លិខិតរំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនលោកស្រី គង់ ពន្លឺ ចំពោះមរណភាពរបស់លោក ទុយ សុវណ្ណារ៉ា អនុប្រធានសាលាតូរ្យតន្ត្រី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៦:១៥នាទីព្រឹក ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។
នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីប្រុងពាលីតាមប្រពៃណីសាសនា ដើម្បីត្រៀមសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ ១៩១៨ នៅសួនច្បារមុខស្ថានទូតបារាំង។ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ ១៩១៨ ត្រូវអនុញ្ញាតឲ្យរៀបចំសាងសង់ដោយសម្តេចតេជោនាយករដ្ឋមន្រ្តីតាមសំណើរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដឹកនាំសាងសង់ដោយ ឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ចាប់ខែមករា ឆ្នាំ២០២៣ កន្លងមក។ វិមាននេះ នឹងត្រូវសម្ពោធជាផ្លូវការនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃបុណ្យជាតិបារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបួងសួងថ្លែងអំណរគុណទសបារមី ដែលបានជួយបីបាច់ថែរក្សា លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី និងនាយទាហានស្ម័គ្រចិត្ត ចូលរួមសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីបេីកបិទ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លេីកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលេីកទី១២ ឆ្នាំ២០២៣។ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥១៣ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំពិធីបួងសួងថ្លែងអំណរគុណទសបារមី ដែលបានជួយបីបាច់ថែរក្សា លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី និងនាយទាហានស្ម័គ្រចិត្ត ចូលរួមសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីបេីកបិទ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លេីកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលេីកទី១២ ឆ្នាំ២០២៣ កន្លងទៅ ទទួលបាននូវជោគជ័យ និងសេចក្ដីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណ:កម្មាធិការជាតិ CAMSOC នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីនេះក៏មានការចូលរួមផងដែរពីលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្សានុសិស្ស និងនាយទាហាន ដែលបានស្ម័គ្រចិត្តចូលរួមសម្ដែងសិល្បៈទស្សនីយភាព ក្នុងព្រឹត្តិការណ៍បេីកបិទ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លេីកទី៣២…
ថ្ងៃអង្គារ ៩ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំមានកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង “Safeguarding World Heritage Site Archives in South-East Asia” ជាមួយលោក Andrew Henderson (International Documentary Heritage Expert) នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ។ គម្រោងនេះពិភាក្សាពីការបង្កើតបណ្ដាញគ្រប់គ្រងឯកសារ រក្សាទុកទិន្នន័យ និងគ្រប់គ្រងបណ្ណសារនៅតំបន់បេតិកភណ្ឌពិភពលោក។ លើសពីនេះ បានពិភាក្សាពីការគ្រប់គ្រងឯកសារគម្រោង ប្លង់ រូបថត វីដេអូឯកសារ កំណត់ហេតុប្រចាំថ្ងៃ និងរបាយការណ៍បច្ចេកទេសតាមនាយកដ្ឋាននីមួយៗ ដើម្បីរក្សាទុកក្នុងបណ្ណសារដែលគ្រោងរៀបចំនៅពេលខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ស្វែងរកឯកសារ។ ក្រោយពីកិច្ចប្រជុំរួចលោក Andrew Henderson បានចុះត្រួតពិនិត្យទីតាំងរក្សាទុកឯកសារតាមនាយកដ្ឋានមួយចំនួនដូចជានាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ចជាដើម។ បន្ទាប់មកអ្នកជំនាញការបានអញ្ជើញទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ…
ក្រោយពីទទួលបានភាពជោគជ័យនៃការចាក់បញ្ចាំងនូវខ្សែភាពយន្តរឿង “ទីក្រុងខ្មោច” នៅរាជធានីភ្នំពេញជាមួយនឹងសមិទ្ធករ និងតារាសម្តែងហូលីវូដ លោក MATT DILLON ឥឡូវនេះលោកនឹងនាំខ្សែភាពយន្តមួយនេះទៅខេត្តកំពតដែលជាទីតាំងនៃការផលិតទស្សនីយភាពនានាក្នុងខ្សែភាពយន្តរបស់លោកកន្លងមក។ នៅថ្ងៃពុធ ទី១២ ខែកក្កដានេះ រឿង“ទីក្រុងខ្មោច”នឹងត្រូវបានយកទៅចាក់បញ្ចាំងម្តងទៀតក្រោមវត្តមានរបស់លោកMATTDILLONផ្ទាល់ រួមជាមួយនឹងការពិភាក្សាអំពីខ្សែភាពយន្តបន្ថែមទៀត ដែលមានវត្តមានរបស់តារាសម្តែងកញ្ញា រ៉េតសារីតាផងដែរ។ កុំអោយឱកាសនេះកន្លងផុតទៅអោយសោះ!!! ជួបគ្នាឆាប់ៗណា៎!!! ចំណាំ៖ ការចាក់បញ្ចាំងរបស់ពួកយើងគឺនឹងប្រព្រឹត្តឡើងនៅទីវាល នោះក៏មានន័យថាចំនួនកន្លែងមានកំណត់។ យ៉ាងណាមិញ អ្នកនៅតែអាចចូលរួមបានដោយគ្រាន់តែយក កន្ទេល ឬកម្រាលអង្គុយផ្ទាល់ខ្លួនមក។ កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១២ ខែកក្កដា វេលាម៉ោង 6:00ល្ងាច ទីតាំង៖ មាត់ទន្លេកំពត( ទល់មុខនឹង The Moon Kampot Boutique) ព័ត៌មានបន្ថែម៖ Mr. Chandara So (+855 89 971 411) Google Map link: https://maps.app.goo.gl/p343gGePShQmBKBv8?g_st=it
នាព្រឹកថ្ងៃពុធ ១០ រោច ខែបឋមសាឍ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតំណាងដោយលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ ជាមួយនឹងសមាគមជំរុញឧស្សាហកម្មកម្ពុជា-ចិន តំណាងដោយលោកឧកញ៉ា តឹង ភីពីង ប្រធានសមាគមជំរុញឧស្សាហកម្មកម្ពុជា-ចិន។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែជិតសិ្នទ្ធបន្ថែមទៀតរវាងដៃគូរដ្ឋ និងឯកជន ក្នុងការជំរុញការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរតាមរយៈការបង្កើតព្រឹត្តការណ៍សិល្បៈ ការរៀបចំតាំងពិព័រណ៌គំនូរវិចិត្រកម្ម ការរៀបចំសិក្ខាសាលាដើម្បីចែករំលែកបទពិសោធន៍ ជំរុញការអភិវឌ្ឍសិល្បៈវប្បធម៌ ដើម្បីឲ្យស្របតាមបរិបទឧស្សាហកម្មទេសចរណ៍ វប្បធម៌ និងការបង្កើតថ្មី៕ អត្ថបទ៖នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព៖លោក ត្រឡុង បូរិន
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប មាន៖ វិទ្យាល័យអង្គរ វិទ្យាល័យ១០មករា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានមកធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានប្រសាសន៍ក្នុងឱកាសនោះថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយដៃគូរអន្តរជាតិ មន្ទីរអប់រំយុវជននិងកីឡា បានបង្កើតឱ្យមានកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន ដែលមានទីតាំងក្នុងតំបន់បេតិកភណ្ឌ ចាប់តាំងពីអំឡុងឆ្នាំ២០០៧មក ក្នុងនោះមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ លោកបន្តថា កម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់ខេត្តសៀមរាប ត្រូវជ្រើសរើសតំបន់ពីរផ្សេងគ្នា មាន៖ តំបន់ប្រាសាទបាគង និងសង្កាត់ក្របីរៀល ក្នុងគោលបំណងចង់ឱ្យសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយ បានស្គាល់អំពីប្រវត្តិសាស្ត្រ នងសហគមន៍ដែលខ្លួនរស់នៅក្នុងតំបន់បេតិភណ្ឌ។…
អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យហាវ៉ៃ រួមនិងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក បានសហការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវរួមគ្នាមួយនៅទីទួលវិហារបុរាណស្ថិតនៅទិសនិរតីមិនឆ្ងាយប៉ុន្មានពីប្រាង្គប្រាសាទអង្គរវត្ត។ ការស្រាវជ្រាវនេះ ធ្វើឡើងដើម្បីសិក្សាអំពីទួលមនុស្សរស់នៅក្នុងទីក្រុងអង្គរផង ព្រមទាំងចង់ដឹងថា តើមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងសហគមន៍ទីក្រុងនៅពេលមានការផ្លាស់ប្ដូរសាសនា និងការប្តូរទីក្រុងពីតំបន់អង្គរទៅភាគខាងត្បូងផង។ លោកបណ្ឌិត ហេង ពិភាល់ បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវពេលនេះ គឺធ្វើឡើងនៅលើរចនាសម្ពន្ធនៃខឿនព្រះវិហារបុរាណ។ រចនាបថសន្លឹកសីមាអាចឱ្យយេីងកំណត់អាយុកាលទួលវិហារនេះទៅអំឡុងសតវត្សរ៍ទី១៤ ដល់ទី១៦ ដូច្នេះ ព្រះវិហារពុទ្ធសាសនាថេរវាទបុរាណនេះ គេកសាងនៅក្នុងបរិវេណប្រាសាទដែលឧទ្ទិសទៅដល់អាទិទេពធំនៃព្រហ្មញ្ញសានា គឺព្រះវិស្ណុ ឬព្រះនារាយណ៍។ បណ្ឌិតរូបនេះបញ្ជាក់ទៀតថា តាមការស្រាវជ្រាវពីមុនបង្ហាញថា នៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺជាកូនក្រុងមួយរបស់រាជធានីអង្គរ ដូច្នេះហើយទើបខ្មែរយើងអ្នកសៀមរាបហៅថា «អង្គរតូច»។ កូនក្រុងនេះ មានប្រព័ន្ធទួល ស្រះ និងផ្លូវខ្វាត់ខ្វែងជាក្រឡាចត្រង្គនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។ ប្រសិនជាមើលតាមស្នាមក្រឡាចត្រង្គរបស់ក្រុងនេះ យើងឃើញថា ទួលព្រះវិហារធ្វើនៅលើទួលដែលធ្លាប់ជាទួលផ្ទះមានមនុស្សរស់នៅតាំងពីសតវត្សរ៍ទី១២មកម៉្លេះ។ ដូច្នេះហើយ អ្នកស្រាវជ្រាវចម្រុះស្ថាប័នចង់ដឹងថា តើទីតាំងមនុស្សរស់នៅកន្លែងនេះ អាចបន្សល់នូវភស្តុតាងអ្វីខ្លះទាក់ទងជាមួយនិងការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញ និងពុទ្ធសាសនាមហាយានទៅជាពុទ្ធសាសនាថេរវាទនៅចុងសម័យអង្គរ ដែលស្រុកខ្មែរកំពុងតែប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ? គេដឹងថា ជាយូរមកហើយអ្នកភូមិ អ្នកក្រុងអង្គរ ធ្លាប់គោរពបូជាលទ្ធិព្រហ្មញ្ញសាសនា ដូច្នេះ សំណួរពីក្រុមអ្នកស្រាវជ្រាវគឺថា តើខឿនព្រះវិហារព្រះពុទ្ធសាសនានៅក្នុងបរិវេណប្រាសាទអង្គរវត្តនេះ គេធ្វើឡើងដើម្បីអ្វី? សម្រាប់អ្នកណា? ឬមួយក៏នៅអំឡុងសតវត្សរ៍ទី១៣-១៤ ទីក្រុងអង្គរបានដូរពីការគោរពព្រហ្មញ្ញសាសនាមកកាន់ពុទ្ធសាសនាថេរវាទនៅក្នុងពេលដែលទីក្រុងអង្គរនៅមានប្រជាជនរស់នៅច្រើននៅឡើយនោះ? ឬព្រះវិហារនេះគេកសាងនៅសម័យក្រោយនាសតវត្សរ៍ទី១៦ នៅពេលដែលព្រះអង្គច័ន្ទយាងមកក្រុងអង្គរវិញ?…
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វសំពោចក្រអូប(Common palm civets) មួយគូ(ញី១ និងឈ្មោល១) ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោងនឹង ដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១៥ក្បាល(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៥ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៨ក្បាល(កើតកូនបានចំនួន៥ក្បាល) សត្វឆ្មារដាវ(Leopard Cat) ចំនួន២ក្បាល កេងកងតូច(Oriental Pied Hornbill) ចំនួន៧ក្បាល កេងកងធំ(Great Hornbill) ចំនួន៦ក្បាល ព្វាំង(Wreathed Hornbill) ចំនួន៧ក្បាល សត្វក្ងោក(Peafowl) ចំនួន៩ក្បាល សត្វអន្សង(Common Water Monitor) ចំនួន១ក្បាល…
ថ្ងៃអាទិត្យ ៧ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុករមណីយដ្ឋានប្រាសាទកោះកេរ បានដឹកនាំ លោកអនុប្រធាននាយកដ្ឋាន មន្ត្រី ភ្នាក់ងារអភិរក្សព្រៃឈើ ពលករអនាម័យ ឆ្មាំ ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស នៃអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីនគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌ មេភូមិ និងប្រជាជនភូមិកោះកេរ សរុបចំនួន ៦៥នាក់ បានប្រារព្ធពិធីរុក្ខទិវា ដោយដាំកូនឈើ ១០ប្រភេទ សរុបចំនួន ៥០០កូន តាមដងផ្លូវចូលរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីលើកកម្ពស់សោភ័ណភាពបៃតងតាមដងផ្លូវ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃឈើ បណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ ការពារបរិស្ថាន និងចេះថែរក្សាព្រៃឈើ។