Catégorie : ព័ត៌មាន


  • ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុល និងដំឡើងកាំជណ្ដើរថ្មីនៅច្រកខាងកើត ប្រាសាទមេបុណ្យខាងកើត ដើម្បីលើកតម្លៃ និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ​ចូលទស្សនា​ប្រាសាទនេះកាន់តែប្រសើរ។ ជាមួយនេះដែរ ដើម្បីសម្រួលកុំឱ្យ​អាក់ខាន​ចូលទស្សនាប្រាសាទ ក្រុមភ្នាក់ងារទេសចរណ៍ សហការជាមួយក្រុមការងារ​សម្អាតបរិស្ថាន HCC Angkor បានសម្អាតរុក្ខជាតិនិងកាត់ស្មៅ ត្រង់ចំណុច​ ច្រកខាងត្បូងជាន់ទីមួយ​នៃប្រាសាទមេបុណ្យខាងកើត ខណៈដែលជណ្ដើរច្រកចូលខាងកើត កំពុងជួសជុល កែលម្អ និងលើកតម្លៃឡើងវិញ។ អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌

  • នៅថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសិក្ខាសាលាស្តីអំពី ”ការងារអភិរក្ស និងបច្ចេកទេសជួសជុលថ្ម នៅរមណីយដ្ឋានប្រាសាទកោះកេរ” ក្រោមអធិបតីភាពឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ លោកសាស្ត្រាចារ្យ Dr. Hans Leisen ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងអ្នកជំនាញជាតិ អន្តរជាតិ មកពីអជ្ញាធរជាតិសំបូរព្រៃគុក សារមន្ទីរជាតិភ្នំពេញ អភិរក្សដ្ឋានអង្គរ ស្ថាប័ន World Monument Fund និងស្ថានប័ន GIZ។ សិក្ខាកាមចូលរួមក្នុងសិក្ខាសាលានេះមានចំនួនសរុប ៣៥នាក់ ដែលមានការសម្របសម្រួលកម្មវិធីដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយរងអាជ្ញាធរជាតិព្រះវិហារ។ ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ពីអ្នកជំនាញជាតិ និងអន្តរជាតិ លើវិធីសាស្រ្តក្នុងការងារអភិរក្ស ជួសជុល និងការប្រើប្រាស់សម្ភារ សម្រាប់អនុវត្តនៅប្រាសាទបល្ល័ង្កត្បូង និងប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរនាពេលខាងមុខ។ ជាលទ្ធផលដែលទទួលបានពីសិក្ខាសាលានេះ គឺបានទទួលធាតុចូល និងអនុសាសន៍ល្អជាច្រើនពីអ្នកជំនាញអភិរក្ស…

  • គម្រោងដេញថ្លៃ ការសាងសង់វិទ្យាស្ថានស្រាវជ្រាវ និងអប់រំសិល្បៈ និងវប្បធម៌ នៅទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាមរយៈមូលនិធិពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ INVITATION FOR BIDS The Korean Foundation for International Cultural Exchange (KOFICE) intends to invite foreign and local eligible Bidders for the Project for the “Proposals Competition for design service and supervision the Establishment of the Arts and Culture Education Research Institute, Cambodia.” https://www.phnompenhpost.com/invitation-bids-125

  • ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា កំពុងជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។ បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងថា ការជួសជុលនេះ ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ ហើយក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។ លោកស្រី វិជ្ជាសច្ចរ៉ា មានប្រសាសន៍ទៀតថា កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង។ ក្រុមការងារបានចាប់ផ្ដើមកិច្ចការដំបូង គឺសិក្សាទៅលើសម្រង់ប្លង់ ចុះបញ្ជីលេខ ស្វែងរកថ្ម ការផ្គុំថ្ម ថាតើថ្មចេញពីប្រភពណា? បន្ទាប់ពីផ្គុំចេញរូបរាងរួចហើយ ទើបក្រុមការងារសិក្សាទៅលើគ្រឹះ ថាតើគួរជុសជុស ឬគួររើ គួរពង្រឹងដើម្បីយកទៅដាក់កន្លែងដើមវិញឬក៏យ៉ាងណា? ក្រៅពីនេះក្រុមការងារបានធ្វើការទល់ទ្រដំបូលកណ្ដាលកុំឱ្យរលុះធ្លាក់ថែមទៀតផង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ ហាប់ គឹមអាន/ លោកស្រី ភិន វិជ្ជាសច្ច

  • ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមារញឹកជួសជុលខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។ លោក សូរ ប៉ោត ជាបុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ដោយសារកត្តាអាយុកាលធ្វើឱ្យរចនាសម្ពន្ធឥដ្ឋផ្នែកខ្លះនៃខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើតប្រឈមនឹងបញ្ហាជ្រុះធ្លាក់ និងដួលរលំ។ ដោយមើលឃើញនូវស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរា បានទល់ទ្រជញ្ជាំងឥដ្ឋដែលនៅសេសសល់សងខាង ដើម្បីទប់លំនឹងនៃតួខ្លោងទ្វារទាំងមូល ដែលកំពុងតែមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនឹងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះស្នាមឥដ្ឋប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារទឹកកុំឱ្យជ្រាបចូលបន្តទៀត។ លោកលោក សូរ ប៉ោត ឱ្យដឹងទៀតថា កត្តាដែលធ្វើឱ្យខ្លោងទ្វារនេះខូចខាតខ្លាំង គឺដោយសារទឹកភ្លៀងជ្រាបចូល។ បញ្ហាសំណើមក៏ធ្វើឱ្យជញ្ជាំងពុកផុយខ្លាំង និងរុក្ខជាតិដែលដុះនៅពីលើក៏ធ្វើឱ្យគ្រឹះស្រុតបណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ ក្នុងពេលដែលខ្លោងទ្វារខាងកើតរបស់ប្រាសាទមេបុណ្យខាងកើតកំពុងមានហានិភ័យនៃតួប៉មនេះ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានសម្រង់ប្លង់ កំណត់សម្គាល់ទីតាំងដែលមានហានិភ័យ និងពង្រឹងគ្រឹះ គ្រឹបខ្សែកាប ធ្វើរន្ទាខាងក្នុងដើម្បីជួយអបលំនឹង។ មកដល់ពេលនេះ ការសង្គ្រោះពង្រឹងខ្លោងទ្វារខាងជើងរបស់ប្រាសាទមេបុណ្យខាងកើតសម្រេចបាន៥០ភាគរយហើយ។ សូមបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារខាងជើងប្រាសាទមេបុណ្យខាងកើត បានឆ្លងយោបល់ពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរផងដែរ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក សូរ ប៉ោត/ ភោគ ជា

  • លិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សែនមហានក្ខតឬក្សចម្រើនជន្មាយុគម្រប់ ៧១ ឈានចូល ៧២ឆ្នាំ ។

  • នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ព្រះសង្ឃព្រះចៅអធិការវត្តមរតកតេជោបុរីស្វរ:​ អាជ្ញាធរជាតិព្រះវិហារ បញ្ជាការដ្ឋានអង្គរក្ស វរសេនាតូច៣៧១ អាជ្ញាធរ និងសហគមន៍មូលដ្ឋាន លោកគ្រូ/អ្នកគ្រូ និងសិស្សានុសិស្សមកពីបឋមសិក្សា សម្តេចតេជោស្រះក្តុល អនុវិទ្យាល័យហ៊ុន សែន ស្រះក្តុល ប្រមាណ ៤៥៦នាក់​ បានរួមគ្នាដាំកូនកូនឈើចំនួន២០០០ដើម នៅក្នុងបរិវេណវត្តតេជោបុរីស្វរៈ​ រួមមានប្រភេទដើមត្របែកព្រៃ គ្រញូង ធ្នង់ ក្ងោក និងដើមឥន្ធនេល​ ក្នុងគោលបំណងបង្កើនសោភ័ណភាព បរិស្ថាន លេីកកម្ពស់ការយល់ដឹងអំពីសារសំខាន់ព្រៃឈេី​ និងសម្រាប់ជាម្លប់ដល់សាធារណ:ជន។

  • នៅព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារបានរៀបចំព្រឹត្តិការណ៍ដាំឈើក្នុងតំបន់អភិរក្ស នៃរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងនោះមានកូនឈើសរុប៧០០ដើម រួមមាន ក្រញូង ធ្នង់ បេង និងត្របែកព្រៃ ដែលជាប្រភេទឈើរងការគំរាមកំហែង និងឈើលម្អ។ ព្រឹត្តិការណ៍ដាំឈើនេះ ចូលរួមដោយ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ សិស្សានុសិស្សចំនួន ៥០នាក់ រួមជាមួយលោកនាយកសាលា មកពីអនុវិទ្យាល័យ ហ៊ុន សែន ស្រះក្តុល។ កម្មវិធីនេះជាផ្នែកមួយនៃការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សក្នុងតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ឱ្យចេះស្រឡាញ់ទេសភាពធម្មជាតិនិងវប្បធម៌ និងចូលរួមថែរក្សាការពារព្រៃឈើទាំងអស់គ្នា ក្រោមពាក្យស្លោក ប្រាសាទ និងព្រៃឈើ គឺជាធនធានទេសចរណ៍វប្បធម៌ប្រវត្ដិសាស្រ្ដ និងធម្មជាតិ។ ថ្លៃងក្នុងពេលសំណេះសំណាលជាមួយសិស្សានុសិស្ស ឯកឧត្តម ឃូ អៀងហួត បានមានប្រសាសន៍ថា អាជ្ញាធរជាតិព្រះវិហារ តែងយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព្រៃឈើ និងដាំស្តារឡើងវិញដើម្បីប្រែក្លាយតំបន់រេចរឹលនេះឱ្យមានគម្របព្រៃឡើងវិញ រហូតមកដល់បច្ចុប្បន្ននេះ កូនឈើជាង78,000ដើម ក្នុងចំណោម35ប្រភេទ…

  • កាលពីថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យបេក្ខភាពជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន ដែលហៅកាត់ថា JDS ចំនួន២៦រូប ដែលមកពី១៥ស្ថាប័ន ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ណែនាំមុននឹងចេញទៅសិក្សានៅប្រទេសជប៉ុននាខែសីហាខាងមុខនេះ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានធ្វើការកើតសរសើរ និងអបអរសាទរដល់បេក្ខភាពជ័យលាភីទាំង២៦រូប ដែលមានចំណេះដឹងនិងសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងរហូតទទួលបានអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុនដើម្បីទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតលើមុខវិជ្ជាចំនួន៨ផ្សេងៗគ្នា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៦។ បន្ថែមពីនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់បេក្ខភាពជ័យលាភីទាំងអស់ឱ្យប្រឹងប្រែងតស៊ូរៀនសូត្រ រៀនសម្របខ្លួនក្នុងមជ្ឈដ្ឋានរស់នៅថ្មី និងយកចំណេះដឹង បទពិសោធន៍ដែលទទួលបានពីការសិក្សានៅប្រទេសជប៉ុនមកចែករំលែកដល់យុវជនកម្ពុជាជំនាន់ក្រោយឱ្យបានដឹងនិងស្វែងយល់បន្ថែម៕