Catégorie : ព័ត៌មាន


  • នៅតាមការដ្ឋានជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រៅតែពីឃើញមានបុរសនិងស្រ្តីជាប្រធានគ្រប់គ្រងការដ្ឋាន ក្នុងនោះក៏មានបុរស និងស្រ្តី ដែលជាកម្មការិនីចូលរួមធ្វើការងារនេះចម្រុះគ្នា។ តួយ៉ាង នៅការដ្ឋានជួសជុលប្រាសាទត្រពាំងល្ពៅ ឬត្រពាំងរពៅ គេឃើញមានស្រ្តីជាច្រើនជិតស្មើនិងក្រុមបុរស មានសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ។ ករណីនេះបញ្ជាក់ឱ្យឃើញថា ស្រ្តីក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណដែរ។ ពលការិនីម្នាក់ក្នុងចំណោមអ្នកបម្រើការងារនៅប្រាសាទត្រពាំងល្ពៅ អ្នកស្រី ម៉ែន រើន រស់នៅភូមិនគរក្រៅ អាយុ៤៣ឆ្នាំ បានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០០ម៉្លេះ ដោយធ្វើជាភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ។ លុះដល់ឆ្នាំ២០១៣ អ្នកស្រីម៉ែន រើន ត្រូវបានផ្លាស់ប្តូរការងារពីភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទមកជាអ្នកជួសជុលប្រាសាទឥដ្ឋវិញម្តង។ អ្នកស្រី ម៉ែន រើន ឱ្យដឹងថា ក្នុងពេលចាប់ផ្ដើមធ្វើការងារជាអ្នកជួសជុលប្រាសាទដំបូង គឺអ្នកស្រីជួបការលំបាកខ្លាំងណាស់ ព្រោះមិនមានបទពិសោធន៍លើផ្នែកនេះពីមុនមក។ កាលពីដំបូងសូម្បីតែលាយកំបោរបាយអរក៏មិនងាយស្រួល។ នៅពេលលាយកាវស្បែកគោម្ដងៗ វាមានក្លិន កំបោរក៏ហ៊ុយ។ ពេលក្រុមការងារកាត់ឥដ្ឋក៏ហ៊ុយ ហើយអ្នកស្រីគិតក្នុងចិត្តថា មិនដឹងជានៅតស៊ូធ្វើបានប៉ុណ្ណានោះទេ ក៏ប៉ុន្តែដោយសារតែទឹកចិត្តស្រឡាញ់ចេះតែជំនៈធ្វើការងារជួសជុលប្រាសាទនេះរហូតមកដល់សព្វថ្ងៃបានចំនួន១០ឆ្នាំហើយ និងបានចូលរួមជួសជុលប្រាសាទគោកចក ប្រាសាទក្រវ៉ាន់ និងបច្ចុប្បន្នជួសជុលនៅប្រាសាទត្រពាំងល្ពៅនេះ។ រយៈពេល១០ឆ្នាំមកនេះ អ្នកស្រី ម៉ែន រើន មានភាពស្ទាត់ជំនាញជាច្រើនផ្នែកដូចជា បច្ចេកទេសជួសជុលប្រាសាទឥដ្ឋ របៀបផលិតកំបោរបាយអរ ការសម្អាតទីតាំងជួសជុល ការបិទពង្រឹងឥដ្ឋ និងរៀនពីការសម្រង់ប្លង់ជាដើម ហើយក៏មិនមានចិត្តនឹងបោះបង់ការងារនេះឡើយ។…

  • ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរាបានកត់សម្គាល់ឃើញថា មានទីតាំងមួយចំនួននៅជុំវិញខឿនរួតទី៣របស់ប្រាសាទបាយ័នឃើញមានល្បាយដីខ្សាច់ហូរច្រោះចេញតាមចន្លោះជញ្ជាំងក្រោយពេលមានភ្លៀង ដែលវាអាចនឹងបង្កជាហានិភ័យដល់ប្រាសាទបុរាណមួយនេះបាន។ ក្រុមស្ថាបត្យករ និងវិស្វកររកំពុងតែធ្វើការសិក្សា និងស្វែងរកវិធីសាស្រ្តដើម្បីទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ ព្រមទាំងធ្វើការពង្រឹងរចនាសម្ពន្ធខឿនដែលមានហានិភ័យនោះឡើងវិញ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣របស់ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា កាលពីចុងឆ្នាំ២០២១ក្រុមការងារធ្លាប់បានសម្អាតកំណកដីនៅតាមប្រព័ន្ធបង្ហូរទឹកជុំវិញរួតទី៣ប្រាសាទបាយ័នម្តងរួចហើយ ប៉ុន្តែមួយឆ្នាំក្រោយមក យើងនៅឃើញមានល្បាយដីខ្សាច់នៅតែបន្តហូរច្រោះចេញមកតាមជញ្ជាំងខឿនរួតទី៣នៃប្រាសាទបាយ័នដដែល ដែលវាជាមូលហេតុចម្បងនាំឱ្យមានការពង្រឹងខឿនជ្រុងនិរតីនៃរួតទី៣នេះឡើងវិញ។ កញ្ញា ម៉េង សុវណ្ណលីលីន បន្តទៀតថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវដើម្បីរកឱ្យឃើញថា មូលហេតុអ្វីដែលបណ្ដាលឱ្យដីខ្សាច់ហូរច្រោះបែបនេះ? ក្នុងនោះមានមូលហេតុសំខាន់ៗមួយចំនួនដូចជា ទី១.បញ្ហាឬសឈើកាលពីអតីតកាលបានដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទី២.បញ្ហាទឹកហូរច្រោះចូលទៅតាមប្រហោងថ្មដែលអាចនាំល្បាយដីខ្សាច់ចេញមកក្រៅបាន ទី៣.បាយអស៊ីម៉ងត៍ដែលបានបំពេញនៅតាមចន្លោះថ្មកម្រាលដោយអ្នកអភិរក្សជនជាតិបារាំងដល់បច្ចុប្បន្នអស់គុណភាពដែលធ្វើឱ្យបរិមាណទឹកភ្លៀងហូរចូលទៅខាងក្នុងខឿនច្រើនលើសកម្រឹត និងទី៤.ដីគ្រឹះខាងក្នុងជាប្រភេទដីខ្សាច់សុទ្ធនិងមានគ្រាប់រាងធំ កាលណាខ្សាច់មានគ្រាប់ធំពុំមានគ្រាប់ទំហំតូច គឺវាមិនសូវមានភាពស្អិតល្អទេពេលមានភ្លៀងម្តងៗទឹកងាយនឹងហូរនាំល្បាយដីខ្សាច់ចេញទៅតាមប្រហោងថ្ម។ កិច្ចការនេះ បានចាប់ផ្ដើមតាំងពីចុងឆ្នាំ២០២២មក ដោយធ្វើការរើថ្មដែលក្រៀកចេញរួចរៀបចូលទីតាំងវិញ និងការយកសំណាកដីផ្នែកខាងក្នុងខឿនទៅធ្វើការវិភាគដើម្បីឱ្យដឹងថា តើស្រទាប់ដីជម្រៅណាមានសភាពខ្សោយដែលត្រូវពង្រឹងឡើងវិញ?។ ជាច្រើនខែមកនេះ ក្រុមអ្នកជំនាញបានរើថ្មបង្កាន់ដៃនាគ ថ្មកម្រាល និងជញ្ជាំងខឿនមួយផ្នែកដែលក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀមដោយរើ និងរៀបថ្មភក់ ថ្មបាយក្រៀមដែលមួយផ្នែកឡើងវិញ រួចបិទបាយអនៅតាមចន្លោះថ្មដើម្បីការពារដីខាងក្នុងកុំឱ្យហូរចេញទៀត។ មកដល់បច្ចុប្បន្នជាផែនការបន្តក្រុមអ្នកជំនាញកំពុងត្រៀមធ្វើការបុកបង្ហាប់ដីខាងក្នុងឡើងវិញ រួចរៀបថ្មដែលបានរើចូលទីតាំងទៅតាមរចនាសម្ពន្ធវិញ និងការងារបិទបាយអនៅតាមចន្លោះថ្មកម្រាលដើម្បីកាត់បន្ថយបរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ ភោគ…

  • ក្រុមការងារពិនិត្យសម្បទាទេសចរណ៍ (TSC) ក្នុងតំបន់អង្គរនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌ បានជួសជុលជណ្ដើរមួយកន្លែងនៅប្រាសាទតាព្រហ្ម។ លោក ប៊ូ ផានេត នៃក្រុមការងារ TSC បានឱ្យថា ជណ្ដើរដែលបានដំឡើងថ្មីនេះស្ថិតនៅចំណុចដើមឈើពស់ចុះទៅកន្លែងគក់ទ្រូង នៃប្រាសាទតាព្រហ្ម។ លោកបន្ថែមថា ជណ្ដើរនេះជំនួសជណ្ដើរចាស់ដែលមានសភាពទ្រុឌទ្រោម និងមានប្រវែងបណ្ដោយ ៣.៣០ម៉ និងទទឹង ១.៥០ម៉។ លោក ប៊ូ ផានេត បានបញ្ជាក់ថា គោលបំណងនៃការរៀបចំខាងលើនេះ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ ដល់ភ្ញៀវទេសចរ ខណៈជណ្ដើរចាស់មានសភាពរង្គឺ ពុកផុយ និងមានភាពរអិលផងដែរនារដូវវស្សានេះ៕ អត្ថបទ និងរូបភាព៖ ក្រុមការងារពិនិត្យសម្បទាទេសចរណ៍

  • កូនឈើចម្រុះចំនួន១២០០ដើម និងស្មៅចំនួន៤០០ម៉ែត្រការរ៉េ ត្រូវបានដំាដុះនៅលើផ្ទៃដីចំនួនកន្លះហិកតា នាបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែស្រះត្រពាំងសេស។ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក រួមទាំងអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន ព្រមទាំងមន្ត្រី បុគ្គលិក នាយកដ្ឋានចំណុះនៃអាជ្ញាធរជាតិអប្សរា ប្រមាណ៥០០នាក់ បានរួមគ្នាដាំកូនឈើចម្រុះចំនួន១,២០០ដើម និងស្មៅចំនួន៤០០ម៉ែត្រការរ៉េ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែស្រះទឹកត្រពាំងសេស។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា ក្រោយការបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹកនិងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះបានរៀបចំផែនការធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានដើមឈើកាន់តែច្រើន។ ដោយក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើសរុបប្រមាណ២លានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញនៅក្នុងតំបន់អង្គរ ដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរា មានឱកាស ដើម្បីបង្កើនការថែទាំនិងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង៤៧,០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរ។ ឯកឧត្តម…

  • នាព្រឹកថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក និងលោក សាន ផល្លា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខ និងជូននូវថវិកាមួយចំនួនដល់ព្រឹទ្ធាចារ្យ គុនល្បុក្កតោ សាន គឹមស៊ាន ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ។ មកទល់ពេលនេះ ស្ថានភាពជម្ងឺព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានធូរស្រាលជាងមុនហើយ។ សូមគោរពជូនពរ ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញដើម្បីបន្តស្នាដៃជូនកូនចៅជំនាន់ក្រោយ។

  • ក្រុមការងារសម្អាតបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ បានចុះកាត់ស្មៅនៅកសិន្ធុមុខប្រាសាទអង្គរវត្ត ដែលជាការងារប្រចាំថ្ងៃរបស់ពួកគេ ដោយចល័តពីទីតាំងមួយទៅមួយ ដើម្បីបរិស្ថានអង្គរមានសោភ័ណភាពស្រស់បំព្រង។ ដ្បិតរដូវវស្សាស្មៅឆាប់ដុះវែងបន្ដិចពិតមែន តែក្រុមការងារសម្អាតនៅតែប្រឹងប្រែងចុះកាត់ដកដោយមិនឱ្យស្ដុកពេកនោះទេ៕ អត្ថបទ និងរូបភាព៖ នាង សំណាង

  • អាជ្ញាធរជាតិអប្សរាកំពុងជួយសង្រ្គោះតួប្រាង្គទី២២របស់ប្រាសាទបាគង ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទឥដ្ឋ ប្រាង្គទី២២របស់ប្រាសាទបាគង ដែលបានសាងឡើងពីឥដ្ឋនៅផ្នែកខាងជើងដោយមានសភាពទ្រុឌទ្រោម និងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល ឱ្យដឹងថា ស្ថានភាពនៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងនេះ កំពុងប្រឈមនិងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។ មន្ត្រីដដែលបញ្ជាក់ទៀតថា ប្រាង្គទី២២ មានបញ្ហាប្រឈមខ្ពស់ ដោយប្រាង្គកណ្ដាលនៅរួតទី៣ ទី៤ផ្នែកខាងលិច និងនៅតាមជញ្ជាំងប្រាង្គនាទិសឦសានមានស្នាមប្រេះហែកចេញពីគ្នាតាំងតែពីលើរហូតដល់ក្រោម ដែលអាចនឹងដួលរលំ ប្រសិនបើមានការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្ន ក្រុមការងារកំពុងជួយសង្គ្រោះពង្រឹងរចនាសម្ពន្ធឥដ្ឋ ជញ្ជាំង តួប្រាង្គដែលរងការពុកផុយខ្លាំងតាំងពីក្រោមរហូតដល់កំពូលលើជាមួយនិងបច្ចេកទេសបិទស្នាមប្រេះនៅតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការពង្រឹងឡើងវិញនូវរចនាសម្ពន្ធពាក់ពន្ធ័មួយចំនួនទៀតដោយប្រើខ្សែកាបចងគ្រីបនៅខាងក្រៅកុំឱ្យរលុះផង។ លោក សារាយ គឹមហួល ឱ្យដឹងថា ដំណាក់ដំបូងដែលត្រូវសង្រ្គោះបន្ទាន់ គឺត្រូវពង្រឹងគ្រឹះឬសង្រ្គោះត្រង់ចំណុចណាដែលមានហានិភ័យខ្ពស់ បន្ទាប់មកត្រូវសង្រ្គោះនៅកន្លែងផ្សេងៗទៀតដែលមានហានិភ័យបន្តបន្ទាប់។ ការងារមួយទៀត គឺត្រូវសម្អាតស្ងួតដោយដកយកកូនរុក្ខជាតិតូចៗដែលដុះនៅលើប្រាង្គ បោសសម្អាតដីចេញពីកន្លែងដែលត្រូវពង្រឹង បន្ទាប់ទៀត ត្រូវកោសស្លែចេញអស់ហើយ និងត្រូវសម្អាតដោយទឹកដើម្បីងាយស្រួលតភ្ជាប់ជាមួយកំបោរបាយអជាដើម។ កាលពីឆ្នាំ២០១៩មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមធ្វើការទល់ទ្រដើម្បីទប់លំនឹងរចនាសម្ពន្ធប្រាង្គទី២២ នៃប្រាសាទបាគងនេះដែរ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ ភោគ ជា

  • នាព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានទទួលឧបករណ៍ Leica ScanStation P40 / P30 3D Laser ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) និងមានមន្រ្តីចំនួន៦រូប ទទួលបានការបណ្ដុះបណ្ដាលនៃការប្រេីប្រាស់ឧបករណ៍នេះ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica។ ការបណ្តុះបណ្តាល នេះមានរយ:ពេល១ថ្ងៃពេញ ដោយបានធ្វេីការណែនាំ អនុវត្តន៍ការប្រេីប្រាស់នៅទីតាំងសារមន្ទីរជាតិ និងធ្វើការបម្លែង កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៤ ដែលមានលោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។ គម្រោងនេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលមន្ត្រីឱ្យមានលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបរមាណូសម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌ តាមរយៈការបញ្ជូនទៅទទួលបណ្តុះបណ្តាលនិងទស្សន:កិច្ចសិក្សារយៈពេលខ្លីនៅក្រៅប្រទេស ជាពិសេសទទួលបានឧបករណ៍មួយចំនួនសម្រាប់ប្រើក្នុងការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។

  • លិខិតគោរពជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ឆ្នាំ។

  • ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុលកំពង់ទឹក ដែលស្ថិតនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ជាដំណាក់កាលទី២ ដោយនឹងត្រូវចំណាយពេលមួយឆ្នាំ ចាប់ផ្តើមពីដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ។ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័នលោក ជា សារិទ្ធ ឱ្យដឹងថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ដែលមានកាំជណ្តើរចំនួន៥កាំ។ មុននឹងឈានដល់ការជួសជុល ក្រុមការងារបានស្វែងរកឯកសារចាស់ៗមកសិក្សា ព្រមទាំងកំណាយបុរាណវិទ្យា សម្អាតកំណកដី ធ្វើសម្រង់ប្លង់ ការកត់ត្រា ការថតរូបដើម្បីបង្ហាញពីស្ថានភាពអភិរក្សមុនពេលជួសជុលដោយប្រៀបធៀបស្ថានភាពក្រោយពេលជួសជុលផង។ លោក ជា សារិទ្ធ ឱ្យដឹងទៀតថា បច្ចេកទេសនៃការជួសជុលកំពង់ទឹកផ្នែកខាងកើតនេះ អ្វីដែលបានសិក្សារកឃើញនៅទីនេះ គឺត្រូវយកមកប្រើក្នុងវិធីសាស្ត្រជួសជុលពង្រឹងខឿននេះទាំងស្រុង គឺជួសជុលតាមបច្ចេកទេសបុរាណ។ បច្ចុប្បន្ននេះ សម្រេចបាន៣០ទៅ៤០ភាគរយហើយ ដោយបានបញ្ចប់ការរៀបចំផ្គុំកាំជណ្តើរផ្នែកខាងជើង និងខឿនជាន់ទី១ ហើយបន្តទៅខឿនជាន់ទី២។ រីឯ ជណ្តើរខាងកើត ក្រុមការងារកំពុងរៀបចំបាន៥០ភាគរយ ដោយបានរៀបចំបានជណ្ដើរចំនួន៤កាំ នៅសល់កាំទី៥ និងខឿនជាន់ទី១ និងទី២ប៉ុណ្ណោះ។ កាលពីឆ្នាំ២០២២កន្លងទៅ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលខឿនកណ្តាលមានទំហំបណ្តោយប្រវែង២១.៦០ម៉ែត្រ គុណនិង២១.៦០ម៉ែត្រនិងរចនាសម្ពន្ធកាំជណ្តើរចុះទៅកាន់ប្រាសាទព្រះខ័នក្នុងដំណាក់កាលទី១។…