Catégorie : ព័ត៌មាន


  • នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណចំនួន៧៧បន្ថែមទៀត ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ដើម្បីធ្វើការថែរក្សា និងអភិរក្សបន្ត។ ដោយវត្ថុបុរាណទាំង៧៧នោះ ខ្លះនៅរក្សាបានរូបរាងពេញ និងខ្លះទៀតបានបែបបាក់ជាបំណែក មានដូចជា៖ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននាសម័យបុរាណ មានកុលាលភាជន៍ ឧបករណ៍សម្រាប់ដាក់ទឹក និងម្ហូបអាហារផ្សេងៗ គ្រឿងអលង្ការដូចជា៖ កងដៃ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដូចជា៖ កាំបិត ពូថៅ និងចានជាដើម។ លោក ណក់ បូរុន ជាអ្នកប្រកបរបររកស៊ីមួយរូប រស់នៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា វត្ថុបុរាណមានចំនួន៧៧នេះ វត្ថុខ្លះលោកបានទិញបន្តពីប្រជាពលរដ្ឋ និងខ្លះទៀតប្រជាពលរដ្ឋបានប្រគល់ជូនលោកយកមករក្សាទុកបន្ត ដែលមានប្រភពនៅក្នុងខេត្តសៀមរាបខ្លះ និងមកពីខេត្តបន្ទាយមានជ័យខ្លះ។ ប៉ុន្តែលោកមិនបានដឹងអំពីអាយុកាលនៃវត្ថុនីមួយៗឡើយ ការរក្សាទុកនេះដោយយល់ថា វត្ថុទាំងនោះ ជារបស់មានតម្លៃពីបុរាណគួរបន្តថែរក្សា។ លោកបន្តថា ក្រោយទទួលបានព័ត៌មានពីមិត្តភ័ក្ត្ររបស់លោកថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលថែរក្សា និងអភិរក្សវត្ថុសិល្បៈពីបុរាណ មិនឱ្យបាត់បង់នោះ លោកក៏ស្ម័គ្រចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សាបន្ត ទុកជាមរកតសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។ លោក ណក់ បូរុន បញ្ជាក់ទៀតថា ក្រោយពេលមកដល់សារមន្ទីរ បានឃើញការតាំងបង្ហាញវត្ថុពីបុរាណជាច្រើនរាប់រយប្រភេទ ត្រូវបានថែរក្សាយ៉ាងល្អប្រសើរបែបនេះ លោកពិតជាសប្បាយរីករាយ…

  • ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែក និងព្យាបាលដើមនិងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើត​ប្រាសាទតាព្រហ្ម។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានលើកឡើងថា ដើមស្ពង់ចំណាស់ដែលក្រុមការងារលោកកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ស្កាត់ហានិភ័យ។ លោកបន្តថា ប្រសិនកង្វះខាតការ ថែទាំដិតដល់ ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា ព្រោះតួដើម និងឫសរបស់វាដុះជាប់យ៉ាងជិតស្និទ្ធជាមួយប្រាសាទ។ បន្ថែមពីនេះ ក៏អាចនឹងបាត់បង់សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ ដែលតែងឈរថតជានិច្ចនៅពេលបានមកដល់។ ក្រៅពីប្រយោជន៍ដូចជម្រាបខាងលើហើយ ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ ការពារខ្យល់បាំងប្រាសាទ ជាម្លប់ និងជាសោភ័ណភាពទាក់ទាញទេសចរមួយផ្នែកធំផងដែរ។ តួយ៉ាង ដើមស្ពង់ដែលកំពុងព្យាបាលខាងលើ គឺកម្រត្រូវបានទេសចរមើលរំលងណាស់។ ចំពោះការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើបានដំឡើងរន្ទាឡើងកាត់មែកផ្នែកខាងចុង ដែលពុកផុយ ចំណែកនៅផ្នែកឫស គេបានចាំងនិងចោះសាច់ស្អុយឬពុកផុយចេញ បន្ទាប់មកគេព្យាបាល​វាដោយប្រើជ័រទឹកលាយជាមួយខ្លាញ់គោ និងដីដំបូកបិទផ្ចិតរន្ធ។ ធ្វើដូច្នេះ គេអាចទប់ស្កាត់​ការពុកផុយ​បន្តទៀត និងអាចធ្វើអោយសាច់ដើមឈើដុះគ្របឡើងវិញផងដែរ។ នេះជាការលើកឡើង​របស់លោក គង់…

  • ក្រុមអ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បន្តគម្រោងជួសជុលថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ ក្នុងគោលបំណងពង្រឹងរចនាសម្ពន្ធ ដែលខូចខាត។ រុះរើថ្មដែលពុំមានសុវត្ថិភាពដោយផ្នែកៗដើម្បីរៀបបញ្ចូលកន្លែងដើមឱ្យមានសុវត្ថិភាពឡើងវិញ លើកតម្លៃ ថែរក្សា និងការពារស្នាដៃសំណង់ស្ថាបត្យកម្មខ្មែរឱ្យបានគង់វង្សយូរអង្វែង។ ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវលើការដ្ឋានជួសជុលរួតបាកាណ លោក ឃាម មុនី ឱ្យដឹងថា គម្រោងជួសជុលនៅរួតបាកាណនៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ នៅជ្រុងអាគ្នេយ៍ត្រូវបានបែងចែកជា៦ផ្នែក ដោយចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ស្ថាបត្យករដដែលបន្តទៀតថា ការងារជួសជុលពង្រឹងខឿននៅតាមជ្រុងនីមួយៗបានចំនួន២ទីតាំង បច្ចុប្បន្នសម្រេចបាន៤០ភាគរយហើយ។ លោក ឃាម មុនី ពន្យល់ថា ក្នុងទីតាំងនីមួយៗមានបាត់ថ្មដោយអន្លើតម្រូវឱ្យបន្ថែមថ្មថ្មី ដើម្បីពង្រឹងរចនាសម្ពន្ធខឿន រួមទាំងជណ្តើរឱ្យរឹងមាំឡើងវិញ។ ចំពោះថ្មចាស់ ដែលរកឃើញក៏នឹងយកទៅដាក់នៅតាមទីតាំងដើមវិញ។ ក្រុមការងាររៀបចំថ្មដែលក្រៀកហែក សម្អាតកំណកដី សម្អាតកំណកអាចម៌សត្វដែលនាំឱ្យថ្មពុកផុយ ពង្រឹងថ្មបាយក្រៀមផ្នែកខាងក្នុង បិទភ្ជិតកន្លែងមានទឹកហូរច្រោះ។ ដោយសារថ្មមួយចំនួនមើលពីខាងក្រៅមើលឃើញសភាពល្អ តែបានពុកផុយផ្នែកខាងក្នុង ដែលជាការស្មុគ្រស្មាញលើការងារជួសជុល៕ អត្ថបទ: លោក យី សុថា រូបភាព: លោក ភោគ ជា

  • អាជ្ញាធរជាតិអប្សរា សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាបារាយទឹកថ្លា ឬបារាយខាងលិច សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ទុកដាក់សំរាមគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ចៀសវាងចោលសំរាមផ្តេសផ្តាស ពាសវាលពាសកាល ដូចជា ក្នុងទឹក លើដី តាមគុម្ពព្រៃជាដើម។ នៅពេលដែលថង់ប្លាស្ទិក ឬដបភេសជ្ជៈទាំងអស់ដែលបានប្រើប្រាស់រួចហើយ ត្រូវវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចោលនៅក្នុងធុងសំរាម ទើបជាការរក្សាបរិស្ថានបានស្អាតជានិច្ច លើកតម្លៃ និងជាការចូលរួមថែរក្សាបរិស្ថាននៅរមណីយដ្ឋានអង្គរ៕

  • គោកអាចម៌ដែក ឬគោកដើមត្នោត ស្ថិតនៅក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ​ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី ធ្វើការស្ទង់មេីល​ទីតាំង​ឡ​មុននឹងធ្វើការកំណាយសិក្សាស្រាវជ្រាវ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា គោកអាចម៌ដែកនេះ ជាទីតាំងជើងក្រានស្លដែកបុរាណមួយ ដែលស្ថិតនៅក្នុងឧទ្យានអង្គរ ជាស្ថានីយថ្មីមួយទើបរកឃើញ។ មានភស្តុតាងមួយចំនួនដូចជា សំណល់អាចម៍ដែក បំណែកជើងក្រាននៅលើស្ថានីយផ្ទាល់ និងទំនៀមអ្នកស្រុកស្រែចង្ហូតយកអាចម៍ដែកទៀកិនធ្វើជាថ្នាំព្យាបាលជំងឺអកលឿង នោះនាំឱ្យអាចសន្និដ្ឋានថា ទីតាំងនេះជាកន្លែងស្លដែកបុរាណមួយដែលមានយ៉ាងសំខាន់ក្នុងរាជធានីអង្គរនាសម័យខ្មែរបុរាណ។ លោកបានបន្តទៀតថា កន្លងមកអ្នកស្រាវជ្រាវបានរកឃើញស្ថានីយជើងក្រានស្លដែកបុរាណនៅឆ្ងាយពីរាជធានីអង្គរភាគខាងកើតដូចជា ស្ថានីយស្លដែកនៅភ្នំដែក(ខេត្តព្រះវិហារ) ស្ថានីយស្លដែកនៅតំបន់ខ្វាវ ក្នុងស្រុកជីក្រែង ភូមិគោលនៅស្រុកអង្គរជុំ។ ប៉ុន្តែពេលនេះ យើងបានសិក្សាស្រាវជ្រាវរកឃើញស្ថានីយស្លដែកនៅក្នុងឧទ្យានអង្គរតែម្តង។ ឧស្សាហកម្មស្លដែកពីសម័យបុរាណមានសារសំខាន់ណាស់ក្នុងការផ្គត់ផ្គង់តម្រូវការលោហៈសម្រាប់ផលិតជាសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារកសិកម្ម អាវុធយុទ្ធភណ្ឌ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតសម្រាប់ប្រជាជនប្រហែល៨០ម៉ឺននាក់ក្នុងរាជធានីអង្គរពីសម័យបុរាណ។ គួរបញ្ជាក់ផងថា នៅក្នុងឧទ្យានអង្គរគេបានរកឃើញស្ថានីយឡស្លដែកចំនួនបីកន្លែង៖ ស្ថានីយទី១ នៅក្បែរសាលាក្រវ៉ាន់ខាងជើងភ្នំបូក ក្នុងភូមិរំចេក ស្ថានីយទី២ នៅគោកអាចម៌ដែកក្បែរភ្នំបូកក្នុងភូមិស្រែចង្ហូត និងទី៣ នៅស្ថានីយត្រពាំងឫស្សីខាងត្បូងភ្នំបូក តាមបណ្តោយផ្លូវជាតិលេខ៦៧៕ អត្ថបទ៖…

  • នៅថ្ងៃអង្គារ ១០កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំកម្ពុជា លើគម្រោង “ការពង្រឹងសមត្ថភាពក្នុងវិស័យ អប់រំផ្សព្វផ្សាយ ស្រាវជ្រាវនិងបោះពុម្ព សម្រាប់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង” ឆ្នាំ២០២៣-២០២៦។ គម្រោងនេះ រៀបចំឡើងក្នុងគោលបំណង ផ្ដល់កិច្ចសហប្រតិបត្តិការនិងជំនួយហិរញ្ញវត្ថុដល់សារមន្ទីរទួលស្លែង ក្នុងវិស័យអប់រំផ្សព្វផ្សព្វផ្សាយ ស្រាវជ្រាវនិងបោះពុម្ព ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ សូមរម្លឹកថា ចាប់ពីឆ្នាំ២០១៨មក សារមន្ទីរទួលស្លែង ទទួលបានកិច្ចសហការជាមួយ មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំកម្ពុជា លើសកម្មភាពរៀបចំសិក្ខាសាលា “យុវជន និងការកសាងសន្តិភាព” ដោយផ្តោតសំខាន់លើការរួមគ្នាផ្សព្វផ្សាយប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ប្រវត្តិមន្ទីរស-២១ ការផ្សះផ្សាផ្លូវចិត្តតាមរយៈសាសនា និងការកសាងសន្តិភាព។

  • ចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍ បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញ ជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់ រយៈពេលមួយឆ្នាំពេញ។ លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋ មកថែរក្សា និងអភិរក្ស សារមន្ទីរនឹងពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដា ខាងមុខនេះ នឹងធ្វើការបង្ហាញ កុលាលភាជន៍ ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតង ដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡ កំដៅចន្លោះពី១,០០០ទៅ១,២០០អង្សាសេ។ ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។លោកបន្តថា ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការៈសម្រាប់បញ្ចុះនៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈ មានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា។ ដូចនេះបើសិនជាសាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវ អាចអញ្ជើញមកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ ច្បាស់អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ ដោយមានមន្ត្រីជំនាញធ្វើបទបង្ហាញជូនអំពីព័ត៌មានថ្មីៗ ទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម…

  • ការរៀបចំពិធីអបអរសាទរខួបលើកទី១៥ នៃការចុះប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក(២០០៨-២០២៣)នៅលើប្រាសាទព្រះវិហារនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។

  • នាថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មការជាតិ យូណេស្កូ កម្ពុជានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ ក្រុម ការងារ លេខាធិការដ្ឋាននៃគណៈ កម្មាធិការជាតិស្មារតីចងចាំ ពិភពលោក រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ស្ដីពី «ការបង្កើត ទម្រង់ ពាក្យស្នើសុំ និងបែបបទណែនាំដើម្បីសុំចុះ បេតិកភណ្ឌ ឯកសារក្នុងបញ្ជី ស្មារតីចងចាំពិភពលោកថ្នាក់ជាតិ» នៅសាល អង្គរវត្ត នៃក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំអញ្ជើញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ប្រធាន និងអគ្គលេខាធិការ នៃគណៈកម្មាធិការស្មារតី ចងចាំពិភពលោក ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក, ប្រធានអនុគណៈកម្មាធិការចុះបញ្ជី…

  • អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» ក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើជំនាញស្រាវជ្រាវបុរាណវិទ្យាដល់មន្រ្តី-បុគ្គលិក និងកម្មករឱ្យមានជំនាញលើការស្រាវជ្រាវវិធីសាស្រ្តក្នុងការរៀបចំទុកដាក់ភស្តុតាងបានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ មន្រ្តី-បុគ្គលិក និងកម្មករជំនាញដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ មានចំនួន៣៧នាក់ ផ្តោតលើមាតិកាសំខាន់ៗដូចជា ទី១.សារសំខាន់បុរាណវិទ្យាចំពោះការស្វែងយល់ពីប្រវត្តិសាស្រ្ត ទី២.វិធីមើលស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៣៖ សារសំខាន់ស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៤.ចុះសិក្សាផ្ទាល់នៅការដ្ឋានកំណាយសំខាន់ៗនៅក្នុងតំបន់អង្គរ វិធីធ្វើកំណាយ របៀបកត់ត្រាស្រទាប់ដី និងថតរូប និងទី៥.សារសំខាន់នៃកំណាយបុរាណវិទ្យា និងបុរាណវត្ថុដែលប្រទះឃើញ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនេះ មានប្រាសាសន៍ថា បើទោះបីវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី តែបានផ្តល់ជាគន្លឹះយ៉ាងសំខាន់បន្ថែមទៀតសម្រាប់មន្រ្តី-បុគ្គលិកផ្នែកបុរាណវិទ្យា និងកម្មករជំនាញដែលធ្វើការផ្ទាល់នៅតាមការដ្ឋាន និងបានសិក្សានូវទ្រឹស្តីបន្ថែមដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពត្រឹមត្រូវតាមស្តង់ដារតែមួយ។ ជាពិសេស អ្នកដែលធ្វើការផ្ទាល់នៅតាមប្រាសាទមានស្លាកសញ្ញាព័ត៌មានផ្សេងៗ។ ដូច្នេះ វគ្គបណ្តុះបណ្តាលនាពេលនេះ ប្រៀបបានការបន្ថែមចំណេះដឹងឱ្យបានដឹងពីសញ្ញាណទូទៅនៃបុរាណវិទ្យា និងសញ្ញាណទូទៅនៃប្រវត្តិសាស្រ្ត។ សូមជម្រាបថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី-បុគ្គលិក ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងក្នុងកិច្ចការអភិរក្ស ជួសជុសបុរាណដ្ឋានក្នុងតំបន់អង្គរឱ្យកាន់តែប្រសើរឡើង ដោយមានទាំងគ្រូជំនាញជាតិ និងអន្តរជាតិមកបង្រៀន។ លើសពីនោះ…