ការងារជួសជុលជណ្តើរបុរាណ និងចម្លាក់តោ។
ស្រះស្រង់ ជាទីកន្លែងមួយដែលភ្ញៀវទេសចរ និយមមកទស្សនាទេសភាពដ៏ស្រស់ស្អាត ជាពិសេសប្រាសាទកណ្តាលស្រះស្រង់ ភូមិឋានប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ និងប្រាសាទបន្ទាយក្តី ដែលមានទីតាំងនៅក្បែរនោះផង។ ទន្ទឹមនឹងនេះ នៅពេលព្រឹកព្រលឹម និងពេលល្ងាច ស្រះស្រង់ក៏ជាកន្លែងដែលអាចគយគន់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច បានយ៉ាងស្រស់ស្អាត មិនចាញ់នៅប្រាសាទអង្គរវត្ត ឬភ្នំប្រាសាទបាខែងឡើយ។ លោក ម៉ៃ សុរៈភិរុណ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទបន្ទាយក្តី និងស្រះស្រង់ បានឱ្យដឹងថានៅពេលព្រឹកព្រលឹម ពេលព្រះអាទិត្យចាប់ផ្តើមរះមក មើលទៅផ្ទៃមេឃ និងផ្ទៃទឹក បញ្ចេញពន្លឺព័ណ៌មាសយ៉ាងស្រស់បំព្រង អាចផ្តិចយករូបភាពទាំងនេះបាននៅបរិវេណកំពង់ទឹក និងរានហាល ភ្ជាប់ជាមួយរូបសត្វតោ ឈរបែរមុខទៅរកប្រាសាទកណ្តាលស្រះស្រង់ មើលទៅស្រស់ស្អាតគួរជាទីគយគន់។ ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅស្រះស្រង់ អាចជាកន្លែងទទួលយកបទពិសោធន៍ថ្មីមួយទៀត មានភាពខុសប្លែកពីនៅប្រាសាទអង្គរវត្តឬប្រាសាទភ្នំបាខែង ដោយមិនចាំបាច់ប្រជ្រៀតជាមួយទេសចរដទៃទៀតឡើយ។ ស្រះស្រង់ មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិច នៃបារាយណ៍ខាងកើត។ មានបណ្តោយ៧៨០ម៉ែត្រ និងទទឹង៣៨០ម៉ែត្រ ត្រូវបានដូនតាខ្មែរជីកឡើង នៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕ អត្ថបទ៖នាយកដ្ឋាន ស្រាវ ជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖ភ្នាក់ងារទេសចរណ៍
នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យគណៈប្រតិភូខេត្តយូណាន ដឹកនាំដោយ លោក Zhai Yulong អគ្គនាយករងផ្សព្វផ្សាយនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាអគ្គនាយករដ្ឋបាលភាពយន្តខេត្តយូណាន ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជំនួបនេះ ផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើវិស័យវប្បធម៌រវាងកម្ពុជា និងខេត្តយូណានផ្ទាល់។ សូមបញ្ជាក់ផងដែរថា ជំនួបខាងលើនេះ ត្រូវបានរៀបចំឡើងនាឱកាសដែលគណៈប្រតិភូខេត្តយូណាន អញ្ជើញដឹកនាំក្រុមសិល្បៈ មករៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ ដើម្បីអបអរសាទរខួបអនុស្សាវរី៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលនឹងមានការសម្ដែងសិល្បៈចម្រុះរួមគ្នានៅសាលមហោស្រពកោះពេជ្រ៕ …………………….. អត្ថបទ: នាយកដ្ឋានRC រូបភាព: ត្រឡុង បូរិន
សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។ លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍បានឱ្យដឹងថា ក្រោយពីមានករណីភ្ញៀវម្នាក់ត្រូវបានស្វាខាំ ភ្នាក់ងារទេសចរណ៍ប្រចាំនៅគោលដៅ បានសង្គ្រោះបឋម ដោយជូតសម្អាតមុខរបួសដែលស្វាខាំ ឬខ្វាចនោះ និងឱ្យអ្នករងរបួសទៅចាក់ថ្នាំបង្ការផង។ ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បញ្ចាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនិងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ៕ អត្ថបទ៖ លោក យី សុថា រូបភាព៖ ក្រុមការងារភ្នាក់ងារទេសចរណ៍ គោលដៅប្រាសាទអង្ករវត្ត